រឹតតែខឹង គឺរឹតតែខុស​ ហើយ​​ខាត​បង់

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ ​ដោយសារ​​ខឹង​​​រថយន្ត​មកឈប់​ទិញ​បន្លែ​យូរ​ពេក​​​ធ្វើឱ្យ​ស្ទះចរាចរណ៍ ក៏បាន​​ផ្ទុះ​ហិង្សា​ និង​​ធ្វើ​ឱ្យ​​កក​​ស្ទះ​ចរាចរណ៍​ជាង​២​ម៉ោង​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ត្រង់​ចំណុច​ផ្សារ​ដើម​.គ ក្នុង​សង្កាត់​ផ្សារ​ដើម.​គ ខណ្ឌទួលគោក កាល​ពី​វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១២ កក្កដា ២០១៦ ។

សាក្សី​​សុំ​មិន​បញ្ចេញ​ឈ្មោះ​​ឱ្យ​​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់ ​រួមទាំង​ស្ត្រី​ម្នាក់​ជា​ប្រពន្ធ​ ជិះ​រថយន្ត​ម៉ាក​ហា​យ​ឡែ​ន​ឌ័​រ ពណ៌.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ​2AH-3472 បាន​ឈប់​រថយន្ត​នៅ​តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ដើម្បី​​​ទិញ​បន្លែ​ ដែល​ដាក់​លក់​​តាម​ផ្លូវ ។

ស្រាប់តែ​​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​​ហុងដា​ឌ្រី​ម ពណ៌ខ្មៅ ស៊េរី​២០១៤ ពាក់​ស្លាក​លេខ​ភ្នំពេញ​1CK-3128 បើកតាម​​បណ្តោយ​ផ្លូវ​ព្រះ​មុន្នីរ៉េ​ត​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ហើយ​ផ្លូវ​កំពុង​តែ​ស្ទះចរាចរណ៍​​បន្តិច​ផង​នោះ គួប​ផ្សំ​និង​អ្នក​បើក​​ក្នុង​ស្ថានភាព​ស្រវឹង ​​​បាន​ចុច​ស៊ី​ផ្លេ​​ច្រើន​ដង តែ​​រថយន្ត​នៅ​​មិន​ព្រម​បើក​ចេញ​ ​បណ្តាល​ឱ្យ​ផ្ទុះហិង្សា​តែម្តង ។

បើ​តាម​​សម្តីអ្នកជិះ​​ម៉ូតូ​ឱ្យ​ដឹង​​ថា ខណៈ​ពេល​គាត់​ជិះ​ម៉ូតូ​មក​ដល់​ចំណុច​ខាងលើ​ ឃើញ​រថយន្ត​​នោះ​ចត​នៅ​កណ្តាល​ផ្លូវ ​គាត់​ចុច​ស៊ី​ផ្លេឱ្យ​​រថយន្ត​អែប ​តែ​រថយន្ត​មិន​ព្រម​អែប បែរ​​បើក​​ថយក្រោយ​កិន​ម៉ូតូ​របស់​គាត់​ទៀត ទើប​គាត់​ដោះ​មួក​វាយ​បែក​កញ្ចក់​រថយន្ត​ផ្ទាំង​ខាងក្រោយ​តែ​ម្តង ។

រីឯ​​​ម្ចាស់​រថយន្ត​​​វិញ​បាន​​​ប្រាប់​​​ថា គាត់​​​ឈប់​​រថយន្ត​មួយ​ភ្លែត​តែ​ប៉ុណ្ណោះ ​ដើម្បី​ទិញ​បន្លែ ខណៈ​​​គាត់​កំពុង​តែ​​ជញ្ជូន​បន្លែ​ដាក់​លើ​រថ​យន្ត ស្រាប់តែ​ម៉ូតូ​​នោះ​មក​ដល់​ចុច​ស៊ី​ផ្លេ​ ទោះបីជា​គាត់​ប្រាប់​ថា​ សុំ​បន្តិច​ តែ​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​គាត់​ ហើយ​យក​​មួ​​ក​សុវត្ថិ​ភាព​​វាយ​នឹង​កញ្ចក់​បែក​ផ្ទាំង​ក្រោយ ។

​ភាគី​ទាំង​២​​បាន​​ឈ្លោះប្រកែក​គ្នា ​ដោយសារ​តែ​បុរស​ជា​អ្នកជិះ​​ម៉ូតូ​ស្រវឹង​ផង​នោះ​ និយាយ​លែង​ដឹង​ខុស និង​បង្កឱ្យ​​​កកស្ទះ​ចរា​ចរណ៍​ជាង​២​ម៉ោង ទំរាំ​​តែ​សមត្ថកិច្ច​​ឃាត់​ភាគី​ទាំង​សង​ទៅ​ចរចា​គ្នា​នៅ​ប៉ុស្តិ៍​នគរបាល​ផ្សារ​ដើម​គ ហើយ​អ្នក​ជិះ​​ម៉ូតូ​ បាន​ហៅ​កូនស្រី​មក​ជួយ​អន្តរាគមន៍​ ទើប​កូនស្រី​ចេញ​មុខ​ចរចា​ ដោយ​កូនស្រី​សុំ​សង​ទៅ​ម្ចាស់​រថយន្ត​ចំនួន​១០០​ដុល្លារ​ ដើម្បី​បញ្ចប់រឿង ។