កុមារី​ម្នាក់ ត្រូវ​បាន​ឪពុក ម្តាយ​យក​ទៅ​បំបរបង់​ចោល​លើ​ភ្នំ​សំពៅ

កុមារី​ម្នាក់ ត្រូវ​បាន​ឪពុក ម្តាយ​យក​ទៅ​បំបរបង់​ចោល​លើ​ភ្នំ​សំពៅ



បាត់ដំបង ៖ កុមារី​ម្នាក់​ដែល​ទើប​តែ​មាន​អាយុ​ប្រមាណ​ជាង​៣​ឆ្នាំ ត្រូវ​បាន​ឪពុក ម្តាយ​ចិត្ត​មា យក​ទៅ​បំបរបង់​ចោល​នៅ​ក្នុង​ព្រៃ លើ​ខ្នងភ្នំ​គួរ​ឲ្យ​សង្វេគ ដែល​តំបន់​នេះ​ពោរពេញ​ដោយ​សត្វ​ស្វា​ព្រៃ​ជាច្រើន​ផង តែ​ជា​សំណាងល្អ​ត្រូវ​បាន​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច​ប្រទះឃើញ​មុន​ពេល​សត្វ​ស្វា​ធ្វើ​សកម្មភាព​ហែក​ចែកគ្នា​ស៊ី។

លោក ម៉ី ឆេង​លី មេ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល ភ្នំ​សំពៅ បាន​បញ្ជាក់​ថា ហេតុការណ៍​នេះ​គឺ​ត្រូវ​បាន​ប្រជាពលរដ្ឋ ដែល​ជា​ភ្ញៀវ​ទេសចរណ៍ ព្រមទាំង​សមត្ថកិច្ច​ដែល​កំពុង​ធ្វើ​ការ ចេញ​ល្បាត​បាន​ប្រទះឃើញ​ក្មេង​ស្រី​ម្នាក់ ដែល​មាន​អាយុ​ប្រមាណ​ជាង​៣​ឆ្នាំ ត្រូវ​បាន​ឪពុក​ម្តាយ​ចិត្ត​តិរច្ឆាន​យក​ទៅ​បំបរបង់​ចោល នៅ​លើ​កំពូលភ្នំ​សំពៅ កាលពី​វេលា​ម៉ោង៨ និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា ឆ្នាំ​២០១៦ ដែល​ទីតាំង​នេះ ស្ថិត​ក្នុង​ភូមិភ្នំ​សំពៅ​លិច ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ខេត្ត​បាត់ដំបង។

លោក​មេ​ប៉ុស្តិ៍​បាន​បន្ត​ថា ការ​ប្រទះឃើញ​នេះ​ គឺ​កុមារី​ត្រូវ​បាន​គេ​ចង​កន្សែង​ធ្វើជា​អង្រឹង​ដាក់​ឲ្យ​ដេក​នៅ​ទីនោះ​តែ​ម្នាក់​ឯង ព្រមទាំង​មាន​របស់របរ​ក្មេង​លេង​មួយ​ចំនួន​នៅក្បែរ​អង្រឹង​នោះ​ផង ដូច្នេះ​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ជា​ខ្លាំង ដោយ​គ្មាន​អ្នកណាម្នាក់​នៅក្បែរ​នឹង​កុមារី​នេះឡើយ។

បើ​តាម​ប្រភព​មួយ​ចំនួន​ដែល​លក់ដូរ​នៅ​ជើងភ្នំ​បាន​និយាយ​ថា នៅ​ម៉ោង​ប្រហែលជា​៧​ព្រឹក មុន​ពេល​កើតហេតុ​មួយសន្ទុះ គេ​បាន​ឃើញ​មាន​ម៉ូតូ​សង់​កូរ៉េ​មួយ​គ្រឿង ដែល​មាន​មនុស្ស​ប្រុស​ជិះ​គ្នា​ពីរ​នាក់ បាន​ឌុប​គ្នា​ជិះ​ឡើង​ទៅលើ​ខ្នងភ្នំ​សំពៅ​នេះ ព្រមទាំង​មាន​ក្មេង​ស្រី​រូប​នេះ​នៅ​អង្គុយ​ចំ​កណ្តាល​ផង ដោយ​គេ​មិនបាន​ដឹងថា ជន​ទាំងពីរ​នាក់​នេះ​យក​ក្មេង​ទៅ​បំបរបង់​ចោល​បែបនេះ​សោះ រហូត​ដល់ពេល​មានការ​ភ្ញាក់ផ្អើល​ទើប​ដឹង។

បញ្ហា​នេះ​លោក​មេ​ប៉ុស្តិ៍​បាន​សង្កត់ធ្ងន់​ថា កុមារី​រូប​នេះ​គឺជា​មនុស្ស​មិន​គ្រប់​លក្ខណៈ​ដោយ​ជើង ដៃ​កម្រើក​មិន​រួច និង​ដើរ​ ឬ​ លូន​ក៏​មិន​បាន​ដែរ សូម្បីតែ​និយាយ​ក៏​មិនកើត​ដោយ​ចេះតែ​យំ​តែ​ម្យ៉ាង​ប៉ុណ្ណោះ ហើយក៏​ជា​សំណាងល្អ​ដែរ ព្រោះ​បើ​ទុក​តែ​បន្តិចទៀត​ដោយ​គ្មាន​អ្នកណា​ឃើញ​ទេនោះ កុមារី​រូប​នេះ​ប្រាកដជា​ក្លាយទៅជា​ចំណី​សត្វ​ស្វា​ព្រៃ​ជាមិនខាន ព្រោះ​នៅ​លើ​ខ្នងភ្នំ​សំពៅ​នា​ពេល​បច្ចុប្បន្ន សំបូរ​ដោយ​សត្វ​ស្វា​យ៉ាង​ច្រើន​ផង។

ក្រោយពេល​កើតហេតុ​គេ​មិនបាន​ដឹង​ថា ​កុមារី​រូប​នេះ​គឺជា​មនុស្ស​រស់នៅ​ក្នុង​ភូមិ ឃុំ​ណា​នោះ​ទេ ដោយសារតែ​ក្មេង​ស្រី​រូប​នេះ មិន​ចេះ​និយាយ ដោយ​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឲ្យ​អាជ្ញាធរ​ឃុំ ដើម្បី​នាំ​យក​ទៅ​ដាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា ខេត្ត​បាត់ដំបង​ហើយ ដោយ​នៅ​ទីនោះ​មាន​អ្នក​មើលថែ​បាន​ល្អ៕