Man City ចាប់អារម្មណ៍ក្នុងការនាំយក Stones ពីក្លិប Everton

ក្លិប Manchester City កំពុងតែបន្ថែមការចាប់អារម្មណ៍របស់ខ្លួនទៅលើ John Stones ក្រោយពីខ្សែការពារកណ្តាលរូបនេះ បានបញ្ជាក់ទៅកាន់ក្លិប Everton ថា រូបគេចង់ផ្ទេរទៅកាន់កីឡដ្ឋាន Etihad ដើម្បីធ្វើការក្រោមការដឹកនាំរបស់លោក Pep Guardiola។ គ្រូបង្វឹកថ្មីរូបនេះ ពិតជាចង់បន្ថែមខ្សែការពារកណ្តាលដ៏រឹងមាំម្នាក់ទៀត ក្រោយពីបានជួបភាពស្រពេចស្រពិលទៅលើភាពរឹងមាំរបស់ខ្សែការពារ Vincent Kompany និងការធ្លាក់ចុះទម្រង់លេងរបស់ Eliaquim Mangala។

John-Stones

Stones វ័យ២២ឆ្នាំកំពុងជាប់កិច្ចសន្យាជាមួយនឹងក្លិប Everton រហូតដល់ឆ្នាំ២០១៩ ហើយក្រោយពី Mangala បានធ្វើឲ្យ Man City ចំណាយទឹកប្រាក់៤២លានផោន (ស្មើនឹង៥៥,៧លានដុល្លារអាមេរិក) កាលពី២រដូវកាលមុន ដែលនៅពេលនោះរូបគេមានវ័យចាស់ជាង Stones មួយឆ្នាំនោះ ក្លិប Everton នឹងទាមទារតម្លៃខ្លួនក្នុងចំនួនដូចគ្នានេះសម្រាប់រូបគេ។ វាត្រូវបានគេយល់ឃើញថា Stones បានប្រាប់ក្លិប Everton ពីបំណងរបស់គេក្នុងការចាកចេញដើម្បីចូលរួមជាមួយនឹង Man City ហើយប្រសិនបើរូបគេអាចផ្ទេរបាននោះ វាអាចនឹងទាន់ពេលសម្រាប់ដំណើរប្រកួតមុនបើករដូវកាល ដែលនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ។ លោក Guardiola នឹងត្រូវដឹកនាំ Man City ដើម្បីទៅជួបអតីតក្រុមរបស់លោក Bayern Munich ក្នុងប្រកួតមិត្តភាពមួយនៅកីឡដ្ឋាន Allianz Arena នៅថ្ងៃពុធនេះ នៅមុនពេលធ្វើដំណើរទៅកាន់ប្រទេសចិន ដែលជាកន្លែងពួកគេត្រូវប្រកួតជាមួយនឹងក្រុម Manchester United និង Borussia Dortmund ក្នុងការប្រកួតពាន International Champions Cup៕

ប្រភពព័ត៌មាន៖ The Guardian