រថភ្លើង​២គ្រឿង បើក​លើ​ផ្លូវ​ដែក​តែមួយ បុក​គ្នា​ពេញ​ទំហឹង ស្លាប់២៣នាក់

មនុស្សចំនួន២៣នាក់បានស្លាប់បាត់បង់ជីវិត និងមនុស្សជាច្រើននាក់ផ្សេងទៀតបានរងរបួស នៅក្នុងហេតុការណ៍រថភ្លើងដឹកអ្នកដំណើរ២គ្រឿងបុកគ្នាពេញទំហឹង នៅក្នុងតំបន់ Puglia ស្ថិតក្បែរទីក្រុង Bari ភាគខាងត្បូងនៃប្រទេសអ៊ីតាលី កាលពីវេលាម៉ោង១១ និង៣០នាទី (ម៉ោងក្នុងតំបន់) ថ្ងៃទី១២ ខែកក្កដា ម្សិលមិញនេះ។

រថភ្លើង​២គ្រឿង បើក​លើ​ផ្លូវ​ដែក​តែមួយ បុក​គ្នា​ពេញ​ទំហឹង ស្លាប់២៣នាក់

ក្រោយពេលកើតហេតុ ក្រុមសង្គ្រោះបន្ទាន់បានព្យាយាមជួយសង្គ្រោះអ្នកដំណើរ ចេញពីទូរថភ្លើង ដោយជនរងគ្រោះម្នាក់ក្នុងចំណោមនោះ គឺជាក្មេងតូច ហើយត្រូវបានគេដឹកតាមផ្លូវអាកាស បញ្ជូនទៅកាន់មន្ទីរពេទ្យ។ ជាមួយគ្នានេះដែរ អាជ្ញាធរក្នុងតំបន់ ក៏បានធ្វើការអំពាវនាវស្វែងរកអ្នកស្ម័គ្រចិត្តផ្តល់ឈាម ដើម្បីជួយសង្គ្រោះជនរងគ្រោះផងដែរ។

ទោះយ៉ាងណា គេមិនទាន់ដឹងពីមូលហេតុពិតប្រាកដ ដែលបង្កឲ្យកើតមានហេតុការណ៍ដ៏គួរឲ្យរន្ធត់នេះឡើយ ប៉ុន្តែនៅពេលកើតហេតុ គេឃើញរថភ្លើងទាំង២គ្រឿង ស្ថិតនៅលើផ្លូវដែកតែមួយ។ បើតាមសេចក្ដីរាយការណ៍មួយបានឲ្យដឹងថា រថភ្លើងមួយគ្រឿងបានធ្វើដំណើរមកពី ទីក្រុង Andria និងមួយគ្រឿងទៀតមកពី ទីក្រុង Corato ខណៈរថភ្លើងទាំង២គ្រឿង បានធ្វើដំណើរក្នុងល្បឿនលឿន។

មេបញ្ជាការប៉ូលិស លោក Giancarlo Conticchio បានប្រាប់ឲ្យដឹងថា «ពិតណាស់ រថភ្លើងមួយគ្រឿងទៀត មិនគួរណាស្ថិតនៅលើផ្លូវដែកនោះទេ ហើយវាច្បាស់ណាស់ថាជាកំហុស។ យើងត្រូវការពេលវេលាដើម្បីកំណត់ពីមូលហេតុនៃកំហុសមួយនេះ»។

គួររំលឹកផងដែរថា កាលពីដើមឆ្នាំ២០១៦ កន្លងទៅនេះ មនុស្សចំនួន១១នាក់បានស្លាប់ នៅក្នុងប្រទេសអាល្លឺម៉ង់ បន្ទាប់ពីរថភ្លើង២គ្រឿង បើកនៅលើផ្លូវដែកតែមួយបុកគ្នាពេញទំហឹង នៅឯទីក្រុង Bad Aibling ក្បែរព្រំប្រទល់ប្រទេសអូទ្រីស។ ក្រោយមកក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា ឧបករណ៍បញ្ជាអនុញ្ញាតឲ្យរថភ្លើងទាំង២បើកលើផ្លូវតែមួយ និងបិទប្រព័ន្ធសុវត្ថិភាពស្វ័យប្រវត្តិ ទើបបង្កឲ្យមានហេតុការណ៍នោះកើតឡើង៕

រថភ្លើង​២គ្រឿង បើក​លើ​ផ្លូវ​ដែក​តែមួយ បុក​គ្នា​ពេញ​ទំហឹង ស្លាប់២៣នាក់ រថភ្លើង​២គ្រឿង បើក​លើ​ផ្លូវ​ដែក​តែមួយ បុក​គ្នា​ពេញ​ទំហឹង ស្លាប់២៣នាក់ រថភ្លើង​២គ្រឿង បើក​លើ​ផ្លូវ​ដែក​តែមួយ បុក​គ្នា​ពេញ​ទំហឹង ស្លាប់២៣នាក់

ប្រភព៖ sabay

  • រថភ្លើង​២គ្រឿង បើក​លើ​ផ្លូវ​ដែក​តែមួយ បុក​គ្នា​ពេញ​ទំហឹង ស្លាប់២៣នាក់已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/07/13  Category:កំសាន្ត
Tags: