អ្នក​ទោស​ហែក​គុក ដើម្បី​ជួយ​សង្គ្រោះ​អ្នក​យាម​ខ្លួន

ជនជាប់ឃុំចំនួន៨នាក់ ដែលមានដៃជាប់ខ្នោះ និងជើងជាប់ច្រវាក់ទាំងអស់ បានរុញទ្វាចំរឹងដែក នៃបន្ទប់​ឃុំឃាំង​របស់​ពួកគេ រហូតបានសម្រេច ដើម្បីចេញ​ទៅជួយ​សង្ក្រោះ​អ្នកយាមគុកមួយរូប ដែលបានរងគ្រោះ​យ៉ាងទាន់ហន់ នូវ​អាការៈ​គាំង​បេះ​ដូង។
អ្នក​ទោស​ហែក​គុក ដើម្បី​ជួយ​សង្គ្រោះ​អ្នក​យាម​ខ្លួន

ទិដ្ឋភាពនៃជនជាប់ឃុំទាំង៨នាក់ ដែលមានគាស់ទ្វា នៃបន្តប់ឃុំបានសម្រេច បានដើរចេញ មកជួយ​សង្គ្រោះអ្នក​យាមរបស់ខ្លួន។ (រូបផ្តិតពីវីដេអូ)

ទោះខ្លួនជាជនល្មើស ក៏អាចក្លាយជាវីរៈជនបានដែរ នៅថ្ងៃណាមួយ។ ដូចជាក្រុមអ្នកជាប់ឃុំ​នេះជាដើម ដែល​ខ្លួនសុទ្ធតែជាប់ខ្នោះដៃ ជាប់ច្រវាក់ជើង តែបានបង្ខំហែកគុកដាក់ពួកគេ ដើម្បីចេញទៅជួយសង្គ្រោះ អ្នក​យាម​គុក​ម្នាក់ ដែលរងគ្រោះនឹងអាការៈគាំងបេះដូង។ ហេតុការណ៍បានកើតឡើង នៅក្នុងតុលាការក្រុង «Parker» នៃ​រដ្ឋ​តិចសាស់ ភាគខាត្បូងសហរដ្ឋអាមេរិក កាលពីថ្ងៃទី២៣ ខែមិថុនាកន្លងទៅ ហើយត្រូវបានទូរទស្សន៍ «ABC» យកមករាយការណ៍ នៅចុងសប្ដាហ៍មុន។

អ្នកយាមគុក បានរងនូវអាការៈ ដែលអាចអស់ជីវិតនេះ និងបានដួលពីលើកៅអី ដូចដែលបានបង្ហាញ នៅក្នុង​រូបភាពនៃវីដេអូសុវត្ថិភាព របស់បន្ទប់ក្នុងតុលាការ។ នៅចំពោះហេតុការណ៍នេះ អ្នកជាប់ឃុំទាំង៨នាក់ ដែល​មានដៃជាប់ខ្នោះ និងជើងជាប់ច្រវាក់ បានស្ទុះងើបឡើង ហើយស្រែករកជំនួយ។ តែដោយមិនឃើញ​កិច្ច​អន្តរាគមន៍​ពី​សំណាក់មន្ត្រីអាជ្ញាធរផ្សេងទៀតនោះ ពួកគេទាំងនេះបានរុញទ្វាចំរឹង នៃបន្ទប់ឃុំឃាំង (ជាបន្ទប់​ឃុំ​ឃាំង​បណ្ដោះ​អាសន្ន នៅក្នុងតុលាការ) រហូតទ្វានេះរបើកឡើង។

អ្នកយាមគុករូបនោះ មានកាំភ្លើង និងសោរគុក (រួមទាំងសោរខ្នោះ) នៅជាប់នឹងខ្លួន...

ក្រុមអ្នកជាប់ឃុំ បានបន្តដាល់តប់ខ្លាំងៗ ទៅលើទ្វាមួយទៀត ដើម្បីបង្ខំឲ្យអ្នកដែលនៅជិត ឮការស្រែករកការ​សង្គ្រោះ​របស់​ខ្លួន។ អ្នកជាប់ឃុំម្នាក់ បានពន្យល់ប្រាប់ស្ថានីយទូរទស្សន៍ថា ពួកគេបានដឹងពីទំហំគ្រោះថ្នាក់ ដែល​​អាច​កើតមាន ទៅលើអ្នកយាមគុកម្នាក់នេះ និងមានការភ័យភិតយ៉ាងខ្លាំង នៅពេលដែលឃើញ​កង​កម្លាំង​​​យាម​គុក​ផ្សេង​ទៀត បានចូលមកក្នុងបន្ទប់នោះ ដោយតម្រង់ចុងកាំភ្លើង ដាក់ពួកគេ។

ចំណែកភ្នាក់ងារម្នាក់ ពីក្នុងចំណោមភ្នាក់ងារយាមគុកផ្សេងទៀត ដែលបានចូលទៅដល់ក្នុងបន្ទប់នោះ ក៏​បាន​ថ្លែង​ដែរ ពីការភ្ញាក់ផ្អើលដ៏ខ្លាំងរបស់ពួកគេ បន្ទាប់ពីបានចូលទៅក្នុងបន្ទប់ ហើយឃើញអ្នកជាប់ឃុំ​ទាំងអស់​នេះ នៅក្រៅចម្រឹងដែក និងអ្នកយាមម្នាក់ នៅដេកដួលផ្ទាល់ដី។ ជាពិសេសទៅទៀតនោះ គឺអ្នកយាម​គុក​ដែល​​រង​គ្រោះ​​នោះ មានកាំភ្លើង និងសោរគុក (រួមទាំងសោរខ្នោះ) នៅជាប់នឹងខ្លួនផង។ ផ្ទុយទៅវិញ ពីក្នុង​ចំណោម​​អ្នក​ជាប់​ឃុំទាំងនេះ មិនមាននរណាម្នាក់ មានគម្រោង ឬបំណងដើម្បីរត់គេចខ្លួនឡើយ តែបាន​ត្រឡប់​​ចូល​​ទៅ​​ក្នុង​​បន្ទប់​ចំរឹង​ដែកវិញ យ៉ាងស្ងៀមស្ងាត់។

» រឿងរ៉ាវលំអិត សូមទស្សនាវីដេអូខាងក្រោម (ជាភាសាអង់គ្លេស)៖