ព្យុងយ៉ាង​គម្រាម​ប្រើ​«សកម្មភាពពិត» ប្រឆាំង​ប្រព័ន្ធ​ការពារ​កាំជ្រួច

ក្រុងព្យុងយ៉ាង នឹងប្រើ«សកម្មភាពពិត»។ នេះជាប្រកាសឡើង របស់ប្រទេសកុម្មុយនីសកូរ៉េខាងជើង ប្រតិកម្ម​ប្រឆាំង​នឹង​​ប្រព័ន្ធ​ការពារ​កាំជ្រួច តម្លើង​ដោយ​សហរដ្ឋអាមេរិក នៅតាមបណ្ដោយព្រំដែន នៃប្រទេសកូរ៉េ​ខាងត្បូង។
ព្យុងយ៉ាង​គម្រាម​ប្រើ​«សកម្មភាពពិត» ប្រឆាំង​ប្រព័ន្ធ​ការពារ​កាំជ្រួច

ប្រព័ន្ធកាំជ្រួចធុនមធ្យម របស់ប្រទេសកូរ៉េខាងជើង។ (រូបថតឯកសារ)

កាលពីថ្ងៃចន្ទម្សិលម៉ិញ ប្រទេសកុម្មុយនីសកូរ៉េខាងជើង បានគម្រាមប្រើ«សកម្មភាពពិត»មួយ ប្រឆាំងនឹង​ប្រព័ន្ធ​ការពារ​កាំជ្រួច មានឈ្មោះ «THAAD» របស់អាមេរិក ដែលគ្រោងនឹងត្រូវតម្លើង នៅក្នុងប្រទេស​កូរ៉េ​ខាង​ត្បូង។

«សាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ (ឈ្មោះប្រទេសកូរ៉េខាងជើង) បានធ្វើប្រតិបត្តិការ នូវ​"សកម្មភាព​ពិត"មួយ ដើម្បីត្រួតពិនិត្យឲ្យបានពេញលេញ នូវប្រព័ន្ធ"THAAD" ហើយសកម្មភាពនេះ នឹង​កើត​មាន នៅ​ពេល​ដែល​ទីតាំង​​របស់ប្រព័ន្ធនេះ ត្រូវបានដឹងរួចហើយ» នេះ ជាការប្រកាសឲ្យដឹង របស់​មេ​បញ្ជាការ​របស់​កងទ័ព​កាំភ្លើង​ធំ នៃប្រទេសកូរ៉េខាងជើង តាមរយៈទីភ្នាក់ងារព័ត៌មានផ្លូវការ «KCNA» របស់​ប្រទេស​នេះ។

សេចក្ដីប្រកាសព័ត៌មានដដែលនោះ បានបន្តទៀតថា៖ «កងទ័ពកូរ៉េខាងជើង ដែលមានមធ្យោបាយគ្រប់គ្រាន និងទំនើបសម្បូរបែប ក្នុងការវាយលុកនោះ នឹងអនុវត្តន៍ នូវវិធានការខ្លាំងៗ ដែលមិនដែលធ្លាប់មាន និង​មាន​ឥទ្ធិពល​ជាង​គេបំផុត ប្រឆាំងនឹងសហរដ្ឋអាមេរិក ដែលមានបំណងចង់បញ្ឆេះសង្គ្រាម តាមយៈការ​ដាក់​ពង្រាយ ប្រព័ន្ធ​"THAAD"»។

មិនដឹងពេលណា...

ការប្រកាសនោះ ក៏បានព្រមានប្រទេសកូរ៉េខាងត្បូងដែរថា ការយល់ព្រមការដាក់ពង្រាយ នូវប្រព័ន្ធ​ការពារ​កាំជ្រួច នៅលើទឹកដៅរបស់ខ្លួន នឹងបង្កើនូវការ«បំផ្លាញខ្លួនឯងមួយ ដ៏វេទនាជាទីបំផុត»។

ព្យុងយ៉ាង​គម្រាម​ប្រើ​«សកម្មភាពពិត» ប្រឆាំង​ប្រព័ន្ធ​ការពារ​កាំជ្រួច

កាលពី​ចុង​សប្ដាហ៍មុន ប្រទេសអាមេរិក និងសម្ព័ន្ធមិត្ត កូរ៉េខាងត្បូង របស់ខ្លួន បានប្រកាសឲ្យដឹងថា ប្រព័ន្ធ​ការពារកាំជ្រួច «THAAD» ដែលជាអក្សរកាត់ ពីឃ្លាអង់គ្លេស «Terminal High Altitude Area Defence» និង​ដែល​ជាប្រព័ន្ធប្រឆាំងមីស៊ីល ដ៏ទំនើបជាងគេ​មួយ​នៅក្នុង​ពិភពលោក នឹងត្រូវតម្លើងនៅ​លើ​ទឹកដី​កូរ៉េ​ខាង​ត្បូង ដើម្បីទប់ទល់នឹង​ការគម្រាមទាំងឡាយ ដែលអាចកើតឡើង​ជាយថាហេតុ ពី​សំណាក់​​ប្រទេស​​កូរ៉េ​ខាង​ជើង។ ចំពោះ​ថ្ងៃ​ខែ និង​ទីកន្លែង​វិញ នៅមិនទាន់ប្រាប់​ឲ្យ​ដឹង​នៅ​ឡើយ។

យ៉ាងណាក៏ដោយ ក៏រាល់ការគម្រាមទាំងឡាយ របស់ប្រទេសកុម្មុយនីស កម្រ ឬមិនដែលត្រូវបានយក​មក​អនុវត្តន៍ ឲ្យចេញ​ជារូបរាងណាស់៕