ខ្ចី​ម៉ូតូ​គេ​ជិះ​ឌុប​មិត្តភ័ក្ដិ​ ត្រូវ​ចោរ​ស្ទាក់​ ​វាយ​ប្លន់យក​បាន​សម្រេច​

ខ្ចី​ម៉ូតូ​គេ​ជិះ​ឌុប​មិត្តភ័ក្ដិ​ ត្រូវ​ចោរ​ស្ទាក់​ ​វាយ​ប្លន់យក​បាន​សម្រេច​



ភ្នំពេញ ៖ ករណី​ប្លន់​យក​ម៉ូតូ​នៅតាម​ផ្លូវ​សាធារណៈ ​ហាក់​កម្រើក​ឡើងវិញ​ បន្ទាប់ពី​ស្ងប់ស្ងាត់​មួយ​រយៈ ជាក់ស្ដែង​ដូចជា​ករណី​មួយ​នេះ ​ជនរងគ្រោះ​ខ្ចី​ម៉ូតូ​គេ​ជិះ​ឌុប​មិត្តភ័ក្ដិ​ទៅ​កន្លែងធ្វើការ​វិញ ​ក៏​ត្រូវ​ក្រុម​ជនល្មើស​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​បាន​ជិះ​ដេញតាម​ជនរងគ្រោះ​ពីក្រោយ​ នៅពេល​តាម​ទាន់ ​បាន​ស្ទាក់​វាយ​ជនរងគ្រោះ​បែក​ក្បាល​ប្លន់​យក​ម៉ូតូ​ជិះ​គេចខ្លួនបាត់​ដោយ​សុវត្ថិភាព។​

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​១៣​ ខែ​កក្កដា ​ឆ្នាំ​២០១៦ ​នៅ​តាម​ផ្លូវ​អូ​ដឹ​មក​ប់​ស្រូវ ​ចំណុច​ភូមិ​ត្រពាំង​ធ្នង់​ សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ជនរងគ្រោះ​មានឈ្មោះ សិ លីន​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ ​មុខរបរ​បើកបរ​រថយន្ត ​ស្នាក់នៅ​ភូមិ​អូ​ដឹ​ម ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ មាន​ស្រុកកំណើត​នៅ​ភូមិ​ស្រះ​ព្រីង​ ឃុំ​បាន​ធា​យ​ ស្រុក​បាធាយ​ ខេត្ត​កំពង់ចាម ត្រូវ​ចោរ​វាយ​បែក​ក្បាល ​និង​មិត្តភ័ក្ដិ​ម្នាក់ទៀត​មានឈ្មោះ ​ធូ សារី​ ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ ​មុខរបរ​បើកបរ​រថយន្ត​ដូចគ្នា​ មាន​ស្រុកកំណើត​នៅ​ស្រុក​ពាម​ជរ​ ខេត្ត​ព្រៃវែង​។​

ចំណែក​ម៉ូតូ​ដែល​ត្រូវ​ចោរប្លន់​នោះ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៥​ ពាក់​ស្លា​ក​លេខ​1FN1479។ ក្រុម​ជនល្មើស​មាន​គ្នា​៤​នាក់ ​ជិះ​ម៉ូតូ​មួយ​គ្រឿង​សម្រាប់​ធ្វើ​សកម្មភាព។​

បើ​តាម​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា ​មុនពេល​កើតហេតុ ​ដោយសារ​ខ្លួន​ស្រវឹង​ស្រឿងៗ​ បាន​ខ្ចី​ម៉ូតូ​មិត្តភ័ក្ដិ​ម្នាក់ទៀត​ជិះ​ឌុប​មិត្តភ័ក្ដិ​ទៅ​កន្លែង​ស្នាក់នៅ​ធ្វើការ ដោយ​បាន​ជិះ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ នៅ​ពេល​ដល់​ចំណុច​ផ្លូវ​រថភ្លើង​រ៉ា​សំរោង​ ស្រាប់​តែ​ឃើញ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​នៅ​ឈរ​រេរា​កន្លែង​នោះ​ ហើយ​ស្រែក​ឲ្យ​ខ្លួន​ថា ​ឯង​ជិះ​ម៉ូតូ​លឿន​ម្ល៉េះ។

ប្រភព​បន្ដ​ថា ​ពេលនោះ​ខ្លួន​ក៏​មិន​ព្រម​ឈប់​ដែរ​ ព្រោះ​ពេល​យប់​ស្ងាត់​ ខ្លាចក្រែង​ក្រុម​ចោរ​ដោយ​ខំ​ជិះ​ឲ្យ​លឿន តែ​ក្រុម​ចោរ​នៅតែ​ជិះ​ដេញ​តាម​ទាន់​ទៀត​ បាន​ស្ទាក់​វាយ​ជនរងគ្រោះ​បែក​ក្បាល​ ហើយ​ប្លន់​យក​ម៉ូតូ​ជិះ​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិភាព​។ បន្ទាប់​មក​ ពេលនោះ​ជនរងគ្រោះ​ខំ​តេ​ប្ដឹង​សមត្ថកិច្ច​ដែរ តែ​មិន​អាច​តាម​ទាន់​ចោរ​ទេ​ បាន​ត្រឹម​នាំមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​សំរោង​ក្រោម​ទុកជា​ឯកសារ​ប៉ុណ្ណោះ៕

ខ្ចី​ម៉ូតូ​គេ​ជិះ​ឌុប​មិត្តភ័ក្ដិ​ ត្រូវ​ចោរ​ស្ទាក់​ ​វាយ​ប្លន់យក​បាន​សម្រេច​
ខ្ចី​ម៉ូតូ​គេ​ជិះ​ឌុប​មិត្តភ័ក្ដិ​ ត្រូវ​ចោរ​ស្ទាក់​ ​វាយ​ប្លន់យក​បាន​សម្រេច​