ម្ចាស់​​​ហាង​បដិសេធ​​​​ថា​​​ មិន​​​បាន​​​យក​ស្រ្តី​​​​​បុគ្គលិក​​​​ហាង​កាហ្វេ​​​ធ្វើ​​​​​​ជាពេស្យា

ប្តីប្រពន្ធមួយគូដែលចោទប្រកាន់ពីបទយកស្រីប្រាំមួយនាក់ក្នុងហាងកាហ្វេរបស់ខ្លួនជាស្រីពេស្យា បានទទួលស្គាល់ថាបានយកលុយពីស្រី្តទាំងនោះ ប៉ុន្តែបានបដិសេធក្នុងសវនាការកាលពីថ្ងៃច័ន្ទនៅតុលាការក្រុងភ្នំពេញថា ខ្លួនមិនបានយកស្រ្តីទាំងនោះធ្វើជាស្រីពេស្យាទេ។ អ្នកស្រី ផាម ធីហ្វឿង អាយុ៣៩ឆ្នាំ មកពីវៀតណាម ហើយប្តីរបស់អ្នកស្រីឈ្មោះ ដួង លីម អាយុ៥៩ឆ្នាំត្រូវបានចាប់ខ្លួនដោយនគរបាលប្រឆាំងការជួញដូរមនុស្ស អំឡុងពេលឆ្មក់ចូលឆែកឆេរក្នុងហាងកាហ្វេមួយកន្លែងក្នុងខណ្ឌមានជ័យកាលពីថ្ងៃទី១០ ខែកញ្ញា។ លោក ឆាន វុធ នាយការិយាល័យនៃនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនៃក្រសួងមហាផ្ទៃបាននិយាយថា ប្តីប្រពន្ធនេះត្រូវបានចោទប្រកាន់ពីបទយកស្ត្រីធ្វើជាស្រីពេស្យាមានស្ថានទម្ងន់ទោស ដោយសារជនរងគ្រោះពីរនាក់មានអាយុ១៧ឆ្នាំ។ អ្នកស្រី ហ្វឿង បានផ្តល់សក្ខីកម្មថា អ្នកស្រីបានដឹងថាស្រី្តទាំងនោះបម្រើសេវាផ្លូវភេទដើម្បីប្រាក់ ប៉ុន្តែអ្នកស្រីបានបដិសេធថាមិនបានយកលុយដែលពួកគេរកបានពីការបម្រើផ្លូវភេទនោះទេ។ អ្នកស្រីបាននិយាយថា បុគ្គលិកហាងគ្រាន់តែឲ្យលុយអ្នកស្រីសម្រាប់ការចំណាយថ្លៃម្ហូបអាហារប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី លោក ហេង សុខណា ចៅក្រមជំនុំជម្រះបានចោទអ្នកស្រី ហ្វឿង ដែលកាលពីលើកមុនជាប់ពន្ធនាគារពីបទចោទប្រកាន់ដូចគ្នាក្នុងករណីដាច់ដោយឡែកពីគ្នា ដោយទារប្រាក់ពី២,៥០ដុល្លារ និង ៥០ដុល្លារពីស្រ្តីរាល់ពេលដែលពួកគេដេកជាមួយអតិថិជនដែលពួកគេបានជួបគ្នានៅក្នុងហាង ហើយជាធម្មតានាំគ្នាទៅផ្ទះសំណាក់មួយមានចម្ងាយ៥០០ម៉ែត្រពីហាងកាហ្វេ។ លោក សុខណា ចៅក្រមបានសួរថា” តើអ្នកឯងបានទារលុយខ្លះពីពួកគេឬទេ?” អ្នកស្រី ហ្វឿង បានឆ្លើយថា “ទេ ខ្ញុំអត់ទារទេ។ គេឲ្យខ្ញុំដោយសន្តានចិត្ត”។ ចៅក្រម សុខណា បាននិយាយថា ប្តីប្រពន្ធនេះមិនបានបង់លុយឲ្យបុគ្គលិកដែលធ្វើការនៅហាងកាហ្វេនៅសង្កាត់បឹងទំពុនដែលពួកគេបានបើករកស៊ីចាប់តាំងពីឆ្នាំ២០១៣ទេ ប៉ុន្តែបានឲ្យពួកគេស្នាក់នៅដោយមិនគិតថ្លៃ។ លោក លីម អ្នកបើករ៉ឺម៉កកង់បីក៏បានបដិសេធថាមិនបានទារលុយពីបុគ្គលិកហាងទេ ប៉ុន្តែបាននិយាយថា គាត់បានយកលុយថ្លៃជិះរ៉ឺម៉កទៅផ្ទះសំណាក់។ ក្នុងលិខិតសក្ខីកម្មអានក្នុងតុលាការ ស្រ្តីទាំងនោះបាននិយាយថា ពួកគេបានស្ម័គ្រចិត្តបម្រើផ្លូវភេទ។ លោក ឌុន វិបុល មេធាវីការពារប្តីប្រពន្ធនេះបានស្នើសុំឱ្យចៅក្រមបន្ធូរបន្ថយបទចោទប្រកាន់លើអ្នកស្រី ហ្វឿង ទាក់ទងនឹងការយល់ព្រមឲ្យមានសកម្មភាពជាប់ពាក់ព័ន្ធពេស្យាចាក្នុងហាង ដោយសារតែស្រ្តីទាំងនោះមិនត្រូវបានបង្ខិតបង្ខំឲ្យបម្រើផ្លូវភេទទេ។ មេធាវីរូបនេះបានស្នើថា ការចោទប្រកាន់លើលោក លីម គួរតែទម្លាក់ចោលទាំងស្រុង។ សាលក្រមនឹងប្រកាសនៅថ្ងៃទី២១ ខែកក្កដា៕ មាំ វិបុល   © 2016, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or […]

The post ម្ចាស់​​​ហាង​បដិសេធ​​​​ថា​​​ មិន​​​បាន​​​យក​ស្រ្តី​​​​​បុគ្គលិក​​​​ហាង​កាហ្វេ​​​ធ្វើ​​​​​​ជាពេស្យា appeared first on The Cambodia Daily.