ឈ្មួញ​ឈ្មោះ ចន្ថា ដឹកឈើ​ចេញពី​តំបន់​ដែន​ជម្រក​សត្វស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​ស្វាយ​លើ តាម​អំពើ​ចិត្ត​

ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ បាន​ឲ្យ​ដឹងថា តំបន់​ដែនជម្រកសត្វព្រៃ​នៅក្នុង​ស្រុក​នេះ កំពុង​ត្រូវបាន​ក្រុម​ជនល្មើស​ចូល​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​យ៉ាង​អនាធិបតេយ្យ ដោយ​មន្ត្រី​បរិស្ថាន និង​មន្ត្រីរដ្ឋបាល​ព្រៃឈើ មិន​ចាត់វិធានការ​បង្ក្រាប​ឡើយ​។ ចំណែក​ប្រជាពលរដ្ឋ​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ដែលមាន​ព្រំប្រទល់​ជាប់​ស្រុក​ត្រពាំង​ប្រាសាទ ក៏បាន​ឲ្យ​ដឹង​ដែរ​ថា​ព្រៃ​ដែន​ជម្រក​សត្វ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​ពេញបន្ទុក​។ ប្រជាពលរដ្ឋ​នៅ​ស្រុក​ស្វាយ​លើ និង​ស្រុក​ត្រពាំង​ប្រាសាទ បាន​អះអាង​ដូចគ្នា​ថា​នាយក​ដែនជម្រកសត្វព្រៃ​ក្នុងស្រុក​ទាំង​២ បើកដៃ​ឲ្យ​ឈ្មួញ​ឈ្មោះ ចន្ថា រស់នៅ​ខេត្តសៀមរាប កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​តាម​អំពើ​ចិត្ត​។

​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​ស្វាយ​លើ បាន​ឲ្យ​ដឹង​ទៀតថា​កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១៦ មាន​រថយន្ត​កែច្នៃ​២​គ្រឿង​ដឹកឈើ​ប្រភេទ​លេខ​១ និង​ឈើ​ប្រភេទ​លេខ​២​គ្រប​តង់​ពីលើ​ជាង​២០​ម៉ែត្រគូប​ចត​នៅ​ទីតាំង​ឈរជើង​របស់​យោធា​កងពល​លេខ​៤ ក្នុងភូមិ​អូរ​រុន ឃុំ​កន្ទួត ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា នៅក្បែរ​រថយន្ត​កែច្នៃ​ដឹកឈើ​ទាំង​២​គ្រឿង​នោះ មាន​រថយន្ត​របស់​ម​ន្ត្រី​បរិស្ថាន​ផងដែរ ប៉ុន្តែ​មន្ត្រី​បរិស្ថាន មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ឡើយ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រី​បរិស្ថាន​ការពារ​ដែនជម្រកសត្វព្រៃ​នៅ​ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្ដរមានជ័យ និង​ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​ខ្លះ​ផង ព្រោះ​បច្ចុប្បន្ន​ពួកគេ​គិតគូរ​តែ​រឿង​ផលប្រយោជន៍​ប៉ុណ្ណោះ​។

សមត្ថកិច្ច​ពាក់ព័ន្ធ​មួយចំនួន​បាន​ឲ្យ​ដឹងថា រថយន្ត​ដឹកឈើ​ទាំង​២​គ្រឿង​នោះ​គឺជា​របស់​ឈ្មួញ​ឈ្មោះ ចន្ថា រស់នៅ​ខេត្តសៀមរាប ដែលជា​ឈ្មួញ​ធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកឈើ​ចេញពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​ស្វាយ​លើ ច្រើន​ឆ្នាំ​មកហើយ​។ មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ត្រពាំង​ប្រាសាទ ក៏ដូចជា​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុងស្រុក​ស្វាយ​លើ ត្រូវ​ប្រជាពលរដ្ឋ​រិះគន់ថា​ទទួលផល​ប្រយោជន៍​ជាប្រចាំ​ពី​ឈ្មួញ​ឈ្មោះ ចន្ថា ទើប​មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​តាម​តួនាទី​របស់ខ្លួន​។ ចំណែក​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តឧត្ដរមានជ័យ និង​មេ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប ក៏មាន​ការសង្ស័យ​ជាប់​ពាក់ព័ន្ធ​ទទួលផល​ប្រយោជន៍​ពី​ឈ្មួញ​ឈ្មោះ ចន្ថា ផងដែរ ទើប​ឈ្មួញ​រូបនេះ​អាច​ដឹកឈើ​ពី​ស្រុក​ត្រពាំង​ប្រាសាទ និង​ស្រុក​ស្វាយ​លើ ចូល​ក្រុង​សៀមរាប យ៉ាង​រលូន​ពុំមាន​សមត្ថកិច្ច​ណា​រំខាន​ឡើយ​៕

សាយ សំអាល់.៤លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន 21-2រថយន្តដឹកឈើនៅស្រុកស្វាយលើ ខេត្តសៀមរាប