រថភ្លើង២គ្រឿងបុកគ្នាទាំង​កំរោល

​​​អ៊ី​តា​លី ​៖ មនុស្ស​មិន​តិច​ជាង​១២​នាក់​បាន​​ស្លាប់ និង​​ជា​ច្រើន​នាក់​ទៀត​​បាន​រង​របួស ​នៅ​ក្នុង​​ហេតុការណ៍​រថភ្លើង​​២គ្រឿង​បុក​​គ្នាពេញទំហឹង ស្ថិតនៅ​ប៉ែក​ខាងត្បូង​នៃ​ប្រទេស​អ៊ី​តា​​លី​ ជិត​ទីក្រុង​បា​រ៉ី (Bari) នា​​ថ្ងៃទី១២ កក្កដា ២០១៦ ។

តាម​ប្រភព​ព័ត៌មាន​​ពី Metro.co.uk ឱ្យដឹង​ថា រថភ្លើង​ទាំង​២​នេះ ​បាន​រត់​លើ​ខ្សែ​តែ​មួយ​​តែ​ទិស​ដៅ​ផ្ទុយ​គ្នា ​ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​​បុក​គ្នា​ឡើង​រួញ ហើយ​​ក្បាល​​រថភ្លើង​វិញ ​គឺ​ត្រូវ​បាន​ខ្ទេច​ទាំងស្រុង​​មើល​លែង​យល់​ ។

គួរ​បញ្ជាក់​​ថា ខ្សែ​ផ្លូវដែក​កើតហេតុ​ខាងលើ ជា​ផ្លូវដែក​តែ​មួយ​​នៅ​ទីក្រុង​បា​រ៉ី ដែល​ត្រូវ​បាន​រថភ្លើង​​លើស​ពី​២០០​ខ្សែ​ រត់​ឆ្លងកាត់​ជា​រៀង​រាល់​ថែ្ង​ ។ តែ​គេ​ឃើញ ផ្លូវដែក​មួយ​​ខ្សែ​ទៀត ​ដែល​កំពុង​តែ​ស្ថិត​នៅ​ក្រោម​ការ​​សាងសង់ ក្នុង​គោលបំណង​បញ្ជៀ​ស​គ្រោះថ្នាក់​កើតឡើង​ជា​​ចៃដន្យ​ ។

អ្នក​ដែល​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​​ថា ទូរ​រថភ្លើង​មួយ​ចំនួន​​ត្រូវ​បាន​ខ្ទេច​ម៉ត់​ទាំង​ស្រុង និង​ជន​រង​គ្រោះជា​ច្រើន​ កំពុង​តែ​ត្រូវ​បាន​គេ​ស្វែងរក​ក្នុង​កម្ទេចកំទី​នោះ​ ។

នាយក​រដ្ឋមន្ត្រី​អ៊ី​តា​លី លោក Matteo Renzi បានថ្លែង​ថា គ្រោះថ្នាក់​បុក​គ្នា​រវាង​រថភ្លើង​និង​រថភ្លើង​​នេះ គឺជា​ហេតុការណ៍​ដ៏​សង្វេគ​​មួយ និង​ទាមទារ​ឱ្យ​មានការ​ស៊ើបអង្កេត​រក​មូលហេតុ​ឱ្យ​បាន​ច្បាស់លាស់ ​៕