កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​នៃ​វេទិកា​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តំបន់​ទន្លេ​មេគង្គ​លើក​ទី​១

កាល​ពី​ព្រឹកថ្ងៃ​ទី​១២-កក្កដា ម្សិលមិញ​នេះ ធនាគារ​ជាតិ​នៃ​កម្ពុជា (NBC) បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ និង​ប្រកាស​បើក​វេទិកា​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តំបន់​មេគង្គ​លើក​ទី១ (Mekong Financial Inclusion Forum) ជា​ផ្លូវការ​ នៅ​សណ្ឋាគារ អាំងទែរកុងទីណង់តាល់ រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​របស់​លោក​ជំទាវ នាវ ចាន់ថាណា អនុប្រធាន​ទេសាភិបាល​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។

 

Mekong Financial Inclusion Forum ដែល​មាន​រយៈ​ពេល ៤ ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ទី​១៤-កក្កដា នេះ គឺ​ជា​គំនិត​ផ្ដួច​ផ្ដើម​ឧស្សាហ​កម្ម​ធំ​ថ្មី​មួយ​ដើម្បី​ស្វែង​រក និង​ពិភាក្សា​គ្នា​អំពី​ភាព​ខុស​គ្នា ស្រដៀង​គ្នា និង​ឱកាស​ដើម្បី​សម្រេច​បាន​បរិយាប័ន្ន​នៅ​ក្នុង​តំបន់។ វេទិកា​នេះ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ពង្រឹង​កិច្ច​សហប្រតិបត្តិការ និង​ផ្លាស់​ប្ដូរ​ចំណេះ​ដឹង​រវាង​បណ្ដា​ប្រទេស និង​ស្ថាប័ន​ផ្សេងៗ ដើម្បី​អភិវឌ្ឍ​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តាម​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ទាំង​៦ គឺ​កម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា ថៃ ចិន (ខេត្ត​យូណាន និង​តំបន់​ស្វយ័ត​ក្វាងស៊ីចុង)។

 

លោក Chandula Abeywickrema ប្រធាន​ Banking with the Poor Network (BWTP) ដែល​ជា​អ្នក​ផ្ដួចផ្ដើម​វេទិកា​នេះ​ឡើង បាន​ថ្លែង​ថា “ភាគី​ពាក់ព័ន្ធ ក្នុង​នោះ​រួម​មាន ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ហិរញ្ញវត្ថុ​ឯកជន គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល បាន​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​គំរូ​អាជីវកម្ម​ថ្មី ដំណោះស្រាយ​បច្ចេកវិទ្យា និង​បណ្ដាញ​បញ្ជូន ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ និង​បង្កើន​បរិយាប័ន្ន​ហិរញ្ញវត្ថុ។ រដ្ឋាភិបាល​ក៏​មាន​តួនាទី​សំខាន់​ក្នុង​ការ​ចូល​រួម​បង្កើត​យុទ្ធសាស្ត្រ​បរិយាប័ន្ន​ថ្នាក់​ជាតិ បង្កើត​គោលនយោបាយ​ថ្មី និង​ផ្ដួចផ្ដើម​បញ្ញត្តិ​ផ្សេងៗ​ផង​ដែរ។ វេទិកា​នេះ គឺ​ជា​ឱកាស​ដ៏​ល្អ​មួយ​ដើម្បី​ចែក​រំលែក​គំនិត និង​ដំណោះស្រាយ​ក្នុង​ការ​កសាង​សេដ្ឋកិច្ច​ថ្នាក់​តំបន់​ឲ្យ​កាន់​តែ​រីក​ចម្រើន”។

 

កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​នៃ​វេទិកា​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តំបន់​ទន្លេ​មេគង្គ​លើក​ទី​១

 Mr. Chandula Abeywickrema, Chairman, BWTP

 

វេទិកា​លើក​ដំបូង​មិន​ធ្លាប់​មាន​ពី​មុន​មក​ មួយ​នេះ មាន​វត្ត​មាន​ចូល​រួម​ពី​ភ្ញៀវ​កិត្តិយស និង​គណៈ​ប្រតិភូ​ជាង ៣០០ នាក់​មក​ពី​មហា​អនុ​តំបន់​ទន្លេ​មេគង្គ​ទាំង ៦ ប្រទេស។ អ្នក​ចូលរួម គឺ​ជា​តំណាង​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ (MIFs) ភ្នាក់ងារ​រដ្ឋាភិបាល សហជីព​ឥណទាន គ្រឹះស្ថាន​តាម​សហគមន៍ ធនាគារ​ពាណិជ្ជ ប្រតិបត្តិ​ករ​បណ្ដាញ​ចល័ត ធនាគារ​កណ្ដាល និង​និយតករ ធនាគារ​អភិវឌ្ឍន៍ ក្រុមហ៊ុន​ធានា​រ៉ាប់រង ស្ថាប័ន​សិក្សា និង​ស្រាវជ្រាវ ម្ចាស់​ឧបត្ថម្ភ អង្គការ​ក្រៅ​រដ្ឋាភិបាល អ្នក​ផ្គត់ផ្គង់​ហិរញ្ញវត្ថុ​ផ្នែក Hardware និង Software និង​ក្រុមហ៊ុន​សេវាកម្ម​ប្រឹក្សា និង​វិជ្ជាជីវៈ។

 

វេទិកា​នឹង​លើក​ចំណុច​សំខាន់ៗ​ដូច​ខាង​ក្រោម​មក​ពិភាក្សា​ពេញ ៣ ថ្ងៃ​ផង​ដែរ៖

– តួនាទី​នៃ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ជាតិ

– បញ្ញត្តិ និង​ការ​ត្រួតពិនិត្យ​ដែល​មាន​ប្រសិទ្ធភាព​បំផុត

– ការ​ប្រើប្រាស់​បច្ចេកវិទ្យា និង​បណ្ដាញ​បញ្ជូន​ជំនួស

– ការ​ផ្ដល់​ការ​អប់រំ​ដល់​ដៃគូ​អាជីវកម្ម និង​ការ​ការពារ​អតិថិជន

– ការ​បង្កើត​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​អាច​ផ្ដល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​មីក្រូ តូច និង​មធ្យម

– ការ​បង្កើត និង​ជំរុញ​ភាព​ជា​ដៃ​គូ​រវាង​វិស័យ​ឯកជន រដ្ឋាភិបាល សហគមន៍ និង​ដៃ​គូ​អភិវឌ្ឍន៍។

 

ដោយ​ឡែក នៅ​ថ្ងៃ​ចុង​ក្រោយ គឺ​ថ្ងៃ​ទី​១៤ នឹង​មាន​ពិព័រណ៍​របស់​វិនិយោគិន​ស្ដី​ពី​មីក្រូ​ហិរញ្ញវត្ថុ​នៅ​តំបន់​ទន្លេ​មេគង្គ។ នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ​នានា ដើម្បី​ជួប​ជាមួយ​អ្នក​វិនិយោគ​មក​ពី​ទូទាំង​តំបន់ និង​លើក​ទឹកចិត្ត​ដល់​ភាព​ជា​ដៃគូ និង​ផ្លាស់​ប្ដូរ​បទ​ពិសោធន៍​គ្នា​ទៅ​វិញ​ទៅ​មក។

 

កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​នៃ​វេទិកា​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តំបន់​ទន្លេ​មេគង្គ​លើក​ទី​១

 

Mekong Financial Inclusion Forum គឺ​ជា​គំនិត​ផ្ដួចផ្ដើម​របស់ Banking with the Poor Network (BWTP) និង​ត្រូវ​បាន​រៀបចំ​ដោយ​មូលនិធិ​សម្រាប់​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍន៍ (FDC) និងAppui au Développement Autonome (ADA) ដោយ​មាន​ការ​សហការ​ជាមួយ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB) និង​មូលនិធិ​អភិវឌ្ឍន៍​មូលធន​របស់​អង្គការ​សហ​ប្រជាជាតិ (UNCDF)។

 

* បរិយាប័ន្ន​ហិរញ្ញវត្ថុ មាន​ន័យ​ថា មនុស្ស​គ្រប់​រូប​អាច​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ។ ឧ. សូម្បី​អ្នក​ក្រីក្រ​ក៏​អាច​ខ្ចី​កម្ចី​ពី​មីក្រូ​ហិរញ្ញវត្ថុ​បាន​ដែរ!

 

កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​នៃ​វេទិកា​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តំបន់​ទន្លេ​មេគង្គ​លើក​ទី​១

លោក​ជំទាវ នាវ ចាន់ថាណា អនុប្រធាន​ទេសាភិបាល​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា

 

កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​នៃ​វេទិកា​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តំបន់​ទន្លេ​មេគង្គ​លើក​ទី​១

Ms. Judith Karl, Executive Secretary, UNCDF

 

កម្ពុជា ធ្វើ​ម្ចាស់​ផ្ទះ​នៃ​វេទិកា​បរិយាប័ន្ន​ហិរញ្ញវត្ថុ​តំបន់​ទន្លេ​មេគង្គ​លើក​ទី​១

 

អត្ថបទ៖ សុផាត