ក្រសួង​វប្បធម៌ ដាក់​ភ្លើង​ក្រហម​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” និង “ស៊ី​បាន ចេះ​តែ​ស៊ី​ទៅ”

ក្រសួង​វប្បធម៌ បាន​សម្រេច​ហាម​ឃាត់​ចំពោះ​បទ​ចម្រៀង​ខ្មែរ​២​បទ គឺ​បទ “ទាល់​តែ​យូរ ទើប​ស៊ី​អូន​បាន”របស់​ផលិតកម្ម U Music និង​បទ “ស៊ី​បាន ចេះ​តែ​ស៊ី​ទៅ” របស់​ផលិតកម្ម​ថោន មិន​អោយ​ថត​ជា​វីដេអូ​ចម្រៀង ឬ​យក​ទៅ​ច្រៀង​លើ​ឆាក​តន្ត្រី​នានា​ឡើយ។ នេះ​បើ​តាម​លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត បញ្ចេញ​ឲ្យ​ដឹង។

 

ចំណាត់​ការ​នេះ របស់​ក្រសួង​វប្បធម៌ បន្ទាប់​ពី​បទ​ចម្រៀង​ទាំង​ពីរ​ខាង​លើ បាន​ធ្វើ​ឲ្យ​មាន​ការ​រិះគន់​ធ្ងន់​ៗ​ពី​មហាជន​ទៅ​លើ​ការ​ប្រើ​ពាក្យពេចន៍​មិន​សមរម្យ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​តម្លៃ​ស្ត្រី​ខ្មែរ ព្រម​ទាំង​រិះគន់​ទៅ​លើ​ការ​លួច​ចម្លង​ស្នាដៃ​បទ​ភ្លេង​របស់​ប្រទេស​ជិត​ខាង​ផង។

 

ក្រសួង​វប្បធម៌ ដាក់​ភ្លើង​ក្រហម​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” និង “ស៊ី​បាន ចេះ​តែ​ស៊ី​ទៅ”

 

លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌

 

លោក ស៊ិន ចន្ទសាយ៉ា ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌ បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​រឿង​កើត​ឡើង​លើ​បទ​ចម្រៀង​ទាំង​ពីរ ក្រសួង​បាន​កោះ​ប្រជុំ​ក្រុម​ការងារ ចុង​ក្រោយ​បាន​សម្រេច​ហៅ​ផលិតកម្ម​ទាំង​ពីរ​មក​ជួប​ធ្វើ​ការ​ណែនាំ និង​ធ្វើ​កិច្ច​សន្យា ដោយ​ក្នុង​នោះ ផលិតកម្ម U Music មាន​ចាងហ្វាង អ្នក​និពន្ធ និង​តារា​ចម្រៀង ម៉ាលីស។

 

ដោយ​ឡែក​ផលិតកម្ម​ថោន​វិញ មាន​អ្នក​និពន្ធ និង​អ្នក​គ្រប់​គ្រង​ទូទៅ ជា​អ្នក​ចេញ​មុខ​មក​ជួប ខណៈ​តារា​ចម្រៀង កែវ វាសនា អត់​នៅ​ក្នុង​ប្រទេស។ ស៊ិន ចន្ទសាយ៉ា ថ្លែង​ថា “យើង​បាន​ណែនាំ​ពួក​គាត់ និង​ឲ្យ​ពួក​គាត់​ផ្ដិត​មេដៃ​លើ​កិច្ច​សន្យា មិន​ឲ្យ​ផលិត​ជា​វីដេអូ​ចម្រៀង ឬ​ខារ៉ាអូខេ និង​មិន​ឲ្យ​យក​បទ​ទាំង​ពីរ​នេះ ទៅ​ច្រៀង​លើ​ឆាក​តន្ត្រី​ចល័ត​នានា ឬ​កម្មវិធី​តន្ត្រី​ទូរទស្សន៍​ណា​មួយ​ឡើយ”។

 

បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” ច្រៀង​ដោយ​តារា​ចម្រៀង ចាន់ ម៉ាលីស របស់​ផលិតកម្ម U Music  មិន​ទាន់​បាន​ថត​ជា Audio CD ទេ គឺ​ទើប​តែ​និពន្ធ​ចប់ តារា​ចម្រៀង ម៉ាលីស បាន​យក​ទៅ​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​របស់​ទូរទស្សន៍ MyTV ក៏​កើត​ការ​រិះគន់​តែ​ម្ដង។ ដោយ​ឡែក​បទ “ស៊ី​បាន ចេះ​តែ​ស៊ី​ទៅ” របស់​ផលិតកម្ម​ថោន ច្រៀង​ដោយ កែវ វាសនា បាន​ចេញ Audio CD លក់​លើ​ទីផ្សារ​ហើយ។ នេះ​បើ​តាម​លោក មាស សុខរតនៈ អ្នក​ចាត់​ការ​ទូទៅ​របស់​ផលិតកម្ម ប៉ុន្តែ​ថា ចំណាត់​ការ​របស់​ក្រសួង​មិន​ប៉ះពាល់​ដល់​ការ​លក់ CD នេះ​ឡើយ ព្រោះ Audio CD ក្រសួង​មិន​តម្រូវ​ឲ្យ​ឆ្លង​ឡើយ។

 

ក្រសួង​វប្បធម៌ ដាក់​ភ្លើង​ក្រហម​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” និង “ស៊ី​បាន ចេះ​តែ​ស៊ី​ទៅ”

 

ងាក​មក លោក ស៊ិន ចន្ទសាយ៉ា ក៏​បញ្ជាក់​ដែរ​ថា ក្រសួង​មិន​មាន​ចំណាត់​ការ​លើ​ Audio CD ដែល​ចេញ​លក់​រួច​នោះ​ហើយទេ គឺ​គ្រាន់​តែ​ហាម​​មិន​ឲ្យ​ផលិត​ជា​វីដេអូ​ចម្រៀង ឬ​យក​ទៅ​ច្រៀង​នៅ​តាម​ឆាក​តន្ត្រី កម្មវិធី​តន្ត្រី​ទូរទស្សន៍​ណា​មួយ​ប៉ុណ្ណោះ។

 

“បទ “ស៊ី​បាន ចេះ​តែ​ស៊ី​ទៅ” គេ​ចេញ​លក់​រួច​ហើយ អីចឹង កុំ​អោយ​តែ​យក​ទៅ​ថត​ជា​ខារ៉ាអូខេ ឬ​យក​ទៅ​ច្រៀង​នៅ​ទី​ណា​អី​ទៅ​បាន​ហើយ ហើយ​ចាំ​ជួយ​តាម​ដាន​មើល​ផង ក្រែង​គេ​យក​ទៅ​ច្រៀង​នៅ​ណា យើង​អត់​ដឹង!”។ លោក ស៊ិន ចន្ទ​សាយ៉ា ថ្លែង។

 

បទ​ចម្រៀង​ទាំង​ពីរ​បទ​ខាង​លើ បាន​ទទួល​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មហាជន បន្ទាប់​ពី​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” ត្រូវ​បាន​យក​ទៅ​ច្រៀង​នៅ​លើ​ឆាក​តន្ត្រី​របស់​ទូរទស្សន៍​ក្នុង​ស្រុក​មួយ។ ក្រោយ​មក មហាជន ក៏​បាន​បន្ត​មក​រិះគន់​បទ “ស៊ី​បាន ចេះ​តែ​ស៊ី​ទៅ” ទៀត ដោយ​សារ​ទាំង​ពីរ​បទ បាន​យក​បទ​ភ្លេង​តែ​មួយ​ពី​ប្រទេស​ជិត​ខាង​មួយ​ដូច​គ្នា ហើយ​ពាក្យពេចន៍ មហាជន​យល់​ថា មិន​សមរម្យ និង​ប៉ះពាល់​ដល់​តម្លៃ​នារី​ខ្មែរ​ដូច​គ្នា​ទៀត។

 

ក្រសួង​វប្បធម៌ ដាក់​ភ្លើង​ក្រហម​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” និង “ស៊ី​បាន ចេះ​តែ​ស៊ី​ទៅ”

 

ករណី​នេះ ក្រសួង​ព័ត៌មាន បាន​ចេញ​សេចក្ដី​ប្រកាស​ភ្លាម​នា​ថ្ងៃ​បន្ទាប់ ដោយ​ហាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​ទាំង​អស់ មិន​ឲ្យ​ចាក់​ផ្សាយ​បទ​ទាំង​ពីរ​ខាង​លើ​នេះ។ យ៉ាង​ណា​ក្ដី​បន្ទាប់​ពី​ប្រកាស​របស់​ក្រសួង​ព័ត៌មាន និង​មហាជន​នៅ​តែ​រិះគន់ ពិសេស​ក្រោយ​ជំនួប​ជាមួយ​ក្រសួង​វប្បធម៌ ផលិតកម្ម U Music ម្ចាស់​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” បាន​សម្រេច​លុប​ចោល មិន​ចេញ​ចរាចរណ៍​លើ​ទីផ្សារ​ឡើយ បើ​ទោះ​មុន​នេះ​មួយ​ជំហាន ធ្លាប់​បាន​សម្រេច​ថា​ ប្ដូរ​ត្រឹម​ចំណង​ជើង និង​ខ្លឹម​សារ​ខ្លះ​ៗ​ក៏​ដោយ។

 

ដោយ​ឡែក​បទ “ស៊ី​បាន ចេះ​តែ​ស៊ី​ទៅ” បាន​ចេញ​លក់ CD លើ​ទីផ្សារ មុន​ផ្ទុះ​រឿង​ទៅ​ទៀត។ យ៉ាង​នេះ​ក្ដី បទ​នេះ និង​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន” ទទួល​ចំណាត់​ការ​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ មិន​ឲ្យ​ផលិត​ជា​ខារ៉ាអូខេ ហើយ​តារា​ចម្រៀង ក៏​មិន​អាច​យក​ទៅ​ច្រៀង​នៅ​កម្មវិធី​តន្ត្រី​នានា​ដូច​គ្នា​នា​ពេល​នេះ៕

 

ក្រសួង​ព័ត៌មាន​ចេញ​លិខិត​ហាម​ចាក់​ផ្សាយ​បទ “ស៊ី​បាន​ចេះ​តែ​ស៊ី​ទៅ” និង​បទ “ទាល់​តែ​យូរ​ទើប​ស៊ី​អូន​បាន”

 

អត្ថបទ៖ ទារិកា