កញ្ញា​ភឿន ស្រី​ពៅ កាន់តែលូតលាស់​ក្នុង​អាជីព​ស្មូត្រ​កំណាព្យ

រាជធានី​ភ្នំពេញ ៖ កញ្ញា​ភឿន ស្រី​ពៅ គឺជា​អ្នក​ស្មូត្រ​កំណាព្យ​ជាទី​ពេញចិត្ត​របស់​ពុទ្ធបរិស័ទ​ទាំង​ក្នុង និង​ក្រៅប្រទេស ។ មូលហេតុ​នេះ​ហើយ​ទើប​សិល្បៈ​ស្មូត្រ​កំណាព្យ​ដើរតួ​នាទី​សំខាន់​ក្នុង​វិស័យ​ពុទ្ធសាសនា និង​កម្មវិធី​បុណ្យ​ផ្សេង​ៗ ។

កញ្ញា​ភឿន ស្រី​ពៅ បាន​វិ​វ​ឌ្ឍ​ខ្លួន​ពី​អ្នក​ស្មូត្រ​កំណាព្យ​ក្នុង​កម្មវិធី​បុណ្យ​ទាន​ទៅ​ជា​ម្ចាស់​ក្រុមហ៊ុន ទទួល​រៀបចំ​ពិធីបុណ្យ​ទាន ផ្សេង​ៗ​បែប​ពុទ្ធសាសនា ។ សព្វ​ថ្ងៃនេះ​ក្រុម​ហ៊ុម​ទទួល​រៀបចំ​ពិធីបុណ្យ​ទាន​របស់​ស្រី​ពៅ មាន​សភាព​មមាញឹក និង​ល្បី​ទៅ​ច្រើន​កន្លែង ។ ទន្ទឹម​នេះ​ក្រុមហ៊ុន​រៀបចំ​ពិធីបុណ្យ​កើត​ច្រើន​ប្រជែង​គ្នា ។ ទោះ​ជាយា​៉​ង​ណា​ក្តី ស្រី​ពៅ​មិន​បារម្ភ​ចំពោះ​ការ​បាត់​អតិថិជន​របស់​ខ្លួន​ទេ តែ​នាង​រំភើប និង​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ដែល​រៀបចំ​របរ​រៀបចំ​ពិធីបុណ្យ​ទាន​មុនគេ ហើយ​មានការ​ចាប់អារម្មណ៍​ពី​មហាជន ។ ចំពោះ​ការ​បង្កើត​មុខរបរ​ប្រហែល​គ្នា​នេះ ជា​ការ​រួម​គ្នា​លើក​ស្ទួយ​វិស័យ​ព្រះពុទ្ធ​សាសនា ។

កញ្ញា​ភឿន ស្រី​ពៅ និយាយ​ថា «​យើង​ធ្វើ​បែប​នេះ​ហាក់ដូចជា​ជួយ​គ្នា​បង្ហាញ​អ្វី​ដែល​យើង​មាន​បែប​ពុទ្ធសាសនា​ដល់​ប្រជាជន​យើង​បាន​ជ្រាប ចេះ​ដឹង យល់​ឃើញ ពិសេស​យុវជន​ជំនាន់​ក្រោយ​ដូច​ជា​យល់​ពីសារ​សំខាន់​នៃ​ការ​ស្មូត្រ​កំណាព្យ​ជាដើម ។ ស្រប​ពេល​នេះ​ក្រុមហ៊ុនស្រី​ពៅ​ស្មូត្រ​របស់​នាង​ខ្ញុំ នៅ​តែ​មានការ​លេចធ្លោ​លើ​ផ្នែក​រៀបចំ​កម្មវិធី​បុណ្យ និង​ផ្គត់ផ្គង់​សម្ភារ​បុណ្យ ពី​មុន​បែប​ណា ឥឡូវនេះ​គឺ​រឹតតែ​មមាញឹក​ខ្លាំង ។ ស្ទើរតែ​មិន​នឹក​ស្មានថា មាមីង​បងប្អូន ព្រមទាំង​ឯកឧត្តម លោក​ជំទាវ​នានា​នៅ​តែ​ជឿ​ទុកចិត្ត​លើ​សេវាកម្ម​របស់​ក្រុមហ៊ុន​ស្រី​ពៅ​ស្មូត្រ ព្រោះ​យើង​ទាំងអស់​គ្នា​សុទ្ធតែ​រៀនសូត្រ​ពី​គ្រូ ជំនាញ​ៗ​តាំងពី​ការ​និយាយ​ស្តី សុជីវធម៌ ផ្សេង​ៗ សូ​ម្បី​តែ​លោកតា​អាចារ្យ​ក៏​មាន​ភាព​ជំនាញ​យ៉ាង​ពិតប្រាកដ​អត់​ឲ្យ​ខុស​ក្បួន​បុរាណ​ខ្មែរ​ឡើយ ។ ម្ចាស់​ដើមបុណ្យ ឬ​ម្ចាស់​ដើម​កម្មវិធី​ពិតជា​មានចិត្ត​ជ្រះថ្លា​ក្នុង​ការ​ប្រារព្ធ​កម្មវិធី​ដែល​មាន​សេវាកម្ម​របស់​ក្រុមហ៊ុន​ស្រី​ពៅ​ស្មូត្រ ព្រោះ​មានចំណេះ​ជំនាញ​ពិតប្រាកដ​ច្បាស់លាស់ ត្រឹមត្រូវ​មួយ ។ ចំណុចខ្លាំង​របស់​ក្រុម​របស់​នាង​ខ្ញុំ​ពេញ​និយម គឺ​យើង​ទាំងអស់​គ្នា​ខំធ្វើការ​ដែល​កើត​ចេញពី​ចិត្ត​ដោយ​ធ្វើ​យ៉ាងណា​ឲ្យ​អ្នកមាន​សទ្ធា​ក្នុង​ការ​ប្រារព្ធ​កម្មវិធី​បុណ្យ​មិន​ឲ្យ​គាត់​មានការ​នឿយហត់ លំបាក​ក្នុង​ការ​រៀបចំ​ចាត់ចែង​ឡើយ គ្រាន់តែ​មាន​គម្រោង​រួច​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន នោះ​ចំណាយ​ពេលវេលា​តិច​ថវិកា​សមរម្យ និង​មាន​អារម្មណ៍ល្អ​តាំងពី​ក្នុង​ពេល​កម្មវិធី​បុណ្យ និង​ក្រោយ​ពេល​បុណ្យ​ក៏​នៅ​តែ​រីករាយ​ដូច​គ្នា ។ មូលហេតុ​មួយទៀត​ចំពោះ​ការងារ​ផ្នែក​នេះ​នៅ​តែ​មានការ​ចាប់អារម្មណ៍​របស់​បងប្អូន​ខ្មែរ ព្រោះ​ទាក់ទង​នឹង​ជំនឿ សាសនា​វប្បធម៌ ប្រពៃណី សិល្បៈ​គឺ​ផ្សារ​ភ្ជាប់​ទាំងអស់​តែ​ម្តង​ក្នុង​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ប្រជាជន​ខ្មែរ​» ។

កញ្ញា​ភឿន ស្រី​ពៅ បាន​តាំងចិត្ត​ធ្វើ​ឱ្យ​សិល្បៈ​ស្មូត្រ​កំណាព្យ​មានការ​ពេញ​និយម​ពី​មហាជន ពិសេស​ក្នុង​ឱកាស​ប្រារព្ធ​ពិធីបុណ្យ​ទាន ដោយ​នាង​នឹង​ខំ​ផ្សព្វផ្សាយ​ទៅ​គ្រប់​ទីកន្លែង ។ «​ការ​ធ្វើ​នេះ​ចង់​ឲ្យ​ប្រែ​ពី​ការ​ខ្លាច​ទៅ​ជា​ការ​ចូល​ចិត្ត​ក្នុង​ព្រះធម៌​បទ និង​ចង់​ឲ្យ​យុវវ័យ​ចាប់អារម្មណ៍ ហើយ​មក​សិក្សា​រៀនសូត្រ​ពី​របៀប​ស្មូត្រ​មួយ​នេះ​ឲ្យ​បាន​កុះករ ដើម្បី​ឲ្យ​ព្រះធម៌​បទ​មាន​ភាព​ពេញ​និយម​សា​ជា​ថ្មី ។ គោលដៅ​របស់ខ្ញុំ​មាន​ដាក់​ទិស​ដៅ​កំណត់​ច្បាស់​ថា រាល់ពេល​នាង​ខ្ញុំ​ចេញ​ស្មូត្រ ហើយ​ពុទ្ធបរិស័ទ​ផ្តល់​ប្រាក់​តាម​សទ្ធា​រៀងខ្លួន នាង​ខ្ញុំ​នឹង​មិន​យក​ប្រាក់​ទាំងនោះ​ឡើយ ហើយ​ប្រគល់​ជូន​ផ្នែក​សប្បុរសធម៌ និង​ជួយ​ដល់​មន្ទីរពេទ្យ ឬ​ជួយ​ផ្នែក​សង្គម​ជា​សំខាន់​មិន​ប៉ះពាល់​ឡើយ នេះ​ជា​ការ​តាំងចិត្ត​របស់​នាង​ខ្ញុំ ។ ប្រសិនបើ​ប្រិ​យ​មិត្ត​ចាប់អារម្មណ៍​អាច​ចូល​ទៅ​កាន់ FB fans page sreypovsmot» ៕