សុរា​ចូលខ្លួន វាយ​ប្រពន្ធ​២​ដៃ​ស្លាប់​នៅ​នឹង​កន្លែង

ខេត្តកំពង់ឆ្នាំង ៖ ស្ត្រី​ជា​ប្រពន្ធ បាន​ស្លាប់​នៅ​កន្លែង​កើតហេតុ ចំណែក​បុរស​ជា​ប្តី​ត្រូវ​បាន​ចាប់ខ្លួន ក្នុងអំពើ​ហិង្សា​ប្តី​វ៉ៃ​ប្រពន្ធ ។ ហេតុការណ៍​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ភូមិ​គុយ ឃុំ​ដា ស្រុក​កំពង់លែង ខណៈ​បុរស​ជា​ប្តី​ស្រវឹងស្រា​។ សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ បូ ភ័​ណ្ឌ អាយុ​៤៧​ឆ្នាំ ចំណែក​បុរស​ជា​ប្តី​មានឈ្មោះ សួង វុ​ធ អាយុ​៤៥​ឆ្នាំ គ្រួសារ​នេះ​មានកូន​៦​នាក់ កូនពៅ​អាយុ​៨​ឆ្នាំ និង​មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ បុរស​ជា​ប្តី ដែលមិន​ទាន់​ស្វាង​ស្រា​ពី​ល្ងាច បាន​ទាស់សម្ដី​ជាមួយ​ប្រពន្ធ​ខ្លាំង​ៗ មិនដឹង​រឿង​អ្វី​ច្បាស់​ទេ  តែ​គ្រាន់តែ​ដឹង​ថា ប្តី​ស្រវឹង ហើយ​ក៏​បាន​ទះ​ប្រពន្ធ​មួយ​ដៃ និង​វ៉ៃ​មួយ​ដៃ​ទៀត ចំ​ក​ញ្ចឹ​កក បន្ទាប់​មក​បាន​អូស​ទម្លាក់​ពីលើ​គ្រែ មក​ដី រួច​បុរស​ជា​ប្តី​បាន​ដើរ​ចេញ​ទៅ​ផឹក​ផ្ទះ​គេ​បាត់​ទៅ ។ ពេល​នោះ​បាន​អ្នក​ជិតខាង ទៅ​លើក ប្រពន្ធ​ឡើង​ទើប​ដឹង​ថា ប្រ​ព​ន្ឋ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

បន្ទាប់​មក​ទើបរ​ត់ទៅ​ប្រាប់​បុរស​ជា​ប្តី ហើយ​ភ្លាម​នោះ ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​តែ​ម្តង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​វាយ​ប្រពន្ធ​ស្លាប់​មែន ព្រោះ​ស្រវឹង បានជា​ជ្រុលដៃ​បែប​នេះ​។ សមត្ថកិច្ច​បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ តុលាការ​ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់ ៕