អាជ្ញាធរ​ជាតិ​ជំរុញ​ឲ្យ​ខេត្ត​ស្ទឹងត្រែង​ ពង្រឹង​យន្តការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

អាជ្ញាធរ​ជាតិ​ជំរុញ​ឲ្យ​ខេត្ត​ស្ទឹងត្រែង​ ពង្រឹង​យន្តការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​



ស្ទឹងត្រែង ៖ នៅ​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ នៅ​ខេត្ត​ស្ទឹងត្រែង​ថ្ងៃ​១២ ខែ​កក្កដា​នេះ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ជំរុញ​ឲ្យ​សមត្ថកិច្ច​ជំនាញ និង​អ្នក​ពាក់ព័ន្ធ​បង្កើន​យន្តការ ពង្រឹង​សមត្ថភាព​ធ្វើ​កិច្ច​សហប្រតិបត្តិការ បង្ក្រាប​គ្រឿងញៀន​ឲ្យ​មាន​ប្រសិទ្ធភាព ក្នុងពេលដែល​បច្ចុប្បន្ន​នេះ ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​នៅ​មាន​បញ្ហា​ប្រឈម​នៅឡើយ។

លោក​ឧត្ដមសេនីយ៍​ឯក ម៉ក ជី​តូ​អគ្គ​ស្នងការ​រង​នគរបាល​ជាតិ​ និង​ជា​អគ្គលេខាធិការរង​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មាន​ប្រសាសន៍​ថា បញ្ហា​បង្ក្រាប​គ្រឿងញៀន​សមត្ថកិច្ច​ចម្រុះ​នៅ​ក្នុង​ខេត្ត​ក៏ដូចជា​ក្រសួង​បាន​ធ្វើ​សកម្មភាព​យ៉ាងសកម្ម​សម្រេច​លទ្ធផល​បាន​ល្អ​ប្រសើរ​ក្នុង​មួយឆ្នាំៗ។

លោក​ឧត្ដមសេនីយ៍​មាន​ប្រសាសន៍​បន្ថែម​ថា ដើម្បី​បង្កើន​ប្រសិទ្ធភាព​លើ​សកម្មភាព​នេះ​និង​បញ្ចៀស​ឲ្យ​ផុត​ពី​ពាក្យ​រិះគន់​ថា ខេត្ត​ស្ទឹងត្រែង​ជា​ទឹកដី​ជនល្មើស​នាំ​គ្រឿងញៀន​ឆ្លងកាត់ ស្នើ​ឲ្យ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ពង្រឹង​យន្តការ​បង្ការ ទប់ស្កាត់ បង្ក្រាប​ឲ្យ​បាន​សកម្ម​ថែម​ទៀត ជាពិសេស​អនុវត្ត​កិច្ចសហការ​ឲ្យ​បាន​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​និង​ប្រជាពលរដ្ឋ។

លោក​ឧត្ដមសេនីយ៍​ឯក​អគ្គលេខា​ធិការរង​ នៃ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​មាន​ប្រសាសន៍​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ ព្រះសង្ឃ ​និង​ប្រជា​ពលរដ្ឋ​សិស្សានុសិស្ស​ចំនួន​ជាង​១៥០០​នាក់ ដែល​បាន​មក​ចូលរួម​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ថ្ងៃនេះ ត្រូវ​សម្រេច​ចិត្ត​ទាំង​អស់គ្នា ធ្វើជា​ជន​បង្គោល​ក្នុង​ការ​ជួយ​អប់រំ​ដល់​អ្នក​ទី​២ ​និង​ក្រុម​គ្រួសារ ឲ្យ​យល់​ពី​គ្រោះថ្នាក់​នៃ​ការប្រើប្រាស់ និង​បញ្ឈប់​ការ​រក្សា​ទុក ​និង​ការ​ជួញដូរ​គ្រឿងញៀន។

លោក​លន់ យូ តំណាង​សហគមន៍​បាន​ចាត់ទុកថា​ ការ​ទទួល​បាន​ចំណេះដឹង​និង​យកចំណេះ​ទៅ​ជួយ​ផ្សព្វផ្សាយ​បន្ត​ជា​ចំណែក​មួយ​ជួយ​ដល់​សង្គមជាតិ​ និង​ធ្វើ​ឲ្យ​ភូមិ​ឃុំ​មាន​សុខ​សុវត្ថិភាព​យុវជន​មាន​អនាគត​ល្អ។

លោក​បន្ត​ថា ក្នុងនាម​សហគមន៍ ​លោក​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត​ ជួយ​ផ្តល់​ការអប់រំ​ដល់​កូនចៅ​យុវវ័យ​ឲ្យ​នាំគ្នា​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន (​ចូលរួម​ទាំង​អស់​គ្នា​ ដើម្បី​ជីវិត​ និង​សហគមន៍​យើង​គ្មាន​គ្រឿងញៀន​)។

លោក​ឧត្ដមសេនីយ៍​ត្រី ម៉ៅ​តា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង​ បាន​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៦​ខេត្ត​ស្ទឹងត្រែង​កម្លាំង​ជំនាញ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​៣​ករណី ស្មើ​និង​៣៧​លើក​ឃាត់ខ្លួន​ជនសង្ស័យ​៦៨​នាក់​ក្នុង​នោះ​ស្រី​៤​នាក់ ​និង​មាន​ជនជាតិ​ឡាវ​១២​នាក់​-​ខ្មែរឥស្លាម​១​នាក់​- ខ្មែរ​៥៥​នាក់ រួម​និង​វត្ថុតាង​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មីន​គ្រាប់​២៨.២៣២​គ្រាប់​មេតំ​ហ្វេ​តា​មីន​ម្សៅ​៩.២៥២,១៦​ក្រាម​និង​ហេ​រ៉ូ​អ៊ី​ន​ចំនួន​២.១០២,៣​ក្រាម។

លោក​ឧត្ដមសេនីយ៍ត្រី ស្នងការ​បញ្ជាក់​ទៀត​ថា បន្ថែម​ពីលើ​នេះ សមត្ថកិច្ច​ជំនាញ​បាន​ប្រើប្រាស់​កម្លាំង​និង​មធ្យោបាយ សរុប​ក្រោម​កិច្ចសហការ​ជាមួយ​កម្លាំង​ជំនាញ​ផ្សេងៗ​ទៀត​អនុវត្ត​ការងារ​ទប់ស្កាត់ ​និង​បង្ក្រាប​ឲ្យ​ចំ​គោលដៅ​ ដើម្បី​ធ្វើ​ឲ្យ​សង្គមជាតិ​យើង​ទាំងមូល​ចៀស​ផុត​ពី​ការ​គំរាម​កំហែង​ពី​គ្រឿងញៀន។

សូម​បញ្ជាក់​ថា នៅ​ក្នុង​ទិវា​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន សកត្ថ​កិច្ច​ជំនាញ​ក៏បាន​ធ្វើ​ការ​ដុត​កម្ទេចកំទី​គ្រឿងញៀន​ប្រភេទ​មេតំ​ហ្វេ​តា​មី​ចំនួន​៣៥៧១.៩៤២ ក្រាម​និង​ប្រភេទ​គ្រាប់​៧១៦២​គ្រាប់​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​ស្អាប់​ខ្ពើម​ និង​រួម​គ្នា​ប្រឆាំង គ្រឿងញៀន៕

អាជ្ញាធរ​ជាតិ​ជំរុញ​ឲ្យ​ខេត្ត​ស្ទឹងត្រែង​ ពង្រឹង​យន្តការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​
អាជ្ញាធរ​ជាតិ​ជំរុញ​ឲ្យ​ខេត្ត​ស្ទឹងត្រែង​ ពង្រឹង​យន្តការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​

អាជ្ញាធរ​ជាតិ​ជំរុញ​ឲ្យ​ខេត្ត​ស្ទឹងត្រែង​ ពង្រឹង​យន្តការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​