បទល្មើសប្រើឧបករណ៍ខុសច្បាប់​នៅ​បឹង​ទន្លេសាប​ខេត្តកំពង់ឆ្នាំង កំពុង​រាលដាល​ក្នុង​រដូវ​បិទ​នេសាទ​

នៅក្នុង​រដូវ​បិទ​នេសាទ​នេះ​ប្រជាពលរដ្ឋ​រស់នៅ​តំបន់​បឹង​ទន្លេសាប​នៃ​ស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង ស្រុក​ជល់​គិរី និង​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​បទល្មើស​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​កំពុង​កើតឡើង​យ៉ាង​អនាធិបតេយ្យ​បំផុត​។ ប្រជា​នេសាទ​ក្នុងស្រុក​ទាំង​៤ បាន​ទទួលស្គាល់ថា ជា​ញឹកញាប់​មន្ត្រីរដ្ឋបាល​ជល​ផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត ចាត់វិធានការ​បង្ក្រាប​ឧបករណ៍​នេសាទ​ខុសច្បាប់​យកទៅ​កម្ទេចចោល​អស់យ៉ាង​ច្រើន ក៏ប៉ុន្តែ​ការបង្ក្រាប​នោះបាន​ប្រមាណ​១០​ភាគរយ​ប៉ុណ្ណោះ​។ តាម​ការអះអាង​របស់​ប្រជា​នេសាទ​ក្នុងស្រុក​ទាំង​៤​បាន​ឲ្យ​ដឹងថា អ្នកប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ទ្រង់ទ្រាយ​ធំ​ភាគច្រើន​ជា​ជនជាតិ​យួន និង​ជនជាតិខ្មែរ ដែលមាន​ទំនាក់ទំនង​ជាមួយ​មន្ត្រី​រដ្ឋបាល​ជលផល និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​។

​សេចក្ដីរាយការណ៍​ពី​មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​ក្នុង​ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា​ការបង្ក្រាប​របស់​មន្ត្រីរ​ដ្ឋ​បាល​ជលផល និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដទៃទៀត​នៅមានកម្រិត ហេតុនេះហើយ​ទើប​បទល្មើស​បន្ត​កើតឡើង​ឥតឈប់ឈរ​។ លោក សោម ភា​រុណ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង និង​មន្ត្រីរដ្ឋបាល​ជលផល​ប្រចាំ​ស្រុក​ទាំង​៤ ត្រូវបាន​ប្រជា​សហគមន៍​នេសាទ​រិះគន់ថា មិន​យកចិត្តទុកដាក់​បំពេញ​តួនាទី​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​នោះទេ ហេតុនេះហើយ​ទើប​បទល្មើស​នៅតែ​បន្ត​កើតមាន​ក្នុង​រដូវ​បិទ​នេសាទ​។ មួយរយៈ​ពេល​ចុង​ក្រោយនេះ​នៅពេលដែល​ទឹកទន្លេ​ចាប់ផ្ដើម​ចូលដល់​ព្រៃរនាម គឺ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​ព្រៃរនាម​លិច​ទឹក ក៏​កំពុង​កើតមាន​គួរ​ឲ្យ​ព្រួយបារម្ភ​ផងដែរ​។

​ប្រជា​នេសាទ​នៅ​ស្រុក​បរិបូរណ៍ ស្រុក​កំពង់លែង ស្រុក​ជល់​គិរី និង​ស្រុក​កំពង់ត្រឡាច បាន​អំពាវនាវ​ឲ្យ​លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ចាប់​ត្រី​ក្នុង​រដូវ​បិទ​នេសាទ​នៅ​ខេត្តកំពង់ឆ្នាំង​ជាបន្ទាន់ ព្រោះ​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​កន្លងទៅនេះ​បទល្មើស​រាលដាល​កាន់តែខ្លាំង​ឡើងៗ​។ ជាក់ស្ដែង​គ្រាន់តែ​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៦ សមត្ថកិច្ច​ចម្រុះ​បង្ក្រាប​បទល្មើស​ចំនួន​១៨​កន្លែង​និង​រឹបអូស​ឧបករណ៍​ខុសច្បាប់​បាន​យ៉ាងច្រើន​នៅក្នុង​ព្រៃ បឹង ព្រែក នៃ​ខេត្តកំពង់ឆ្នាំង​។ ប្រសិនបើ​បណ្ដែតបណ្ដោយ​តទៅទៀត​នោះ គឺ​ធនធាន​មច្ឆជាតិ​ក្នុង​បឹង​ទន្លេសាប​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ ព្រោះ​បទល្មើស​ប្រើ​ឧបករណ៍​ខុសច្បាប់​ក្នុង​រដូវ​បិទ​នេសាទ កំពុង​រាលដាល​កាន់តែច្រើន​ហើយ​៕

11058236_1642876705983862_8040766391971512374_nលោក សោម ភារុណ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង 30-1