អត្តសញ្ញាណ​ជន​ជា​ឃាតករ​ត្រូវ​លាតត្រដាង​កាន់តែ​ច្បាស់

អត្តសញ្ញាណ​ជន​ជា​ឃាតករ​ត្រូវ​លាតត្រដាង​កាន់តែ​ច្បាស់



ការ​ផ្សព្វផ្សាយ​មួយ​ឈុត​ពី​ឈ្មោះ​ពិត​របស់​ឃាតករ ក៏​បាន​បង្ហាញ​នូវ​ការ​មន្ទិល​សង្ស័យ​មួយ​ដែល​ថា​ជន​ឈ្មោះ អឿ​ត អាង ជា​មន្ត្រី​បរិស្ថាន ។ ទោះបីជា​បែប​ណា ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្សាយ​ដោយ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​លោក ភួង លី​ណា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប បាន​ធ្វើ​លិខិតផ្លូវការ​មួយ​ផ្ញើ​មក​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​ថា ការ​ចុះ​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​កថា បុគ្គល​ឈ្មោះ អឿ​ត អាង ហៅ​ជួប​សម្លាប់ ដែល​បាន​សម្លាប់​លោក កែម ឡី ថា​ជា​មន្ត្រី​បរិស្ថាន និង​ថា​ជា​មន្ត្រី​បរិស្ថាន​ខេត្តសៀមរាប លោក​សូម​បញ្ជាក់​ថា បុគ្គល​ដែល​ជា​ឃាតករ​នោះ​មិនមែន​ជា​មន្ត្រី​បរិស្ថាន ឬ​ជា​មន្ត្រី​បរិស្ថាន​ខេត្តសៀមរាប​ទេ ព្រោះ​បុគ្គល​នោះ​មិន​មានឈ្មោះ​ក្នុង​បញ្ជី​ដែល​មន្ទីរ​ចេញ​សេចក្តីសម្រេច​ទទួលស្គាល់ និង​ក្នុង​តារាង​បើកប្រាក់​បៀវត្ស​ន៍​របស់​មន្ត្រីរាជការ​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប​នោះ​ឡើយ ។

ក្នុង​នាម​មន្ទីរ​បរិស្ថាន​ខេត្តសៀមរាប លោក​សូម​បដិសេធ​ទាំងស្រុង​នូវ​ការ​ចុះ​ផ្សាយ​ព័ត៌មាន​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក ថា​បុគ្គល​នោះ​ជា​មន្ត្រី​បរិស្ថាន និង​ជា​មន្ត្រី​បរិស្ថាន​ខេត្តសៀមរាប ។

តាម​ការ​ពិនិត្យ​លើ​ឯកសណ្ឋាន​បុគ្គល​រូប​នេះ អាច​ជា​បុគ្គលិក​បម្រើ​ការ​ឱ្យ​អង្គការ​បរិស្ថាន​ណាមួយ (អង្គការក្រៅ រដ្ឋាភិបាល NGO) ។

យោង​តាម​ការ​ស្រាវជ្រាវ​នា​ថ្ងៃ​ទី​១២ កក្កដា បាន​បង្ហាញ​ថា ឈ្មោះ អឿ​ត អាង ស្ថិត​ក្នុង​អង្គការ​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍​ដែល​ជា​អង្គការក្រៅរដ្ឋាភិបាល ហើយ​ត្រូវ​បាន​អគ្គនាយក​ប្រតិបត្តិ​លោក ទេព ពេជ្រ តែងតាំង​ជា​នាយករង​ប្រតិបត្តិ​នៃ​អង្គភាព​ការពារ​បរិស្ថាន និង​អភិវឌ្ឍន៍​ប្រចាំ​ខេត្តសៀមរាប ៕