តាម​ទាន់​ប្ដី​នាំ​ស្រី​មក​ដេក​ក្នុង​បន្ទប់​ជួល ​ឈាន​ដល់​មក​ប្ដឹង​លែងលះ​គ្នា​ត្រឹម​ប៉ុស្តិ៍​

តាម​ទាន់​ប្ដី​នាំ​ស្រី​មក​ដេក​ក្នុង​បន្ទប់​ជួល ​ឈាន​ដល់​មក​ប្ដឹង​លែងលះ​គ្នា​ត្រឹម​ប៉ុស្តិ៍​



ភ្នំពេញ ៖ ស្ត្រី​ជា​ប្រពន្ធដើម​បាន​ដាច់ចិត្ត​ សុំ​ប្ដឹង​លែងលះ​ជាមួយ​លោក​ប្ដី​របស់​ខ្លួន ​នៅ​ត្រឹម​ប៉ុស្តិ៍​ចោមចៅ ​បន្ទាប់ពី​លួច​តាមដាន​ទាន់ ​លោក​ប្ដី​របស់​ខ្លួន ​លួច​នាំ​ស្រី​ថ្មី​មក​ដេក​ស្នាក់នៅ​ជាមួយគ្នា​យ៉ាង​មាន​ក្ដី​សុខ​ តែ​នាង​សុំ​ជូនពរ​ឲ្យ​ពួកគេ​មាន​ក្ដី​សុខ​ និង​បាន​សុំ​ឲ្យ​ប្ដី​ជួយ​ផ្ដល់​អាហារកិច្ច​ដល់​កូន​ម្នាក់​នេះ​ផង​។

ហេតុការណ៍​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់​ ថ្ងៃទី​១២ ​ខែកក្កដា​ឆ្នាំ​២០១៦​ នៅ​ចំណុច​ផ្ទះ​ជួល​ភូមិ​ជំពូវ័ន្ត​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍សែន​ជ័យ។

បុរស​ជា​ប្តី​មាន ឈ្មោះ​ ម៉ន ធីតា មាន​អាយុ​២៨​មុខរបរ​កម្មករ​រោងចក្រ​ស្នាក់នៅ​ភូមិ​កើតហេតុ​ខាងលើ​មាន​ស្រុកកំណើត​នៅ​ភូមិបរ​ធ្នង់​ ឃុំ​អង្គរមាស ​ស្រុក​ដងទង់​ខេត្តកំពត​។ ប្រពន្ធ​ឈ្មោះ​ឌិ​ត ថុ​នា អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ​ ស្នាក់នៅ​សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​ភូមិកំណើត​នៅ​ភូមិ​ក្រ​បាក់​ ឃុំ​អង្គ​ប្រាសាទ​ ស្រុក​គីរីវង់​ ខេត្តតាកែវ នឹង​មាន​កូនស្រី​ម្នាក់​អាយុ​៣​ឆ្នាំ​រស់នៅ​ស្រុក​ខាង​ប្តី​។ ឯ​ស្រី​ថ្មី​របស់​ប្ដី​ឈ្មោះ ហ៊ុំ ប៊ូ​លី អាយុ​២៦​ឆ្នាំ​មុខរបរ​កម្មករ​រោងចក្រ ទើប​មក​រស់នៅ​ជាមួយ​ប្តី​គេ​បាន​៣​ថ្ងៃ មាន​ស្រុកកំណើត​នៅ​ភូមិ​កកោះ​ ឃុំ​ជ័យជំនះ​ ស្រុក​សន្ទុក​ខេត្ត​កំពង់ធំ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រពន្ធដើម បាន​និយាយ​ថា ​ក្នុង​រយៈពេល​កន្លងមក​នេះ ​រវាង​ប្ដី ប្រពន្ធ​របស់​គាត់​ហាក់​រស់នៅ​មិន​ចុះ​សម្រុង​គ្នា​សោះ ហើយ​ម្យ៉ាងទៀត​ដោយសារ​ការរស់នៅ​ទីនេះ ​ថ្លៃឈ្នួល​ផ្ទះ​ថ្លៃ​ពេក​ គាត់​បាន​បបួល​ប្ដី​ទៅ​រក​ជួល​បន្ទប់​ផ្សេងទៀត​ ក្រែង​ធូរថ្លៃ​ជាង​នេះ​ តែ​ប្ដី​របស់​នាង​មិន​ព្រម​ចាក​ចេញពី​បន្ទប់​ជួល​នេះ​ទេ ចំណែក​នាង​ប្រពន្ធដើម​វិញ​ បាន​ទៅ​រក​ជួល​បន្ទប់​ផ្សេង​បាន​ហើយ​និង​បាន​រស់នៅ​ទីនោះ​ជិត​មួយ​ខែ​ទៀត​ផង​ ដោយ​ប្ដី​របស់​នាង​មិនបាន​ទៅ​រស់នៅ​ជាមួយគ្នា​ទេ ពោល​គឺ​រស់នៅ​បែក​គ្នា​ជិត​មួយ​ខែ​មក​ហើយ​ ដោយឡែក​នៅ​ថ្ងៃ​កើតហេតុ​នេះ ​នាង​បាន​មក​រើ​យក​ឥវ៉ាន់​ខ្លះ​ទៀត​ ដែល​មិនទាន់​យក​ទៅ​អស់​ ស្រាប់​តែ​ប្រទះឃើញ​លោក​ប្ដី​មាន​ស្រី​ថ្មី​មក​ដេក​នៅ​ជាមួយគ្នា​យ៉ាង​ផ្អែមល្ហែម​ទៅវិញ ​ធ្វើ​ឲ្យ​នាង​មានការ​ខឹងសម្បា​យ៉ាង​ខ្លាំង ​និង​បាន​រើក​កាយ​ឥវ៉ាន់​របស់​ប្ដី​ឲ្យ​រប៉ាត់រប៉ាយ​អស់​បង្ក​ជា​ទំនាស់​ពាក្យ​សម្ដី​គ្នា។

នាង​ប្រពន្ធដើម​បាន​បន្ត​ទៀត​ថា ខណៈ​ពេល​ឃើញ​ប្តី​មាន​ស្រី​ថ្មី​ដោយ​មិនទាន់​លែងលះ​គ្នា​ផង​នាង​តូច​ចិត្ត​យ៉ាង​ខ្លាំង​បាន​រើ​ឥវ៉ាន់​ចោល ​ស្រាប់តែ​ស្រី​របស់​ប្តី​បាន​វាយ​នាង​តែ​ប្តី​នាង​មិន​អើពើ​ជួយ​នាង​នោះ​ទេ​ ហើយ​នាង​ចេញ​មក​ក្រៅ​ រួច​ចាក់សោ​ពី​ក្រៅ​ហើយ​មក​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ តែ​ខណៈ​ពេល​ដែល​នាង​មក​ប្ដឹង​នគរបាល​នោះ​ ប្ដី​បាន​តេ​ឲ្យ​សាច់ញាតិ​ជួយ​មក​ចាក់សោ​ចេញ​។

បើ​តាម​បុរស​ជា​ប្តី​បាន​និយាយ​ថា ដោយសារតែ​ប្រពន្ធ​របស់​គាត់​ទៅ​ជួល​ផ្ទះ​ថ្មី​ចោល​គាត់​ម្ល៉ោះ​ហើយ​ទើប​គាត់​រក​ស្រី​ថ្មី​មក​កំដរ​តែ​ម្តង​។ នារី​ជា​ស្រី​ថ្មី​វិញ បាន​និយាយ​ដែរ​ថា​ ហេតុតែ​ឃើញ​បុរស​ខាងលើ​មក​លួងលោម​ ហើយ​និយាយ​ប្រាប់​នាង​ថា​ ប្រពន្ធ​ខ្លួន​ចុះ​ចោល​គាត់​បាត់​ហើយ​ នារី​ខាងលើ​ឃើញ​ប្តី​គេ​ស្លូតបូត​មិនសូវ​ចេះ​និយាយ​ស្ដី​ច្រើន​ ហើយក៏​ទំនាក់ទំនង​ស្នេហា​ជាមួយគ្នា​ជាង​មួយ​ខែ​មក​ហើយ តែ​នាង​ទើប​មក​ដេក​ស្នាក់នៅ​ជាមួយគ្នា​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ។

ក្រោយពេល​កើតហេតុ​នារី​ជា​ប្រពន្ធដើម​ ដោយ​អស់ចិត្ត​នឹង​ប្តី​របស់​ខ្លួន តែ​មិន​ប្តឹង​ផ្តល់​អ្វី​ឡើយ​សូម​ឲ្យ​អ្នក​ទាំងពីរ​នាក់​រួមរស់​ជាមួយគ្នា​ឲ្យ​បាន​សុខ​ចុះ ​តែ​នាង​សុំ​សំណូមពរ​ដោយ សុំ​កូនស្រី​យក​ទៅ​នៅ​ជាមួយ​ហើយ​សូម​ឲ្យ​ប្តី​ផ្ដល់​អាហារកិច្ច​ខ្លះ​ដល់​កូន​ផង។

ទោះជា​យ៉ាងណា​នគរបាល​មិនបាន​ធ្វើ​ឯកសារ​លែងលះ​ឲ្យ​ភាគី​ទាំងពីរ​នោះ​ទេ ​ដោយ​បាន​ណែនាំ​ឲ្យ​ទៅ​ដាក់ពាក្យ​បណ្ដឹង​នៅ​សង្កាត់​វិញ​តែ​ពួកគេ​មិនបាន​ទៅរក​ខាង​សង្កាត់​នោះទេ​គឺ​គេ​នាំគ្នា​ជិះ​ម៉ូតូ​ចេញទៅ​បាត់​រៀងៗ​ខ្លួន​ ដោយ​ប្ដី​ឌុប​ស្រី​ថ្មី​ទៅវិញ​ហើយ​ប្រពន្ធដើម​ជិះ​ម៉ូត​ទៅ​ដោយ​ខ្លួនឯង៕

តាម​ទាន់​ប្ដី​នាំ​ស្រី​មក​ដេក​ក្នុង​បន្ទប់​ជួល ​ឈាន​ដល់​មក​ប្ដឹង​លែងលះ​គ្នា​ត្រឹម​ប៉ុស្តិ៍​

តាម​ទាន់​ប្ដី​នាំ​ស្រី​មក​ដេក​ក្នុង​បន្ទប់​ជួល ​ឈាន​ដល់​មក​ប្ដឹង​លែងលះ​គ្នា​ត្រឹម​ប៉ុស្តិ៍​