សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ដឹក​រូបថត​លោក​បណ្ឌិត កែម ឡី អំពាវនាវ​ឱ្យ​ចូល​បច្ច័យ

ខេត្តកំពង់ចាម ៖ លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍ថា នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែកក្កដា លោក​បាន​បញ្ជាដល់​កងកម្លាំង​នគរបាល​ឲ្យ​ទៅ​ឃាត់​សកម្មភាពរបស់​ក្រុម​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ដឹក​រូបថត​សព​លោក​បណ្ឌិត កែម ឡី តាម​រ៉ឺ​ម៉ក​នៅ​តាម​ទី​សាធារណ​:​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ និង​ចូល​បច្ច័យ ។

លោកស្នងការ​បាន​ចាត់​ទុក​ថា នេះ​ជា​ស្ទីល​ថ្មី ដោយ​មនុស្ស​ប្រុស​ស្រី​៣​នាក់​យក​រូបថត​សព​លោក​បណ្ឌិត កែម ឡី ដាក់​លើ​រ៉ឺ​ម៉ក​អូស​តាម​មុខ​ផ្សា​របឹង​កុក ហើយ​អំពាវនាវ​ឲ្យ​គេ​អុជ​ធូប​គោរព​វិញ្ញាណក្ខន្ធ​និង​ចូល​បច្ច័យ តែ​ត្រូវ​បាន​នគរបាល​យើង​នាំ​យក​មក​អប់រំ​មិន​ឲ្យ​ធ្វើ​បែប​នេះ​ឡើយ ។

លោកស្នងការ​ក៏​បានឱ្យ​ដឹង​ដែរ​ថា ការ​រៀបចំ​ឱ្យ​មាន​សកម្មភាព​បែប​នេះ គ្មាន​ការ​អនុញ្ញាត​ទេ គឺ​ដឹកនាំ​ដោយ​អ្នកស្រី អ៊ុ​ច ណា​រ៉ុ​ង និង​អ្នកស្រី គិ​ន ស្រី​អូន ជា​សមាជិកា​ក្រុមប្រឹក្សា​ក្រុង​កំពង់ចាម​ពី​ខាង​គណបក្ស​សង្គ្រោះ​ជាតិ ព្រមទាំង​លោក ច​ន ធាង ជា​មន្ត្រី​សហជីព​។ លោក​បាន​ណែនាំ​ថា មិនមែន​ជា​ការ​ជំទាស់​អ្វី​ដល់​អ្នក​ស្លាប់​នោះ​ទេ តែ​ការ​យក​រូបថត​តាំង​លើ​រ៉ឺ​ម៉ក​ដើម្បី​អំពាវនាវ​រក​បច្ច័យ​បែប​នេះ មិន​គប្បី​នឹង​ធ្វើ​ឡើយ យក​ល្អ​គួរ​តាំង​ក្នុង​ទីស្នាក់ការ​របស់​គណបក្ស​ទៅ​មិន​ទាស់​ខុស​នោះ​ទេ ។

សូម​បញ្ជាក់​ថា លោក​បណ្ឌិត កែម ឡី ត្រូវ​បាន​ខ្មាន់កាំភ្លើង​បាញ់ប្រហារ​២​គ្រាប់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​នៅ​ក្នុង​ស្តា​រ៍​ម៉ាត​ស្ថានីយប្រេងឥន្ធនៈ
កាល់​តិច​ស្តុ​ប​បូកគោ ខណ្ឌចំការមន កាលពី​ព្រឹក​ថ្ងៃអាទិត្យ​ទី​១០ ខែកក្កដា ប៉ុន្តែ​ជនសង្ស័យ​ជា​ឃាតករ​ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ដេញចាប់​បាន​ភ្លាម​ៗ​ដែរ ៕