យន្ដហោះ​ស៊ីវិល​ចុះ​ចត​ច្រឡំ​ព្រលាន… ក្នុង​មូលដ្ឋាន​យោធា!

អ្នកបើកបរយន្ដហោះស៊ីវិល របស់ក្រុមហ៊ុន «Delta Airlines» បានបង្ហោះយន្ដហោះរបស់ខ្លួន ទៅចុះចត​នៅ​លើ​ព្រលាន​យន្ដហោះ របស់មូលដ្ឋានយោធារបស់អាមេរក «US Air Force» ដោយហេតុបានច្រឡំ​ព្រលាន​យន្ដហោះ​ធំ​​នេះ ទៅ​ព្រលាន​យន្ដហោះ​តូច​មួយ​ទៀត ដែលស្ថិតនៅក្បែរនោះ។ នេះ​សំណាង​ល្អហើយ​ ដែលកងទ័ព​អាមេរិក មិន​បាន​គិត​ថា យន្ដហោះ​មាន​​បំណង​​ធ្វើ​​ភេរវកម្ម ដូចជា​បង្ហោះ​មកបុក​កំទេច​មូលដ្ឋាន​របស់​ខ្លួន​នោះ។
យន្ដហោះ​ស៊ីវិល​ចុះ​ចត​ច្រឡំ​ព្រលាន... ក្នុង​មូលដ្ឋាន​យោធា!

យន្ដហោះប្រដេញ របស់កងទ័ពអាមេរិកាំង នៅក្នុងមូលដ្ឋានយោធារបស់ខ្លួន។ (រូបថតឯកសារ)

ស្រុកអ្នកមាន សង់ព្រលានយន្ដហោះច្រើនពេក និងនៅក្បែរៗគ្នា ទាល់តែអ្នកបើកបរយន្ដហោះ ចុះចត​យាន​របស់​ខ្លួន​ខុសព្រលាន! នេះ សំណាងហើយ ដែលអ្នកដំណើរទាំង១៣០នាក់ នៃជើងហោះហើរ​លេខ​​«2845» របស់​យន្ដហោះនៃក្រុមហ៊ុន «Delta Airlines» មិនមានរងរបួស ឬជួបគ្រោះថ្នាក់អ្វី។ តែទាំងអ្នកដំណើរ ទាំង​អ្នក​បើកបរយន្ដហោះ ត្រូវបានបង្ខាំងទុក (បិទទាំងបង្អួចយន្ដហោះ) ឲ្យអង្គុយនៅស្ងៀម​នៅក្នុងយន្ដហោះ ប្រមាណ​ជា៣ម៉ោង ដើម្បីអនុញ្ញាតឲ្យកងទ័ពអាមេរិក ប្រដាប់ដោយអាវុធ និងមានជំនួយពីសត្វឆ្កែផង ចូល​ទៅ​ឆែកឆេរ​គ្រប់​កន្លែងទាំងអស់។

ហេតុការណ៍បានកើតឡើង នៅយប់ថ្ងៃព្រហស្បត្តិ៍កន្លងទៅ នៅក្នុងយន្ដហោះអ៊ែរប៊ូស (Airbus A320) របស់​ក្រុមហ៊ុន «Delta Airlines» ដែលហោះភ្ជាប់ទីក្រុង «Minneapolis» មកកាន់ទីក្រុង «Rapid City» ក្នុងរដ្ឋ «South Dakota» ភាគខាងជើងសហរដ្ឋអាមេរិក។ ប៉ុន្តែរឿងរ៉ាវដ៏ហួសចិត្តនេះ ទើបនឹងត្រូវបាន​សារព័ត៌មាន​តំបន់ យកមកផ្សាយក្នុងដើមសប្ដាហ៍នេះ។

យន្ដហោះ​ស៊ីវិល​ចុះ​ចត​ច្រឡំ​ព្រលាន... ក្នុង​មូលដ្ឋាន​យោធា!

រឿងរ៉ាវដែលកើតឡើង ដូចនៅក្នុងភាពយន្ដនេះ បណ្ដាល​មក​ពី​អ្នកបើកបរយន្ដហោះ បានបញ្ជាយានរបស់​ខ្លួន ឲ្យចុះចតខុសព្រលាន។ យន្ដហោះត្រូវចុះចត នៅព្រលានយន្ដហោះតំបន់ ដែលមានឈ្មោះថា «Rapid City Regional Airport»។ តែផ្ទុយទៅវិញ អ្នកដំណើរទាំងឡាយ បានភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយ​សារ​យន្ដហោះ​របស់​ខ្លួន បែរជាទៅ​ចុះចត នៅក្នុងព្រលានយន្ដហោះយោធាដ៏ធំ នៃមូលដ្ឋានកងទ័ពអាមេរិក ដែលមាន​ឈ្មោះ «Ellsworth US Air Force» ដែលមានចំងាយប្រមាណ​ជាង១០គីឡូម៉ែត្រ ពីព្រលានយន្ដហោះតំបន់​ទៅវិញ។

សារព័ត៌មានអង់គ្លេស «The Guardian» បានរាយការណ៍ដែរថា នោះបណ្ដាលមកពីផ្លូវចុះចត នៃព្រលាន​យន្ដហោះ​ទាំងពីរ មានទិសចុះចតដូចគ្នា ហើយពេលយប់ងងឹត អ្នកបើកបរអាច«ខ្វាក់មាន់» មើលឃើញ​ព្រលាន​ធំ ថាព្រលានយន្ដហោះតូចទៀត។

» រូបភាពពីលើអាកាស របស់ផ្លូវចុះចតយន្ដហោះ របស់ព្រលានទាំងពីរ៖

យន្ដហោះ​ស៊ីវិល​ចុះ​ចត​ច្រឡំ​ព្រលាន... ក្នុង​មូលដ្ឋាន​យោធា!

ក្រុមអ្នកបម្រើការ នៅលើយន្ដហោះទាំងអស់ ត្រូវបានអាជ្ញាធរកងទ័ពអាមេរិក ហៅទៅសួរចម្លើយ ខណៈពេល​ដែលអ្នកបើកបរ​ផ្សេងទៀត ត្រូវបានបញ្ជូនមកជំនួស ដើម្បីបញ្ជាយន្ដហោះ អ៊ែរប៊ូស ចេញពីមូលដ្ឋានយោធា នៅ៣ម៉ោងក្រោយ ដើម្បីហោះទៅកាន់ព្រលានយន្ដហោះតំបន់ ដែលប្រើរយៈពេល តែ១១នាទីប៉ុណ្ណោះ។

រឿងរ៉ាវនេះ បង្កការហួសចិត្ត តែមិនមែនជារឿងដែលកម្រកើតមាន នៅសហរដ្ឋអាមេរិកនោះទេ ហើយ​នៅ​ក្នុង​ករណីខ្លះ យន្ដហោះថែមទាំង​បានជួប​គ្រោះថ្នាក់​នោះថែមទៀត ដោយសារផ្លូវចុះចតនៃ​ព្រលាន​មួយ​ទៀត មាន​ចំងាយ​ខ្លីជាង ផ្លូវចុះចតនៃព្រលាន ដែលយន្ដហោះធ្លាប់ធ្វើការចុះចត៕

» វីដេអូបន្ថែម៖