Man Utd ប៉ះ Leicester ប្រជែង​​យក​ពាន​បើក​​រដូវ​​កាល Premier League រាត្រី​ថ្ងៃ​ទី​០៧ សីហា

(ក្រុងឡុងដ៍)៖ ក្រុមបាល់ទាត់បិសាចក្រហម Manchester United នឹងត្រូវប៉ះក្រុមជើងឯក Leicester City ដើម្បីប្រជែងយកពាន FA Community Shield ដែល​ជា​ពាន មុន​ថ្ងៃ​បើក​ឆាក​រដូវ​កាល​ថ្មី​នៃ Premier League របស់​អង់​គ្លេស ដែល​ធ្វើ​ឡើង​នៅ​ទឹក​ដី​កណ្តាល​តែ​១​ប្រកួត​ប៉ុណ្ណោះ។

manuvsleicester

សារព័ត៌មាន Sky Sports បានផ្សាយថា ការប្រកួតយកពានសប្បុរសធម៌របស់សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស FA នេះដែរ គឺត្រូវបានធ្វើឡើងជា​រៀង​រាល់​ឆ្នាំ​នៅ​ពហុ​កីឡ​ដ្ឋាន​ជាតិ Wembley ដែលជាការជួបគ្នារវាងក្រុមជើងឯកលីគកំពូល Premier League, Leicester City និង​ជើង​ឯក​ពាន​លំដាប់​ទី​២ FA Cup បិសាច​ក្រហម Manchester United នា​រាត្រី​ថ្ងៃ​អាទិត្យ ទី០៧ ខែសីហា ឆ្នាំ២០១៦ ម៉ោង ២១៖០០នាទីយប់ (ម៉ោង​នៅ​កម្ពុជា) មុន​ពេល ១​សប្តាហ៍​ចាប់​ផ្តើម Premier League រដូវកាលឆ្នាំ ២០១៦-២០១៧ រាត្រីថ្ងៃសៅរ៍ ទី១៣ សីហា។

Manchester United បានក្លាយជាក្រុមជើងឯកពាន FA Cup ជាលើកទី១២ ស្មើជាមួយក្រុមកាំភ្លើងធំ Arsenal ក្រោយពេលយកឈ្នះ Crystal Palace ២-១ នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ក្រោម​ការ​ដឹក​នាំ​របស់គ្រូបង្វឹកជនជាតិហូឡង់ Louis van Gaal ដែលត្រូវបានបណ្តេញចេញពីតំណែង ក្រោយ​បញ្ចប់​រដូវ​កាល Premier League ឆ្នាំ​២០១៥-២០១៦ ដែល​បាន​ជំនួស​មក​វិញ​ដោយ​អតីត​គ្រូ​បង្វឹក​ក្រុម​តោ​ខៀវ Chelsea លោក Jose Mourinho ដែល​ជា​១​ប្រកួត​សំខាន់​ក្នុង​ការ​ដឹក​នាំ​ក្លឹប​ថ្មី​នៅ​អង់​គ្លេស​នេះ​ដដែល​។

ក្លឹបដែលទើបឡើងមកលេងក្នុងក្របខណ្ឌកំពូលអង់គ្លេស Leicester City ក្នុងរដូវកាលមុននេះ បានឈ្នះជើងឯក Premier League ជាលើកទី១ ជា​ប្រវត្តិ​សាស្រ្ត​របស់​គេ ក្រោម​ការ​ដឹក​នាំ​របស់​គ្រូ​បង្វឹកជនជាតិអ៊ីតាលី លោក Claudio Raneiri ដោយមាន ៨១ពិន្ទុ នាំមុខក្រុមលេខ២ Arsenal ដែលមានតែ៧១ពិន្ទុប៉ុណ្ណោះ ដោយមានកីឡាករជើងខ្លាំង Jamie Vardy និង Riyad៕

ប្រភព៖​ Khmer Talking