បងប្រុស​វាយ​សម្លាប់​ប្អូនបង្កើត​ជា​នគរបាល​ការពារ​ព្រំដែន

ខេត្តបន្ទាយ​មាន​ជ័យ​៖ បុរស​ម្នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ដោយសារ​បងប្រុស​វាយ​សម្លាប់​នឹង​ដែក​បំពង់​ទីប​កាលពី​យប់​ថ្ងៃ​ទី​១២ កក្កដា​២០១៦ លុះ​ព្រឹក​ថ្ងៃ​ទី​១៣​នេះ ទើប​ម្តាយ​ដឹង​ពេល​ក្រោកពីដំណេក​ចេញ​ទៅ​ខាងក្រោយ​ផ្ទះ​រក​បទ​ជើង ។

នៅ​ក្នុង​សៀវភៅ​គ្រួសារ​ជន​រង​គ្រោះ ឈ្មោះ​ឡុ​ង សំ​អូន អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ គឺ​ភូមិ​ចាន់គិរី​សង្កាត់ និង​ក្រុង​ប៉ោយ​ប៉ែ​ត តែ​ឈ្មោះ​បម្រើ​ការងារ​ជា​នគរបាល​ការពារ​ព្រំដែន​គោក​នៅ​ឯ​ខេត្តព្រះវិហារ ឡុ​ង សុវណ្ណ​ដេ​ត ។ ចំណែក​ជន​បង្ក​ឈ្មោះ​ឡុ​ង សំ​អឿ​ន ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ជន​បង្ក​ត្រូវ​បាន​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយ​ប៉ែ​ត​ចាប់ខ្លួន​បាន​ហើយ​ៗ​បញ្ជូន​ទៅ​អធិការ​នគរបាល​ក្រុង​ភ្លាម​ៗ ។ ពេល​នេះ​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​ចុះ​ដល់​កន្លែង​កើតហេតុ ហើយ​ព័ទ្ធ​ខ្សែ​សុវត្ថិភាព​ដើម្បី​បើក​ការ​ស៊ើប​អ​ង្គេ​ត ។

បើ​តាម​ការ​អះអាង​របស់​ក្រុម​គ្រួសារ​សាច់ញាតិ​និយាយ​ថា ជន​បង្ក​មាន​ជំងឺសរសៃប្រសាទ និង​តែងតែ​វាយ​បងប្អូន​រហូត​ប្រពន្ធ​ជន​រង​គ្រោះ​មិន​ហ៊ាន​នៅ​ជាមួយ រត់​ទៅ​ស្រុក​នៅ​ឯ​ខេត្តកំពង់ចាម​៕