បទល្មើស​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​នៅ​ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ

​មន្ត្រី​អាជ្ញាធរ​ឃុំ​សំរោង និង​មន្ត្រី​អាជ្ញាធរ​ស្រុក​ភ្នំក្រវាញ ត្រូវបាន​ប្រជាពលរដ្ឋ​រិះគន់ថា មិន​ចាត់វិធានការ​ទប់ស្កាត់​ក្រុម​ជនល្មើស​ដែល​ធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​យ៉ាង​ពេញបន្ទុក​នោះទេ ហើយ​បណ្ដោយ​ឲ្យ​បទល្មើស​រាលដាល​កាន់តែខ្លាំង​។ ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ទីតាំង​ដែល​ក្រុម​ជនល្មើស​មួយចំនួន​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​នោះ គឺ​នៅ​ចំណុច​ភ្នំ​យាយ​ម៉ៅ​ខាងកើត ស្ថិត​ក្នុងភូមិ​អង្គ្រង ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់​។ បទល្មើស​បានកើត​ឡើង​ជា​យូរ​មកហើយ ប៉ុន្តែ​មិនទាន់​ឃើញ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ ចាត់វិធានការ​បង្ក្រាប​នៅឡើយ​ទេ​។

​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អង្គ្រង ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ បាន​អំពាវនាវ​ឲ្យ​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ក៏ដូចជា​ប្រធាន​មន្ទីរ​ពាក់ព័ន្ធ ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​ជាបន្ទាន់ កុំ​ឲ្យ​ជនល្មើស​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​តទៅទៀត​។ អ្នក​ដែល​ធ្វើ​សកម្មភាព​ឈូសឆាយ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​នោះ មាន​ម្នាក់​ឈ្មោះ ឈាង ភេទ​ប្រុស រស់នៅ​ភូមិ​តា​ដេ​ស ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ហើយ​សកម្មភាព​របស់​បុគ្គល​នេះ​មិនឃើញ​មន្ត្រី​អាជ្ញាធរ និង​មន្ត្រី​ជំនាញ ចាត់វិធានការ​ទប់ស្កាត់​តាម​តួនាទី​របស់ខ្លួន​នោះឡើយ​។ មាន​ប្រភព​ខ្លះ​បង្ហើប​ឲ្យ​ដឹងថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទទួល​លុយ​ពី​ជនល្មើស​ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅក្នុង​ឃុំ​សំរោង​។

សកម្មជន​ព្រៃឈើ​និង​ប្រជាពលរដ្ឋ​ក្នុងភូមិ​អង្គ្រង សង្ស័យថា​បទល្មើស​ឈូសឆាយ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​ចំណុច​ភ្នំ​យាយ​ម៉ៅ​ខាងកើត យក​ធ្វើជា​កម្មសិទ្ធិ​នោះ​មានការ​បើកដៃ​ពី​មន្ត្រី​អាជ្ញាធរ​ឃុំ មន្ត្រី​អាជ្ញាធរ​ស្រុក និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ភ្នំក្រវាញ​ផងដែរ​។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ទាក់ទង​ទៅនឹង​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នោះ ពួកគាត់​តែងតែ​រាយការណ៍​ទៅ​អាជ្ញាធរ​ស្រុក​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​ផងដែរ ក៏ប៉ុន្តែ​រហូតមកដល់​ពេលនេះ​មិនទាន់មាន​ការទប់ស្កាត់​នៅឡើយ​ទេ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តពោធិ៍សាត់ មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តពោធិ៍សាត់ និង​លោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់ ចាត់វិធានការ​បង្ក្រាប​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​របស់​រដ្ឋ​នៅ​ភ្នំ​យាយ​ម៉ៅ​ខាងកើត ភូមិ​អង្គ្រង ឃុំ​សំរោង ជាបន្ទាន់​៕

sew-6-1 sew-9 sew-3-2 sew-7-1 sew-8