ដាំ​ស្ល​ជំនាញ​ដែល​កាន់តែ​បាត់បង់​ក្នុង​ចំណោម​យុវវ័យ

យុវជន និង​យុវតី​កម្ពុជា​កាន់តែ​មាន​ចំនួន​តិច​ទៅ​ៗ​ចេះ​ធ្វើ​ម្ហូបអាហារ​សម្រាប់​ខ្លួនឯង និង​គ្រួសារ​។ ពិ​េ​សស​យុវជន និង​យុវតី​ភាគច្រើន​នៅ​ទីក្រុង​ភ្នំពេញ មិន​ចេះ​ធ្វើ​ម្ហូបអាហារ ឬ​ក៏​ខ្ជិល​តែ​ម្តង នៅ​ក្នុង​ការ​ដាំ​ស្ល​នេះ​។

ខ្មែរ​យើង​ច្រើន​តែ​សង្កត់ធ្ងន់​ថា មនុស្ស​ស្រី​ទាំងអស់​ត្រូវ​តែ​ចេះ​ដាំ​ស្ល ដើម្បី​អាច​ក្លាយជា​មេផ្ទះ​ដ៏​ល្អ​មួយ​។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ ជំនាញ​ដាំ​ស្ល​មាន​សារសំខាន់​សម្រាប់​មនុស្ស​គ្រប់​រូប​មិន​ថា​ប្រុស ឬ​ស្រី​ឡើយ​។

កន្លង​មក គេ​សង្កេត​ឃើញ​ថា បុរស​ខ្មែរ​ស្ទើរ​ទាំងអស់​មិន​ដែល​ចូល​ចង្ក្រាន​ធ្វើការ​ដាំ​ស្ល​សម្រាប់​ខ្លួនឯង​ឬ​គ្រួសារ​ទេ​។ ពួក​គេ​ពឹងផ្អែក​ទាំងស្រុង​ទៅ​លើ​មនុស្ស​ស្រី​ក្នុងផ្ទះ ឬ​ភរិយា​។

ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ចុះ គេ​សង្កេត​ឃើញ​ថា នា​ពេល​បច្ចុប្បន្ន​នេះ​យុវតី​កាន់តែ​ច្រើន​ឡើង​ៗ​បាន​ព្រងើយកន្តើយ​នឹង​ការ​ដាំ​ស្ល​នេះ​ផង​ដែរ​។ ជីវិត​រវល់​ប្រចាំ​ថ្ងៃ​ជាមួយ​ការងារ​ដ៏​មមាញឹក ជីវភាព​ធូរធា​ដែល​អាច​នាំ​ដល់​ការ​មាន​ចុងភៅ​ប្រចាំ​គ្រួ​សារបាន​ធ្វើ​អោយ​យុវតី​សម័យ​ថ្មី​កាន់តែ​ឃ្លាតឆ្ងាយ​ពី​ការ​ដាំ​ស្ល​នេះ​។

កា​ចេះ​ធ្វើ​ម្ហូប​ដោយ​ខ្លួនឯង​មិន​ត្រឹមតែ​ជួយ​ដល់់​យុវជន និង​យុវតី​នៅ​ក្នុង​ការ​សន្សំ​លុយ​ពី​ការ​ចំណាយ​ខ្ពស់​នៅ​ក្នុង​ការ​ទិញ​ម្ហូបអាហារ​ឆ្អិន​ស្រាប់​ទេ ប៉ុន្តែ​វា​ក៏​ធានា​ដល់​អនាម័យ​ម្ហូបអាហារ​ដែល​មាន​សារសំខាន់​សម្រាប់​សុខភាព​ផង​ដែរ​។

ដូច្នេះ​វា​ចាំបាច់​ណាស់​មិន​ថា កូន​អ្នកមាន ឬ​អ្នកក្រ​ទេ គេ​ត្រូវ​តែ​ចេះ​ធ្វើ​ម្ហូ​ម​អាហារ ដើម្បី​ទាំង​ប្រយោជន៍​សុខភាព និង​សេដ្ឋកិច្ច​។ ការ​បង្រៀន​មុខ​វិជ្ជា​ដាំ​ស្ល​នេះ ក៏​ត្រូវ​តែ​បង្រៀន​អោយ​បាន​ល្អ​ផង​ដែរ នៅ​តាម​សាលារៀន ដើម្បី​អោយ​ពួក​គេ​ចេះ​ធ្វើ​ម្ហូបអាហារ​នៅ​ពេល​អនាគត ពីព្រោះ​វា​ជា​បំ​និ​ន​ជីវិត​ដែល​មាន​សារសំខាន់​បំផុត​សម្រាប់​មនុស្ស​គ្រប់​រូប​។ ដូច្នេះ​ការ​ធ្វើ​ម្ហូបអាហារ​មិន​ត្រូវ​សង្កត់ធ្ងន់​តែ​ទៅ​លើ​មនុស្ស​ស្រី​នោះ​ឡើយ បុរស​គ្រប់​រូប​ក៏​ត្រូវ​តែ​ចេះ​ផង​ដែរ ដើម្បី​ចែករំលែក​ការងារ​ធ្វើ​នៅ​ក្នុង​គ្រួសារ​។

វា​ក៏​អាច​ជា​មនោសញ្ចេតនា​ដ៏​សប្បាយ​រីករាយ​ផង​ដែរ នៅ​ពេល​ដែល​ប្តី​ប្រ​ព​ន្ឋ​រួម​គ្នា​ធ្វើ​ម្ហូបអាហារ​ជាមួយ​គ្នា​នោះ​៕