យល់ដឹង​អំពី​ជំហាន​ដំបូង​ក្នុងការ​ទប់ស្កាត់​ការឆ្លង​មេរោគ​អេដស៍​ និពន្ធដោយ : VOA       July-13-2016, 8:40 am         220

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132យល់ដឹង​អំពី​ជំហាន​ដំបូង​ក្នុងការ​ទប់ស្កាត់​ការឆ្លង​មេរោគ​អេដស៍​​វ៉ាស៊ីនតោន​៖ ប្រជាជន​ដែល​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ គឺមាន​មូលហេតុ​មួយចំនួន​។ ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ គឺជា​ការ​ការធ្វើ​តេស្ត​សាមញ្ញ​មួយ ហើយ​អ្នក​មក​ធ្វើតេស្ត​អាច​ដឹង​ពី​លទ្ធផល​របស់ខ្លួន ក្នុង​រយៈពេល​ត្រឹមតែ​ប្រាំ​នាទី​ប៉ុណ្ណោះ​។ បុរស​ម្នាក់​ដែល​ឲ្យ​ស្គាល់​តែ​ឈ្មោះ​របស់គាត់​ថា «Rigo» បាន​និយាយថា​គាត់​លើកទឹកចិត្ត​ឲ្យ​ប្រជាជនមាន​ដើមកំណើត​អាមេរិក​ឡាទីន​ទាំងអស់​ទៅធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​។​

RIGO និយាយថា​៖ «​វា​ជា​រឿង​សំខាន់ ពីព្រោះ​យើង​មិនដឹងថា​ដៃគូ ឬ​អតីត​ដៃគូ​របស់​យើង​មាន​ផ្ទុក​ជំងឺ​អ្វីខ្លះ​»​។ Maria មកដល់​កន្លែង​ធ្វើតេស្ត​ជាមួយ​កូនតូច​ដ៏​ស្អាត​ម្នាក់​ឈ្មោះ Zoey​។

​នាង​បាន​និយាយថា​៖ «​ចំពោះ​ខ្ញុំ វា​សំខាន់​ខ្លាំងណាស់​ក្នុងការ​ធ្វើតេស្ត​ឈាម​រក​មេរោគ​អេដស៍ ពីព្រោះ​យើង​យកចិត្តទុកដាក់​ចំពោះ​គ្រួសារ និង​មិត្តភក្តិ​របស់​យើង​។ ប្រសិនបើ​យើង​មិនដឹង​ទេ​ថា​ខ្លួន​យើង​ផ្ទុក​ឬ​មិន​ផ្ទុកមេរោគ​អេដស៍ ធ្វើ​ម៉េច​យើង​ដឹង​ទៅ​ថា​យើង​កំពុងតែ​ចម្លងរោគ​ទៅ​មនុស្ស​ជាទី​ស្រឡាញ់​ឬ​អត់​នោះ​?»​។​

​ជំងឺអេដស៍​/​មេរោគ​អេដស៍ គឺអាច​ការពារ និង​ព្យាបាល​បាន​។ អ្នក​ផ្ទុកមេរោគ​អេដស៍ អាច​រស់នៅ​ធម្មតា ដរាបណា​ពួកគេ​បន្ត​ការព្យាបាល​។ ការព្យាបាល ក៏​អាចជួយ​ដល់​អ្នក​ដែល​ប្រឈម​នឹង​ការផ្ទុក​មេរោគ​អេដស៍ ឲ្យ​ស្ថិតក្នុង​ស្ថានភាព​គ្មាន​ជំងឺអេដស៍​ផងដែរ​។ យោងតាម​ប្រសាសន៍​របស់លោក​បណ្ឌិត Tom Frieden ជា​នាយក​មជ្ឈមណ្ឌល​ទ​ប់​ស្កាត់ និង​បង្ការ​មេរោគ បាន​និយាយប្រាប់ VOA​តាមរយៈ​ប្រព័ន្ធ Skype​ថា នៅក្នុង​សង្គម​អាមេរិក​ភាគច្រើន អត្រា​ឆ្លង​មេរោគ​អេដស៍​កំពុងតែ​ធ្លាក់ចុះ​។​

​លោក​បណ្ឌិត​បាន​បន្តថា​៖ «​យើង​បានឃើញ​ការថយចុះ​យ៉ាងខ្លាំង​នៃ​ការឆ្លង​មេរោគ​តាមរយៈ​ការ​រួមភេទ​ផ្ទុយគ្នា គឺ​ថយចុះ​ជាង​ពីរភាគបី ស្មើនឹង​៨០​ភាគរយ​... ជាទូទៅ យើង​ឃើញ​មានការ​ថយចុះ​ខ្លាំង​នៃ​ការឆ្លង​មេរោគ​តាមរយៈ​ការប្រើប្រាស់​ម្ជុលចាក់​ថ្នាំ ប៉ុន្តែ​ក្នុងចំណោម​បុរស​ក្មេងៗ​ដែល​រួមភេទ​ជាមួយ​បុរស​ដូចគ្នា យើង​ឃើញថា​ការឆ្លង​មេរោគ​អេដស៍​នេះ មានការ​កើនឡើង​»​។

​នៅ​សហរដ្ឋអាមេរិក ក្រុមមនុស្ស​ដែល​ប្រឈម​នឹង​មេរោគ​នេះ​ខ្លាំងជាងគេ គឺ​ក្រុមមនុស្ស​និយាយ​ភាសា​អេ​ស្ប៉ា​ញ និង​ក្រុម​ជនជាតិ​អាមេរិក​ដើមកំណើត​អាហ្វ្រិក​។ លោក Rodney McCoy អ្នកផ្តល់​ប្រឹក្សា​ដល់​ក្រុម​ទាំងពីរ​នេះ នៅ​អង្គការ Nova Salud បាន​ឲ្យ​ដឹងថា​៖« ស្ត្រី​ដែល​គ្រប់​អាយុ​មាន​ផ្ទៃពោះ និង​ស្ត្រី​ក្មេងៗ ប្រជាជនមាន​ដើមកំណើត​អាមេរិក​ឡាទីន​ដែល​ស្រឡាញ់​ភេទ​ដូចគ្នា និង​ស្រឡាញ់​ភេទ​ទាំងពីរ គឺ​កំពុងស្ថិត​ក្នុងការ​ប្រឈម​នឹង​បញ្ហា​នេះ​ខ្លាំង​បំផុត​។ យើង​ក៏បាន​កត់សម្គាល់​និន្នាការ​ស្រដៀង​នេះ​ក្នុងចំណោម​ប្រជា​ជាន​អាមេរិក​ដើមកំណើត​អាហ្វ្រិក​ផងដែរ​។ នៅពេលដែល​យើង​ពិនិត្យមើល​អ្នក​ផ្ទុកមេរោគ​អេដស៍​វិ​វ​ឌ្ឍ​ទៅជា​អ្នក​កើត​ជំងឺអេដស៍  ប្រជាជន​ដើមកំណើត​ជនជាតិ​ស្បែក​ខ្មៅ និង​ដើមកំណើត​អាមេរិក​ឡាទីន​ស្ថិត​ក្នុងការ​ប្រឈម​ខ្ពស់បំផុត​។​»

​អង្គការ Nova Salud បាន​ជួយ​មនុស្ស​ឲ្យ​ចៀស​ផុតពី​ការផ្ទុក​មេរោគ​អេដស៍ ឬក៏​ប្រសិនបើ​មាន​មនុស្ស​ផ្ទុកមេរោគ​អេដស៍ អង្គការ​នេះ នឹង​ជួយ​ពួកគេ​ឲ្យ​ទទួលបាន​ការព្យាបាល និង​សិក្សា​បន្ថែម​អំពី​មេរោគ​នេះ​។ ធ្វើ​ដូច្នេះ ពួកគេ​នឹង​នៅតែមាន​សុខភាព​ល្អ ហើយ​ដៃគូ​របស់​ពួកគេ​ចៀស​ផុតពី​ការឆ្លង​មេរ​រោគ​នេះ​។​

​ពេលខ្លះ ការបញ្ចុះ​បញ្ចូល​ឲ្យ​មនុស្ស​មក​ធ្វើតេស្ត​ឈាម​ដើម្បី​ឲ្យ​ពួក​ដឹង​ពី​ស្ថានភាព​របស់​ពួកគេ ក៏​ជា​រឿង​ពិបាក​ដែរ​។ លោក McCoy​បាន​និយាយថា​អង្គការ Nova Salud ប្រើ​វិធីសាស្ត្រ​មួយ​ផ្សេងទៀត​។​

​លោក​បាន​និយាយថា​៖ «​រឿង​ទីមួយ​ដែល​យើង​ធ្វើ គឺ​យើង​ទទួលស្គាល់ថា​មានការ​រើសអើង​មាក់ងាយ​»​។​

​លោក McCoy​និយាយថា មធ្យោបាយ​មួយ​ដើម្បី​ចៀសវាង​បញ្ហា​រើសអើង​នេះ គឺត្រូវធ្វើ​ឲ្យ​ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍​ក្លាយជា​ទម្លាប់​ធម្មតា​។​
​លោក​បាន​ពន្យល់ថា​៖ «​ប្រសិនបើ​អ្នក​ទៅ​ជួប​វេជ្ជបណ្ឌិត​ធ្វើតេស្ត​ឈាម​រកមើល​ជាតិ​ខ្លាញ់​ក្នុង​ឈាម រកមើល​ការឡើង​សម្ពាធ​ឈាម​...​អ៊ីចឹង​ហេតុអ្វី​មិន​ចាប់ផ្តើម​ដាក់បញ្ចូល​ការធ្វើ​តេស្ត​ឈាម​រក​មេរោគ​អេដស៍ និង​ជំងឺ​កាមរោគ​?»​។​

​គោលដៅ គឺ​ត្រូវ​ឈានទៅដល់​ចំណុច​ដែល​៩០​ភាគរយ​នៃ​អ្នក​ផ្ទុកមេរោគ​អេដស៍​បានដឹងខ្លួន​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ហើយ​អ្នក​ដែល​ផ្ទុកមេរោគ​នេះ​នឹង​ទទួល​ការព្យាបាល ហើយ​ទីបំផុត គឺ​ធ្វើ​ឲ្យ​មេរោគ​នេះ នឹង​បាន​ថយចុះ​នៅត្រឹម​កម្រិត​ដែល​មើលលែងឃើញ នៅក្នុង​ចំណោម​៩០​ភាគរយ​នៃ​អ្នក​កំពុង​ព្យាបាល​។ វិធីសាស្ត្រ​នេះ​នឹង​បញ្ចប់​ការរីក​រាលដាល​នៃ​ជំងឺអេដស៍ ដែលជា​ការគំរាមកំហែង​សុខភាព​សាធារណៈ នៅ​ទូទាំង​សកលលោក ត្រឹម​ឆ្នាំ​២០៣០​។ ប្រែ​សម្រួល​ដោយ​៖ សើ សា​យ្យា​ណា​