ពិធីបិទវគ្គហ្វឹកហ្វឺន និងបំពាក់ឋានន្តរស័ក្កដល់កងទ័ព

ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៦ ឯកឧត្តមនាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ព ជើងគោក អមដំណើរដោយឯកឧត្តមឧត្តមសេ​នីយ៍ឯក ប៊ុន សេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៥ ព្រមទាំង​ឯកឧត្តម មេបញ្ជាការរង នាយរងសេនាធិការ បញ្ជាការដ្ឋានទ័ពជំនាញ កងទ័ពជើងគោក បាន​អញ្ជើញជាអធិបតីភាព ក្នុងពិធីបំពាក់ឋានន្តរស័ក្តិ តែងតាំងមុខងារនាយទាហាន និងបិទវគ្គ​ហ្វឹកហ្វឺន បំប៉នពង្រឹងវរសេនាតូចលេខ៥៣៣ នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ ស្ថិតនៅភូមិកំប្រង់ ឃុំតាគ្រៃ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

អញ្ជើញចូលរួមក្នុងពិធីមាន លោក​អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង ខេត្តប៉ៃលិន លោកមេបញ្ជាការរងនាយរង សេនាធិ​ការយោធភូមិភាគទី៥ មេបញ្ជាការ បណ្តាកងឯកភាពចំណុះ មន្ត្រីរាជការ នាយ ពលទាហាន និងកម្មសិក្សាការី សរុបចំនួន៥៤០នាក់ ដោយមានលោកឧត្តមសេនីយ៍ទោ ជា ភួងភិរម្យ មេ​បញ្ជាការកង​ពលតូចថ្មើរជើងលេខ៥៣ បានមានមតិស្វាគមន៍ និងថ្លែងអំណរអរគុណយ៉ាង​ជ្រា​លជ្រៅជាទី​បំផុតចំពោះឯកឧត្តម នាយឧត្តមសេនីយ៍ ព្រមទាំងប្រតិភូអមដំណើរ ដែលបាន​លះបង់ពេល​វេលាដ៏មានតម្លៃ អញ្ជើញផ្តល់កិត្តិយស ដល់កងឯកភាព។

មានប្រសាសន៍ សំណេះ​សំណាល ក្នុងឳកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខ និងសេចក្តីនឹករលឹក​របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនែព្រះរាជាណាចក្រកម្ពុជា និងសម្តេច កិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ការពារជាតិ ថ្នាក់ដឹកនាំអគ្គបញ្ជាការ ដល់មេបញ្ជាការ បណ្តាកងឯកភាព មន្ត្រីរាជការ អាជ្ញាធរ​ដែនដី  ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងអស់ និងបានផ្តាំផ្ញើដល់អង្គពិធី ត្រូវយកចិត្តទុក​ដាក់អនុវត្តគោរពអនុវត្តអនុសាសន៍ ខ្លឹមសារ៦ចំណុច បទបញ្ជាបស់សម្តេចតេជោឲ្យបាន​ម៉ឹងមាត់បំផុត ហើយបន្តពង្រឹង របៀបការពារជាតិ ការពារសន្តិសុខ សុវត្ថិភាពជូនប្រជា​ពល​រដ្ឋ ចូលរួមក្នុងសកម្មភាព ភូមិ ឃុំ មានសុវត្ថិភាពត្រៀមបម្រុងកម្លាំងជួយប្រជាពលរដ្ឋរង​គ្រោះដោយគ្រោះធម្មជាតិ ទន្ទឹមនឹងការកសាងកងឯកភាពរឹងមាំ។

ឯកឧត្តម នាយឧត្តម​សេនី​យ៍ បានផ្តល់កិត្តិយសបំពាក់ឋានន្តរស័ក្តិ ថ្នាក់ឧត្តមសេនីយ៍ទោ ចំនួន២រូប ថ្នាក់ឧត្តមសេនីយ៍​ត្រីចំនួន០៤រូប និងប្រកាសតែងតាំងមុខងារចំនួន០២រូប ព្រមទាំងផ្តល់ប័ណ្ណសរសើរ បញ្ជាក់ការសិក្សាដល់កម្មសិក្សាការីទាំងអស់ ព្រមទាំងឧបត្ថម្ភថវិកា ចំនួន១៥លានរៀល ដល់អង្គ​ពិធីទាំងមូល៕