អាមេរិក​បន្ថែម​ទ័ព​ទៅ​អ៊ីរ៉ាក់ ដើម្បី​ជួយ​រំដោះ​ក្រុង Mosul ពី​ក្រុម​រដ្ឋ​ឥស្លាម​ និពន្ធដោយ : តន ចាន់​រិ​ទ្ធា​រ៉ា       July-12-2016, 9:39 pm         40

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អាមេរិក​បន្ថែម​ទ័ព​ទៅ​អ៊ីរ៉ាក់ ដើម្បី​ជួយ​រំដោះ​ក្រុង Mosul ពី​ក្រុម​រដ្ឋ​ឥស្លាម​​សហរដ្ឋអាមេរិក បាននិងកំពុង​បង្កើន​ប្រតិបត្តិការ​យោធា​របស់ខ្លួន ប្រឆាំងនឹង​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ ដោយ​នឹង​បញ្ជូន​ទ័ព​ជាច្រើន​បន្ថែមទៀត​ទៅកាន់​ប្រទេស​នេះ​។ អាមេរិក នឹង​បង្កើន​សកម្មភាព​របស់​ខ្លួន ក្នុង​គោលដៅ​ជួយ​កងទ័ព​អ៊ីរ៉ាក់ ដែល​កំពុង​រៀបចំ​បើក​យុទ្ធនា​ការរំដោះ​ទីក្រុង Mosul នៅពេល​ខាងមុខ​។

សូមស្ដាប់ព័ត៌មានលម្អិត៖

​រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក Ash Carter ប្រកាសថា កងទ័ព​ជាច្រើន​រយ​នាក់ នឹងត្រូវ​បញ្ជូន​ទៅកាន់​អ៊ីរ៉ាក់ ដើម្បី​បង្កើន​យុទ្ធនាការ​កម្ទេច​ក្រុម​ជ្រុលនិយម​រដ្ឋ​ឥស្លាម​។ លោក Carter ប្រកាស​ដូចនេះ នៅ​ថ្ងៃទី​១១ ខែកក្កដា ក្នុង​ដំណើរ​ទៅកាន់​រដ្ឋធានី បា​ក់ដាដ ។ នៅ​អ៊ីរ៉ាក់ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក បាន​ជួប​ជាមួយ​មេបញ្ជាការ​កងទ័ព​អាមេរិក និង​ជួប​នាយករដ្ឋមន្ត្រី លោក Haider al-Abadi ក៏ដូចជា​សម​ភាគី លោក Khaled al-Obeidi ផងដែរ​។​

​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters កងទ័ព​បន្ថែម​៥៦០​នាក់ នឹង​ពង្រាយ​នៅ​មូលដ្ឋាន​អាកាស Qayara ដែល​កងកម្លាំង​អ៊ីរ៉ាក់ ទើប​ដណ្ដើមបាន​ពី​ក្រុម​ជ្រុលនិយម​។ មូលដ្ឋាន​នេះ នឹងត្រូវ​ប្រើ​ជាទី​តាំង សម្រាប់​យុទ្ធនា​ការប្រយុទ្ធ​រំដោះ​ទីក្រុង Mosul ពីការគ្រប់គ្រងរ​បស់​សកម្មជន​រដ្ឋ​ឥស្លាម​។

​ថ្លែង​ទៅកាន់​កងទ័ព​អាមេរិក រដ្ឋមន្ត្រី​ការពារជាតិ​រូបនេះ និយាយថា ជាមួយនឹង​កងទ័ព​ស​ហ​រដ្ឋ​អាមេរិក ដែល​លោក​បញ្ជាក់​ពេលនេះ អាមេរិក នឹងមាន​សមត្ថភាព​កាន់តែខ្លាំង ក៏ដូចជា ជា​កម្លាំង​គាំទ្រ​សំខាន់​សម្រាប់​កងទ័ព​អ៊ីរ៉ាក់ ក្នុងការ​ប្រយុទ្ធ​គ្នា​ខាងមុខ​។ លោក​បន្តថា កងកម្លាំង​បន្ថែម ត្រៀមខ្លួន​រួចរាល់​ហើយ ហើយ​ពួកគេ អាច​នឹង​មកដល់​តែ​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ ឬ​សប្ដាហ៍​ខាងមុខ តែ​មិន​ដល់​រាប់​ខែ​ទេ​។

​នៅមុន​ទៅដល់​អ៊ីរ៉ាក់​បន្តិច លោក Carter ប្រាប់​អ្នករាយការណ៍​ព័ត៌មាន​ថា អាមេរិក នឹង​កែប្រែ​មូលដ្ឋាន​នេះ ទៅជា​មជ្ឈមណ្ឌល​ភស្តុភារ​ទ័ព​។ ចំណែក​លោក​ឧ​ត្ត​ម​សេនីយ៍ Sean MacFarland ដែលជា​មេបញ្ជាការ​សម្ព័ន្ធមិត្ត​ប្រឆាំងនឹង​ក្រុម​រដ្ឋ​ឥស្លាម នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ បញ្ជាក់ដែរថា កងកម្លាំង​បន្ថែម នឹង​ជួយ​ពង្រីក​មូលដ្ឋាន​អាកាស Qayara ដើម្បី​ជួយ​ទ្រទ្រង់ កងកម្លាំង​អ៊ីរ៉ាក់ ដែល​នឹង​បើក​ប្រតិបត្តិ​ការរំដោះ​ទីក្រុង Mosul​។​

​សូម​បញ្ជាក់ដែរថា បន្ទាប់ពី​រំដោះ​ទីក្រុង Fallujah បានមក នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់ បានប្រកាស​ឲ្យ​កងកម្លាំង​របស់ខ្លួន ត្រៀមកម្លាំង​សម្រាប់​ប្រតិបត្តិការ​មួយទៀត គឺ​រំដោះ​ទីក្រុង Mosul ដែលជា​ទីក្រុង​ធំជាងគេ​ទី​ពីរ​របស់​អ៊ីរ៉ាក់​។ យ៉ាងណាក្ដី ទាំង​អាមេរិក ទ័ព​សម្ព័ន្ធមិត្ត និង​មន្ត្រី​ចារកម្ម​ផ្សេងទៀត​ព្រមាន​ថា ក្រៅពី​កងកម្លាំង​ពិសេស​ប្រឆាំង​ភេរវកម្ម កងទ័ព​អ៊ីរ៉ាក់ នៅ​មិនទាន់​ត្រៀមខ្លួន​ប្រយុទ្ធ​នឹង​សកម្មជន​រដ្ឋ​ឥស្លាម​នៅ Mosul ទេ ប្រសិនបើ​គ្មាន​ការគាំទ្រ​ពី​សកម្មជន​ឃឺ​ដ និង​ក្រុម​ស៊ី​អ៊ី​ត​ទេនោះ​៕