លោក ឆេង គឹម​ស៊ុន គួរពិនិត្យមើល​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ ខ្លះ​ផង​

តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​បទល្មើស​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ឆ្លងកាត់​មូលដ្ឋាន​របស់​ពួកគាត់​នៅតែ​កើតមាន​ឥតឈប់ឈរ ហើយ​យូរៗ​ម្តង​ទើប​ឃើញ​សមត្ថកិច្ច​បង្ក្រាប​យក​ស្នាដៃ​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ពិនិត្យមើល​បទល្មើស​ដឹក​ជញ្ជូន​ឈើ​ក្នុងស្រុក​ជាំ​ក្សាន្ត​ខ្លះ​ផង ព្រោះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ស្រុក​ជាំ​ក្សាន្ត ក៏ដូចជា​នាយ​ខណ្ឌ​រដ្ឋ​បាល​ព្រៃឈើ​ខេត្តព្រះវិហារ មិន​ចាត់វិធានការ​ទ​ប​ស្កាត់​បទល្មើស​ដែល​កើតឡើង​ឥតឈប់ឈរ​នោះទេ​។ ជាងនេះទៅទៀត​បទល្មើស​បំផ្លាញ​ព្រៃឈើ​ក្នុងស្រុក​ឆែប ស្រុក​ជាំ​ក្សាន្ត ស្រុក​ត្បែងមានជ័យ ស្រុក​រវៀង ខេត្តព្រះវិហារ នៅតែ​បន្ត​កើតឡើង​យ៉ាង​មហន្តរាយ​។

​កាលពី​រសៀល​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០១៦ រថយន្ត​ដឹកឈើ​ប្រណីត​១​គ្រឿង​ត្រូវបាន​សមត្ថកិច្ច​ស្ទាក់ចាប់​នៅក្បែរ​ជើងភ្នំ​ប្រាសាទព្រះវិហារ ស្ថិតនៅ​ក្នុងភូមិ​ធម្មជាតិ ឃុំ​ស្រអែម ជិត​កន្លែង​រៀបចំ​ពិធី​រុក្ខទិវា​។ សមត្ថកិច្ច​ដែល​ចូលរួម​ក្នុងការ​បង្ក្រាបបាន​ឲ្យ​ដឹងថា រថយន្ត​ប្រភេទ​១​បាំង​កន្លះ​បាន​ដឹកឈើ​គ្រញូង​ចេញពី​តំបន់​ចាក់ច្រែង ដែលជា​ភូមិសាស្ត្រ​តំបន់​អភិរក្ស​ប្រាសាទព្រះវិហារ​ឆ្ពោះទៅ​តំបន់​ផ្សេង ហើយ​អ្នកបើកបរ​រថយន្ត​បាន​គេចខ្លួនបាត់​។ បញ្ហា​នេះ​មានការ​សង្ស័យថា ដោយសារ​ម្ចាស់​ឈើ​មិន​ទាក់ទង​សម្របសម្រួល​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ជាមុន ទើប​មានការ​បង្ក្រាប​រថយន្ត​ដឹកឈើ​គ្រញូង​៧២​ដុំ​នៅ​ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត​។

ចំណែក​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​ឆែប ស្រុក​ត្បែងមានជ័យ ស្រុក​រវៀង ខេត្តព្រះវិហារ បាន​ឲ្យ​ដឹងថា​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ នៅតែ​កើតឡើង​យ៉ាង​រាលដាល ហើយ​ឈើ​ប្រណីត និង​ឈើ​ប្រភេទ​លេខ​១​ក្នុងព្រៃ​សហគមន៍​ព្រះ​រកា ក៏ដូចជា​តំបន់​ព្រៃ​ឡង់​នៅតែ​ប្រឈម​នឹង​ការកាប់បំផ្លាញ​យ៉ាង​ពេញបន្ទុក​។ ហេតុនេះហើយ​ទើប​ប្រជាពលរដ្ឋ​និង​ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ បាន​អំពាវនាវ​ឲ្យ​លោក ឆេង គឹម​ស៊ុន អគ្គនាយក​រដ្ឋបាល​ព្រៃឈើ ពិនិត្យមើល​ភាព​អសកម្ម​របស់​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ក្នុង​ខេត្តព្រះវិហារ​ជាបន្ទាន់​។ ដោយហេតុថា​បច្ចុប្បន្ន​ប​ទ​ល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ពុំមាន​ការថយចុះ​នោះទេ ហើយ​ឈ្មួញ​ធំៗ​នៅតែ​អាចធ្វើ​សកម្មភាព​កាប់​ឈើ​និង​ដឹកឈើ​ខុសច្បាប់​យ៉ាង​ក្រអឺតក្រទម​គ្មាន​ញញើត​អ្វី​ទាំងអស់​៕

imagesលោក ឆេង គឹមស៊ុន អគ្គនាយករដ្ឋបាលព្រៃឈើ 12