ចាន់​ សោភ័ណ៖ “បើ​ខ្ញុំ​អត់​ធ្វើ យុវជន​ជំនាន់​ក្រោយ​ថា​របស់​សៀម”

សិល្បៈ​វប្បធម៌​ គឺ​ជា​បែប​ផែន​ដែល​អាច​បញ្ជាក់​ភាព​ខុស​គ្នា​ពី​ប្រទេស​មួយ​ទៅ​ប្រទេស​មួយ​ ក៏​ប៉ុន្តែ​ប្រទេស​ជា​ភូមិ​ផង​របង​ជាមួយ​អាច​នឹង​មាន​វប្បធម៌​ស្រដៀង​គ្នា​។ ដោយសារ​តែ​ខ្លាច​បាត់បង់​នូវ​សម្បត្តិ​វប្បធម៌​ដ៏​ផូរផង់​ទាំង​នេះ​ហើយ​ ទើប​ធ្វើ​ឱ្យ​អ្នក​មាន​ស្រុក​កំណើត​នៅ​ខេត្ត​ព្រៃវែង​ លោក ចាន់​ សោភ័ណ​ សម្រេច​ចិត្ត​ចំណាយ​ថវិកា​ផ្ទាល់​ខ្លួន​មក​ច្នៃ​សំលៀក​បំពាក់​លម្អ​ខ្លួន​តុក្កតា Barbie។

 

ចាន់​ សោភ័ណ៖ “បើ​ខ្ញុំ​អត់​ធ្វើ យុវជន​ជំនាន់​ក្រោយ​ថា​របស់​សៀម”លោក ចាន់​ សោភ័ណ

 

លោក​សោភ័ណ វ័យ​៣៥​ឆ្នាំ​រូប​នេះ​ បាន​និយាយ​ថា​ ស្ទើរ​តែ​៥០%​នៃ​អ្នក​ចូលរួម​និយាយ​ថា​ ម៉ូដ​របស់​គាត់​តាំង​គឺ​ជា​របស់​ប្រទេស​ថៃ។ “ប៉ុន្តែ​ព្រឹក​មិញ៥០% និយាយ​ថា​ទាំង​អស់​ហ្នឹង​របស់​សៀម សំលៀក​បំពាក់​សៀម អា​ហ្នឹង​ជា​ហានិភ័យ​មួយ​ខ្លាំង…ដោយ​សារ​ត្រង់​ហ្នឹង​ បាន​ខ្ញុំ​ចាប់​ផ្ដើម show(បង្ហាញ) ទម្រាំ​ចេញ​សៀវភៅ​មិន​ដឹង​ឆ្នាំ​ណា”​។ សម្ដី​លោក សោភ័ណ។

 

ចាន់​ សោភ័ណ៖ “បើ​ខ្ញុំ​អត់​ធ្វើ យុវជន​ជំនាន់​ក្រោយ​ថា​របស់​សៀម”

 

អតីត​បុគ្គលិក​ក្រុមហ៊ុន និង​អង្គការ​រូប​នេះ​បន្ត​ទៀត​ថា គាត់​ធ្វើ​នេះ​ដើម្បី​ជា​ចំណេះ​ដឹង​ដល់​ក្មេង​ជំនាន់​ក្រោយ​ឱ្យ​បាន​ជ្រាប​ថា នេះ​ជា​របស់​ខ្មែរ ហើយ​វា​មាន​ប៉ុន្មាន​ម៉ូដ។ លោក​សោភ័ណ៖ “…បង្ហោះ​ឱ្យ​ទូលំទូលាយ​ គេ​ដឹង​ អូ!​ គេ​បាន​ថត​សម័យ​ចេនឡា​ សម័យ​មុន​បុរេប្រវត្តិ​ គេ​ស្លៀក​អីៗ ដេញ​សម័យ​អង្គរ​ ដល់​សម័យ​កណ្ដាល​ចតុមុខ​អី​ហ្នឹង “។

 

ការ​ដាក់​បង្ហាញ​នេះ​ផង​ដែរ​ គឺ​ក្នុង​គោលបំណង​ មិន​ត្រឹមតែ​ជា​ចំណេះ​ដឹង​ថា​តើ​ខ្មែរ​មាន​សំលៀក​បំពាក់​ប៉ុន្មាន​ម៉ូដ​នោះ​ទេ តែ​ក៏​បាន​បង្ហាញ​ភាព​ខុស​គ្នា​ពី​ឋានៈ​ផ្សេងៗ​គ្នា​ក្នុង​សង្គម​ខ្មែរ។ “…ស្បៃ​ភ្លោះ​ ស្បៃ​ហ្នឹង​ពាក់​លើ​មហាឥសី​ សុទ្ធ​តែ​ពួក​ទាសាទាសី​បាន​គេ​ប្រើ​ស្បៃ​ហ្នឹង​ បើ​រាជ​វង្ស​ធំៗ​គេ​ប្រើ​ស្បៃ​អាចេះ​ ប៉ុន្តែ​អ្នក​របាំ​ទាំងឡាយ​មិន​អាច​ពាក់​ស្បៃ​ហ្នឹង​បាន​ហេ៎ ខុស​ឋានៈ….”​។ លោក​សោភ័ណ បញ្ជាក់។

 

យ៉ាង​ណា​មិញ​ អនុបណ្ឌិត​ផ្នែក​គំនូរ​វិចិត្រកម្ម​រូប​នេះ​ ក៏​បាន​សំណូម​ឱ្យ​មាន​ការ​សាងសង់​ជា​សារមន្ទីរ​សម្រាប់​ការ​ដាក់​តាំង​បង្ហាញ​តុក្កតា​នេះ ហើយ​ក៏​សូម​ឱ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ទាំង​អស់​ឱ្យ​មាន​ការ​គាំទ្រ​ច្រើន​ជាង​មុន។

 

គូស​បញ្ជាក់​ផង​ដែរ​ថា នេះ​ការ​ដាក់​បង្ហាញ​ស្នាដៃ​លើក​ទី​មួយ​របស់​លោក​ ក៏​ប៉ុន្តែ​លោក​បាន​ចាប់​ផ្ដើម​ធ្វើ​វា​ តាំង​ពី​ចុង​ឆ្នាំ​២០១១ ឬ​ដើម​ឆ្នាំ​២០១២​មក​ម្ល៉េះ​៕

 

ទស្សនា​វីដេអូ៖

 

 

តើ​អ្នក​យល់​ចំពោះ​ស្នាដៃ​របស់​លោក ចាន់​ សោភ័ណ?

អត្ថបទ៖ នួន ចាន់លីហួត