អាជីវករ​ត្អូញត្អែរ​ក្នុង​រឿងលើក​ស្លាក​យីហោ​ត្រូវ​បង់ប្រាក់​ឲ្យ​ពន្ធដារ​ផង​ និង​បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ RKS​ ផង​


​អាជីវករ​លក់ដូរ​នៅ​រាជធានី​ភ្នំពេញ​ដែល​បាន​លើក​ស្លាក​យីហោ​ បាន​នាំ​គ្នា​ត្អូញត្អែរ​ថា​ ត្រូវ​ចំណាយ​ប្រាក់​បង់​ឲ្យ​អង្គភាព​ពន្ធដារ​ជា​ស្ថាប័នរដ្ឋ​ផង​ និង​ត្រូវ​បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​មួយ​ឈ្មោះ​ RKS​ Import​ Export​ Co.,​ Ltd.​ ដែល​ជា​ក្រុមហ៊ុន​មាន​សិទ្ធិ​ប្រមូល​ចំណូល​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​រាជធានី​ភ្នំពេញ​ផង​ ជា​ហេតុ​ធ្វើ​ឲ្យ​បន្ទុក​ចំណាយ​មានការ​កើនឡើង​ បង្ក​ផល​ប៉ះពាល់​ដល់​ដំណើរការ​លក់ដូរ​រកស៊ី​ចិញ្ចឹមជីវិត​យ៉ាងធ្ងន់ធ្ងរ​ ។​

​បុរស​អ្នក​លក់ដូរ​ម្នាក់​បាន​លាន់មាត់​ថា​ ស្លាក​យីហោ​តែ​មួយ​ត្រូវ​បាន​ចំណាយ​ប្រាក់​បង់​ទៅ​ឲ្យ​អង្គភាព​ពន្ធដារ​ជា​ស្ថាប័នរដ្ឋ​ផង​ និង​ត្រូវ​ចំណាយ​ប្រាក់​បង់​ឲ្យ​ទៅ​ក្រុមហ៊ុន​ RKS​ មួយ​កម្រិត​ធ្ងន់​ទៀត​ផង​ ទាំង​ឈឺចាប់​ ពីព្រោះ​ការ​ខិតខំ​ប្រឹងប្រែង​លក់ដូរ​ ហាក់ដូច​បាន​ត្រឹម​ចំណាយ​លុយ​បង់​លើ​ "​ស្លាក​យីហោ​"​ប៉ុណ្ណោះ​ ។​

​ក្រុម​អាជីវករ​បាន​សំណូមពរ​ចំពោះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ មេត្តា​គិតគូរ​ពិចារណា​ឡើង​វិញ​ផង​ ក្នុង​រឿង​បង់ប្រាក់​លើ​ស្លាក​យីហោ​ គឺ​គប្បី​បង់ប្រាក់​ត្រឹម​ឲ្យ​ទៅ​អង្គភាព​ពន្ធដារ​បាន​ហើយៗ​បើ​តម្រូវ​ឲ្យ​បង់ប្រាក់​ទៅ​ឲ្យ​ក្រុមហ៊ុន​ RKS​ មួយ​ជាន់​ទៀត​ ប្រៀបប្រដូច​ទៅ​នឹង​ការ​ដាក់បន្ទុក​ឲ្យ​ប្រជាពលរដ្ឋ​ទាំង​ការ​ឈឺចាប់​ ។​

​តាម​ប្រភព​ព័ត៌មាន​មួយ​ចំនួន​បាន​ឲ្យ​ដឹង​ថា​ ក្រុមហ៊ុន​ RKS​ Import​ Export​ Co.,​ Ltd.​ គ្រប់គ្រង​ដោយ​លោក​ សេង​ រិ​ទ្ធី​យ៉ា​ ទទួល​បាន​សិទ្ធិ​ម៉ៅ​ការ​គ្រប់គ្រង​ចំណូល​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ក្នុង​រាជធានី​ភ្នំពេញ​រយៈពេល​១០​ឆ្នាំ​ ក្រោម​រូបភាព​មិន​ដេញថ្លៃ​ប្រកួតប្រជែង​ជា​សាធារណៈ​ប្រកបដោយ​តម្លាភាព​ឡើយ​ ៕​ 

អាជីវករ​ត្អូញត្អែរ​ក្នុង​រឿងលើក​ស្លាក​យីហោ​ត្រូវ​បង់ប្រាក់​ឲ្យ​ពន្ធដារ​ផង​ និង​បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ RKS​ ផង​

អាជីវករ​ត្អូញត្អែរ​ក្នុង​រឿងលើក​ស្លាក​យីហោ​ត្រូវ​បង់ប្រាក់​ឲ្យ​ពន្ធដារ​ផង​ និង​បង់ប្រាក់​ឲ្យ​ក្រុមហ៊ុន​ឯកជន​ RKS​ ផង​

Related