នៅពេលអនាគតសហរដ្ឋអាមេរិករុស្ស៊ីពិបាកគេចផុតពីសង្គ្រាមបើគ្មានការកែទម្រង់ទំនាក់ទំនង

អាមេរិកនិងរុស្ស៊ីមានគំនុំនឹងគ្នាតាំងពីដើមមក ពិសេសគឺសង្គ្រាមត្រជាក់ធ្វើឲ្យ រុស្ស៊ីត្រូវបែកបាក់។ មួយវិញទៀតសម្ពន្ធ មិត្តសហរដ្ឋអាមេរិកគឺណាតូបានជំរុញឲ្យមានសង្គ្រាមកើតឡើងជាមួយរុស្ស៊ីទៀតផង។សារអីុម៉េលត្រូវបានក្រុមហែកឃើរលួចយកទៅនោះបានលាតត្រដាងឲ្យឃើញថា ណាតូបានដាក់គំនាបទៅលើអាមេរិកឲ្យបង្កជម្លោះជាមួយរុស្ស៊ីឈានដល់ការធ្វើ សង្គ្រាមដោយសារតែវិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។ យុទ្ធនាការដាក់គំនាបនោះ មានការចូលរួមពីមន្ត្រីជាន់ខ្ពស់អាមេរិកជាច្រើនរូបផងដែរ។

សារអុីម៉េលដែលអតីតអគ្គលេខាធិការណាតូលោក Philip M Breedlove ត្រូវ បានបង្ហោះនៅលើគេហទំព័រ DCLeaks ដោយមានខ្លឹមសារនៃការសន្ទនារវាង លោក Philip M Breedlove នឹងអតីតមេ បញ្ជាការកងទ័ពអាមេរិកនៅតំបន់អឺរ៉ុបស្តីពីសង្គ្រាមប្រឆាំងរុស្ស៊ី។ លោក Philip M Breedlove បានកាន់តំណែងជាមេបញ្ជាការ ណាតូចាប់ពីឆ្នាំ២០១៣ដល់ខែមីនា ឆ្នាំ ២០១៦។ លោកក៏ជាបុគ្គលដែលជាប់ពាក់ ព័ន្ធនឹងវិបត្តិក្នុងប្រទេសអ៊ុយក្រែន ពិសេសគឺការផ្តួលរំលំរដ្ឋាភិបាលរបស់លោក យ៉ា ណូកូវិច ដែលស្និទ្ធនឹងរុស្ស៊ី។

តាំងពីរុស្ស៊ីដាក់តំបន់គ្រីមៀស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួននោះណាតូ បានជំរុញឲ្យធ្វើសង្គ្រាមជាមួយរុស្ស៊ី។ ប៉ុន្តែ អឺរ៉ុបដែលជាប្រទេសសមាជិកណាតូបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរុស្ស៊ីជាមុនសិនដើម្បីឲ្យសេដ្ឋកិច្ចប្រទេសនេះចុះខ្សោយ ងាយស្រួលក្នុងការយកឈ្នះបើមានសង្គ្រាម កើតឡើង។ជាមួយគ្នានេះមេបញ្ជាការកងទ័ពអាមេរិកប្រចាំតំបន់អឺរ៉ុបលោកឧត្ដមសេនីយ៍ phipipbr- eedove បានបញ្ជាក់ថា ទីបញ្ជា ការកងទ័ពអាមេរិកនៅតំបន់អឺរ៉ុប EUCOM និងណាតូបានត្រៀមលក្ខណៈរួច រាល់ដើម្បីធ្វើសង្គ្រាមយកឈ្នះរុស្ស៊ីនៅ ពេលណាចាំបាច់បំផុត ។លោក Breedlove បញ្ជាក់នៅមុខ សភាអាមេរិកថា “ដើម្បីទប់ទល់ជាមួយរុស្ស៊ី EUCOM បានពិភាក្សាជាមួយសម្ពន្ធមិត្ដ ពីវិធីសាស្រ្តធ្វើសង្គ្រាមយកឈ្នះទៅលើ រុស្ស៊ីដែលមានសព្វាវុធទំនើបៗជាច្រើន។

ចាប់តាំងពីឆ្នាំ២០១៤មកអាមេរិក និងណាតូបានផ្ដោតសំខាន់ទៅនឹងការពង្រឹងសមត្ថភាពយោធា និងសព្វាវុធក៏ដូចជា ស្មារតីទាហានត្រៀមធ្វើសង្គ្រាមជាទ្រង់ទ្រាយធំជាមួយរុស្ស៊ីដោយសង្គ្រាមនោះ មិនអាចអូសបន្លាយរយៈពេលយូរនោះ ឡើយគឺត្រូវតែយកឈ្នះក្នុងរយៈពេលខ្លី។ លោកបន្ដទៀតថា នៅក្នុងកម្មវិធី ERI ណាតូនឹងដាក់កម្លាំងទាហាននិងអាវុធធុនធ្ងន់នៅអឺរ៉ុបជាប់ព្រំដែនប្រទេសរុស្ស៊ីមិនមែនដើម្បីធ្វើសមយុទ្ធនោះឡើយគឺត្រៀមធ្វើ សង្គ្រាមនិងទប់ស្កាត់ការវាយប្រហាររបស់ រុស្ស៊ីផង។

កាលពីដើមខែកុម្ភៈក្រសួងការពារជាតិអាមេរិកបានស្នើឱ្យសភាចំណាយប្រាក់ ប្រមាណ៣,៤ពាន់លានដុល្លារសម្រាប់ សកម្មភាពយោធានៅតំបន់អឺរ៉ុបរហូតដល់ឆ្នាំ២០១៧ ។ក្នុងរយៈពេលពីរទសវត្សកន្លងមក អាមេរិក ណាតូខិតខំប្រែក្លាយរុស្ស៊ីឱ្យទៅ ជាដៃគូនៅអឺរ៉ុប ប៉ុន្ដែការខិតខំនោះមិន ទទួលបានជោគជ័យ ទាំងនោះហើយអាមេ រិកចាំបាច់ត្រូវតែមានវិធានការទប់ស្កាត់ រុស្ស៊ី។ឆ្លើយតបទៅនឹងសកម្មភាពរបស់ ណាតូ រុស្ស៊ីបានព្រមានចំៗថា សកម្មភាព របស់ណាតូគឺជាការឌឺដង ខុសទៅនឹងកិច្ចព្រមព្រៀងកន្លងមកដើម្បីរក្សាសន្ដិភាពនៅក្នុងតំបន់ ។កត្ដាដែលជំរុញឱ្យអាមេរិក ណាតូ និង រុស្ស៊ីផ្ទុះសង្គ្រាមនឹងគ្នានោះគឺបញ្ហាវិវាទនៅក្នុងប្រទេសអ៊ុយក្រែន ពិសេសស៊ីរី។នៅពេលនេះទួរគីកំពុងតែអុកឡុកស៊ីរី ដែលជាសកម្មភាពមួយអូសទាញរុស្ស៊ីឱ្យចូលជ្រៀតជ្រែកអាចនឹងផ្ទុះសង្គ្រាមដាក់គ្នា។

ក្រុងមូស្គូនៅមិនទាន់បញ្ចេញប្រតិកម្មអ្វីនឹងទង្វើរបស់ទួរគីនិងអារ៉ាប៊ីសាអ៊ូឌីតទេ តែបានផ្ដល់ចំណាប់អារម្មណ៍ពីទំនាក់ទំនង រវាងរុស្ស៊ីនឹងបស្ចិមលោកទាក់ទងនឹងវិបត្ដិនៅស៊ីរី និងអ៊ុយក្រែន។ ចំណាប់អារម្មណ៍ របស់រុស្ស៊ីត្រូវបានថ្លែងចេញពីមាត់របស់លោកនាយករដ្ឋមន្ដ្រី ឌីមីទ្រី មេដវេដេវ នៅ ថ្ងៃសៅរ៍ ទី១៣ ខែកុម្ភៈ ក្នុងពេលដែល លោកបានចូលរួមសន្និសីទអន្ដរជាតិស្ដីពីសន្ដិសុខរៀបចំក្នុងទីក្រុងមុយនិចប្រទេសអាល្លឺម៉ង់។ លោកប្រមុខរដ្ឋាភិបាលរុស្ស៊ីបានកត់សម្គាល់ឃើញពីទំនាក់ទំនងខ្មៅ ងងឹតរវាងរុស្ស៊ីនឹងបស្ចិមលោកក្នុងរយៈ ពេលចុងក្រោយនេះដោយសារតែវិបត្ដិនៅស៊ីរីនិងនៅអ៊ុយក្រែន។ ទំនាក់ទំនងនេះ ហើយដែលលោក ឌីមីទ្រី មេដវេដេវ មិន ញញើតនឹងសន្និដ្ឋានថា កំពុងនាំពិភព លោកចូលទៅក្នុងសង្គ្រាមត្រជាក់ជាថ្មី។ លោកនាយករដ្ឋមន្ដ្រីរុស្ស៊ីបានចោទជា សំណួរថា តើពិភពលោកពិតជាត្រូវការឱ្យមានសង្គ្រាមលោកលើកទី៣ដើម្បីអាច យល់ថា ត្រូវរួមសហការគ្នាជាជាងប្រឈមមុខដាក់គ្នាឬ? លោក មេដវេដេវ បានយល់ ឃើញថា សហគមន៍អន្ដរជាតិបានពួតដៃគ្នាដាក់គំនាបលើរុស្ស៊ីទាំងវិបត្ដិនៅអ៊ុយក្រែនក៏ដូចជានៅស៊ីរី។ ទន្ទឹមគ្នានេះលោកប្រមុខរដ្ឋាភិបាលរុស្ស៊ីបានចង្អុលមុខសហភាពអឺរ៉ុបថា កំពុងប្រើនយោបាយបញ្ចុះ បញ្ចូលជាមួយក្រុមប្រទេសអតីតសាធារណ រដ្ឋសហភាពសូវៀតឱ្យស្អប់រុស្ស៊ី។ យ៉ាង ណាក៏ដោយលោក មេដវេដេវ បានអំពាវនាវឱ្យមានកិច្ចសន្ទនាជាជាងធ្វើសង្គ្រាមពាក្យសម្ដី។ ប្រតិកម្មដូចគ្នានេះក៏ចេញ ពីមាត់លោកប្រមុខការទូតរុស្ស៊ី សឺហ្គេយ៍ ឡាវរ៉ូវ ដែលបានទាមទារឱ្យមានការវិល ត្រឡប់វិញនូវវប្បធម៌សន្ទនា និងការបញ្ឈប់ យុទ្ធនាការសម្អប់រុស្ស៊ី ។

បើទោះបីកិច្ចព្រមព្រៀងឈប់បាញ់ នៅវេលាម៉ោង១២ថ្ងៃទី២៧ ជិតមកដល់ តែរដ្ឋាភិបាលរបស់លោកប្រធានាធិបតីអាសាដបានបញ្ជាក់ពីបំណងចង់បន្ដសង្គ្រាមបង្ក្រាបពួកប្រឆាំងនៅទូទាំងប្រទេសទោះ បីជាត្រូវប្រើពេលយូរក៏ដោយ តែលោកក៏ មិនបានទាត់ចោលពីបំណងចង់ចរចាជា មួយក្រុមប្រឆាំងដែរ។ ការបញ្ជាក់របស់ ប្រមុខរដ្ឋស៊ីរីយ៉ាង នេះបានធ្វើឡើងជា មួយទីភ្នាក់ងារសារព័ត៌មានបារាំង AFP នៅប៉ុន្មានម៉ោងមុនអាមេរិកនិងរុស្ស៊ីបានព្រមព្រៀងគ្នាឱ្យមានបទឈប់បាញ់នៅស៊ីរី ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។

នៅមុនពេលប្រកាសចេញនូវកិច្ចព្រម ព្រៀងមួយសំដៅបញ្ឈប់ការឈប់បាញ់ នៅក្នុងប្រទេសស៊ីរីជាកិច្ចព្រមព្រៀងដែលអាមេរិកនិងរុស្ស៊ីបានរកឃើញនៅក្នុងទីក្រុង មុយនិច ប្រទេសអាល្លឺម៉ង់នាជំនួបរវាងលោកប្រមុខការទូតរុស្ស៊ីនឹងសមភាគីអា មេរិក។អ្វីដែលលោក អាសាដ បាននិយាយ ប្រាប់ AFP ជាដំបូងនោះគឺយុទ្ធនាការរបស់ ទ័ពរដ្ឋាភិបាលវាយប្រហារលើទីក្រុងអាឡិប ដែលបានចាប់ផ្ដើមនៅដើមខែកុម្ភៈជាមួយនឹងជំនួយទម្លាក់គ្រាប់បែកពីទ័ពអាកាស រុស្ស៊ី។

លោកប្រមុខរដ្ឋស៊ីរីដែលហាក់ដូចជា មានការទុកចិត្ដលើខ្លួនឯងខ្លាំង និងមាន សុទិដ្ឋិនិយមបានប្ដេជ្ញាថា នឹងមិនរាថយក្នុងការបន្ដធ្វើសង្គ្រាមដើម្បីដណ្ដើមការគ្រប់គ្រងនៅទូទាំងប្រទេស។ ទន្ទឹមនឹងការបន្ដសង្គ្រាមលោកអាសាដក៏មិនបដិសេធរឿងចរចាដែរ។ តែសម្រាប់លោក អាសាដ រឿង ចរចាមិនមែនមានន័យស្មើនឹងការបញ្ឈប់សង្គ្រាមនោះទេ ព្រោះជាផ្លូវពីរដែលជ្រើស រើសយកដោយមិនអាចចៀសរួចនៅក្នុងកាលៈទេសៈសព្វថ្ងៃ។ ដោយឡែកលោក អាសាដ ក៏បានលើកឡើងពីហានិភ័យនៃប្រតិបត្ដិការយោធានៅលើសមរភូមិដឹកនាំដោយប្រទេសទួរគី និងប្រទេសអារ៉ាប៊ីសា អូ៊ឌីត។

លោក អាសាដ បានបញ្ជាក់ច្បាស់ៗ ថា ទ័ពរបស់លោកមានសមត្ថភាពនិង លទ្ធភាពគ្រប់គ្រាន់ដើម្បីប្រឈមទប់ទល់ នឹងសត្រូវ។ ទាក់ទងនឹងជនភៀសខ្លួនស៊ីរីនៅបរទេសលោក អាសាដ មិនញញើត នឹងទម្លាក់កំហុសដាក់សហភាពអឺរ៉ុបថា ជាអ្នកទទួលខុសត្រូវនៃការរត់ភៀសខ្លួនរបស់ ប្រជាជនស៊ីរី។ និយាយពីបទឧក្រិដ្ឋកម្ម ប្រឆាំងមនុស្សជាតិនៅស៊ីរីដែលអង្គការ សហប្រជាជាតិបានចោទរបបស៊ីរីសព្វថ្ងៃត្រូវបានលោក អាសាដ ច្រានចោលព្រម ទាំងបញ្ជាក់ថា លោកមិនបារម្ភពីការព្រមាន របស់អន្ដរជាតិទេ ព្រោះរបាយការណ៍របស់ អង្គការសហប្រជាជាតិនាពេលកន្លងមកមានលក្ខណៈនយោបាយ និងបានធ្វើឡើង ដោយគ្មានភស្ដុតាងជាក់ស្ដែង៕

នៅពេលអនាគតសហរដ្ឋអាមេរិករុស្ស៊ីពិបាកគេចផុតពីសង្គ្រាមបើគ្មានការកែទម្រង់ទំនាក់ទំនង

ប្រភព៖ nokorwatnews

  • នៅពេលអនាគតសហរដ្ឋអាមេរិករុស្ស៊ីពិបាកគេចផុតពីសង្គ្រាមបើគ្មានការកែទម្រង់ទំនាក់ទំនង已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:ជីវិតនិងសង្គម
Tags: