Arsenal ចង់បានខ្សែប្រុទ្ធ Higuain ក្នុងតម្លៃខ្លួន៨០លានផោនពី Napoli

ក្លិប Arsenal ត្រូវតែចំណាយប្រាក់ឲ្យក្លិប Napoli ចំនួន៩៤លានអឺរ៉ូ (ស្មើនឹង៨០លានផោន ឬ១០៦លានដុល្លារអាមេរិក) ដើម្បីចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Gonzalo Higuain។ នេះបើយោងទៅតាមប្រភពដែលជិតដិតជាមួយនឹងក្លិបរបស់អ៊ីតាលីមួយនេះ។

Higuain

បណ្តាញសារព័ត៌មានផ្សេងៗកាលពីថ្ងៃអង្គារបានចេញផ្សាយថា ភ្នាក់ងារតំណាងឲ្យកីឡាករវ័យ២៨ឆ្នាំរូបនេះ នឹងត្រូវពិភាក្សាជាមួយនឹងក្លិបរបស់អង់គ្លេស Arsenal។ ប្រភពនោះបានប្រាប់ទូរទស្សន៍ BBC ថា៖ «វាមិនទាន់មានការផ្តល់សំណើនៅឡើយទេ។ មានតែតម្លៃខ្លួន៩៤៣៧៦០០០អឺរ៉ូប៉ុណ្ណោះ ដែលនឹងធ្វើឲ្យកីឡាកររូបនេះចាកចេញពីក្លិប Napoli។ បើមិនដូច្នោះទេ Higuain នឹងបន្តនៅរយៈពេលពីរឆ្នាំទៀតក្នុងកិច្ចសន្យារបស់គេ»។

ការផ្ទេរក្នុងតម្លៃខ្លួន៨៥លានផោនរបស់ Gareth Bale ពីក្លិប Tottenham ទៅកាន់ Real Madrid កាលពីឆ្នាំ២០១៣ គឺជាការផ្ទេរដែលមានតម្លៃខ្លួនខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្ររបស់បាល់ទាត់ ពោលគឺច្រើនជាងតម្លៃខ្លួនរបស់ Cristiano Ronaldo ក្នុងទឹកប្រាក់៨០លានផោន ដែលក្លិប Real បានចំណាយទៅឲ្យ Manchester United កាលពីឆ្នាំ២០០៩។ កាលពីឆ្នាំ២០១៣ ខ្សែប្រយុទ្ធ Higuain បានយល់ព្រមលក្ខខណ្ឌផ្ទាល់ខ្លួនផ្សេងៗជាមួយនឹងក្លិប Arsenal ប៉ុន្តែ បានចូលរួមជាមួយនឹងក្លិប Napoli ជំនួសវិញ ក្រោយពីក្រុមកាំភ្លើងធំ មិនបានផ្តល់សំណើជាផ្លូវការមួយទៅឲ្យ Real Madrid។ កាលពីរដូវមុន Higuain បានឈ្នះស្បែកជើងមាសក្នុងក្របខ័ណ្ឌ Serie A ក្រោយពីរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រកួតលីករហូតដល់ទៅ៣៦គ្រាប់ ខណៈដែល Napoli បានបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ២បន្ទាប់ពីក្រុម Juventus៕

ប្រភពព័ត៌មាន៖ BBC