ក្រសួងនឹង​ចាត់​វិធានការ​ចំពោះ​រថយន្ត​​​ដឹក​លើស​ទម្ងន់​ ​​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​សីហា ​ឆ្នាំ​២០១៦​នេះ​តទៅ

ក្រសួងនឹង​ចាត់​វិធានការ​ចំពោះ​រថយន្ត​​​ដឹក​លើស​ទម្ងន់​ ​​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​សីហា ​ឆ្នាំ​២០១៦​នេះ​តទៅ



ភ្នំពេញ ​៖ ​ចាប់ពី​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០១៦​នេះ​តទៅ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន នឹង​ចាត់វិធានការអនុវត្ត​ចំពោះ​រថយន្ត​គ្រប់​ប្រភេទ ដែល​ដឹកទំនិញ​លើស​ទម្ងន់​​កំណត់ នេះ​បើ​យោង​តាម​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ចុះ​ថ្ងៃទី​៨ ខែ​កក្កដា ឆ្នាំ​២០១៦ លេខ ៣១ សជណ​/ សក​/ តតល​ទ។

យោង​តាម​សេចក្ដី​ជូនដំណឹង​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ឲ្យ​ដឹង​ថា ក្នុង​គោលបំណង​ការពារ​ទ្រព្យសម្បត្តិ​សាធារណៈ ផ្លូវថ្នល់ ស្ពាន ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ ទ្រទ្រង់​ផ្លូវថ្នល់​​ឲ្យ​មាន​ចីរភាព ស្ថិតស្ថេរ គង់វង្ស និង​ជាប់​រឹងមាំ តាម​អាយុកាល​បច្ចេកទេស​កំណត់ ស្របតាម​កម្រិតស្តង់ដារ នៃ​ការសាងសង់ ក៏​ដូចជាការ​ចូលរួម​ចំណែក​កាត់បន្ថយ​ ការ​ចំណាយថវិកាជាតិ​ក្នុង​ការ​ជួសជុល​ថែទាំ​ ហេដ្ឋារចនាសម្ព័ន្ធ​ទាំងនោះ​ឡើងវិញ ដែល​ខូចខាត​មុខ​កាលកំណត់ និង​ដោយ​ទទួល​បាន​ការ​ឯកភាព​ពី​រាជរដ្ឋាភិបាល នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ឆ្នាំ​២០១៦ លើ​ចំណាត់ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់ ព្រមទាំង​ដើម្បី​ធានា​នូវ​ប្រសិទ្ធភាព និង​មាន​និរន្ត​ភាព​ក្នុង​ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ដឹកជញ្ជូន​លើស​ទម្ងន់កម្រិត​កំណត់។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​ជូនដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត ធុន​ធ្ងន់ ឬ អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ និង​សាធារណជន ឲ្យ​បាន​ជ្រាប​ថា ក្រសួង​នឹង​រៀបចំ​ក្រុម ជញ្ជីង​ចល័ត ដែល​មាន​ភារកិច្ច​ថ្លឹង​យានយន្ត​ដឹកជញ្ជូន​ទំនិញ​ទាំងឡាយ​នៅ​តាម​គោលដៅ​ដូចជា ​​មជ្ឈមណ្ឌល​ឃ្លាំង​ទំនិញ រោងចក្រ​ផលិត​សម្ភារៈ​ធ្ងន់ៗ កសិដ្ឋាន​នានា​នៅ​រដូវ​ប្រមូល​ផល ការដ្ឋាន​ផលិត​ថ្ម​ជាដើម ដើម្បី​ត្រួតពិនិត្យ​ការ​ថ្លឹង​ទម្ងន់​ដឹកជញ្ជូន មុន​នឹង​អាច​ធ្វើ​ចរាចរណ៍​នៅលើ​បណ្តាញ​ផ្លូវថ្នល់ ឬ នៅតាម​ផ្លូវ​វាង​សំខាន់ៗ ដែល​អ្នក​បើកបរ​រថយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់ ​បាន​បើកបរ​គេចវេះ​មិន​ចូល​ស្ថានីយ​ថ្លឹង​យានយន្ត។

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន សូម​រំលឹក​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹកជញ្ជូន ម្ចាស់​រថយន្ត​ធុន​ធ្ងន់ ឬ អ្នកបើកបរ​រថយន្ត​ធុន​ធ្ងន់ និង​សាធារណជន​ទាំងអស់ សូម​ចូលរួម​សហការ​អនុវត្ត​វិធានការ​ខាងលើ និង​រាយការណ៍​មក​ក្រសួង​អំពី​ករណី​មន្ត្រី​ក្រោម​ឱវាទ​ក្រសួង ដែល​បាន​ចាត់​ឲ្យ​ទៅ​បម្រើ ការងារ​នៅតាម​ស្ថានីយ​ជញ្ជីង​អចល័ត និង​ក្រុម​ជញ្ជីង​ចល័ត​បាន​ប្រព្រឹត្ត​មិន​ត្រឹមត្រូវ តាមច្បាប់​ទោះ ក្នុង​រូបភាព​ណា​ក៏ដោយ ដូចជា ទារលុយ ឬ ដាក់​ខែ​បង់លុយ ជា​ថ្នូរ និង​បណ្ដែតបណ្ដោយ​ឲ្យ​ប្រព្រឹត្ត​បទល្មើស​ដឹកជញ្ជូន​លើស​ទម្ងន់ ដើម្បី​មាន​វិធានការ​តាមច្បាប់។

យោងតាម​សេចក្តីជូនដំណឹង​នេះ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានបញ្ជាក់​ឲ្យ​ដឹងថា សេចក្តីជូនដំណឹង​នេះ ក្រសួង នឹង​ចាត់វិធានការ​ចំពោះ​រថយន្ត​គ្រប់​ប្រភេទ ដែល​ដឹក​លើស​ទម្ងន់ កម្រិត​កំណត់ ចាប់ពី​ថ្ងៃទី​១ ខែសីហា ឆ្នាំ​២០១៦ នេះ​តទៅ៕

ក្រសួងនឹង​ចាត់​វិធានការ​ចំពោះ​រថយន្ត​​​ដឹក​លើស​ទម្ងន់​ ​​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​សីហា ​ឆ្នាំ​២០១៦​នេះ​តទៅ

ក្រសួងនឹង​ចាត់​វិធានការ​ចំពោះ​រថយន្ត​​​ដឹក​លើស​ទម្ងន់​ ​​ចាប់​ពី​ថ្ងៃ​ទី​១​ខែ​សីហា ​ឆ្នាំ​២០១៦​នេះ​តទៅ