លោក សម រង្ស៊ី នឹង​បង្ហាញ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​ប្រទេស​កម្ពុជា​ដល់​សហភាព​អឺរ៉ុប​

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី នឹង​បង្ហាញ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដល់​សហភាព​អឺរ៉ុប​។ ការបង្ហាញ​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ដល់​សហភាព​អឺរ៉ុប គឺធ្វើឡើង​ស្រប​ពេលដែល​បញ្ហានយោបាយ​នៅ​ប្រទេស​កម្ពុជា​កំពុងមាន​ភាព​តានតឹង ហើយ​ស្ថានភាព​នៃ​ការគោរព​សិទ្ធិមនុស្ស និង​សេរីភាព​នៃ​ការបញ្ចេញ​ក៏​កំពុងមាន​ការធ្លាក់ចុះ​ដុនដាប​ផងដែរ​។​

លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ នៅថ្ងៃនេះ​បានបញ្ជាក់​ថា នៅ​សភា​អឺរ៉ុប ក្នុង​ទីក្រុង Bruxelles ប្រទេស Belgique លោក​បាន​ជួប​ជាមួយ​លោក​តំណាងរាស្ត្រ​អឺរ៉ុប Josef Weidenholzer​។ លោក សម រង្ស៊ី បាន​បញ្ជាក់ថា នៅ​ថ្ងៃស្អែក​លោក​នឹង​ទៅធ្វើ​ឧទ្ទេសនាម អំពី​ស្ថានភាព​នយោបាយ​នៅ​ប្រទេស​កម្ពុជា ហើយនឹង​ឆ្លើយ​សំណួរ​នៅ​ចំពោះមុខ​អនុគណៈកម្មាធិការ​សិទ្ធិមនុស្ស​នៃ​គណៈកម្មាធិការ​កិច្ចការបរទេស​នៃ​សភា​អឺរ៉ុប​។​

​ថ្មីៗ​នេះ អង្គការ​សង្គម​ស៊ីវិល និង​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ យល់ឃើញថា ដំណើរការ​ប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធមនុស្ស​នៅ​កម្ពុជា នឹង​មិនអាច​រីកចម្រើន​បានទេ បើសិនជា​សហគមន៍​អន្តរជាតិ​សម្រេច​កាត់ផ្ដាច់ ឬ​កាត់បន្ថយ​ជំនួយ​មែន​នោះ​។ ប្រភព​ដដែល​បាន​បញ្ជាក់ថា ជំនួយ​បរទេស​ពិសេស​ជំនួយ​ពី​សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប គឺជា​ដើមទុន​ក្នុង​ការកសាង​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ​ដ៏​រឹងមាំ​នៅ​កម្ពុជា ដូចនេះ​រដ្ឋាភិបាល​គប្បី​ធ្វើការ​កែទម្រង់​របៀប​ដឹកនាំ​ប្រទេស ហើយ​ថា​ការកែទម្រង់​នេះ​ជា​ប្រយោជន៍​ផ្ទាល់​របស់​កម្ពុជា និង​ពលរដ្ឋ​ខ្មែរ​។​

​គួរ​បញ្ជាក់ថា កាលពី​ខែឧសភា អគ្គលេខាធិការ​អង្គការសហប្រជាជាតិ លោក បាន គី​មូ​ន បានបង្ហាញ​ក្តីសង្ឃឹម​ថា រដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធានា​នូវ​ការគោរព​សិទ្ធិមនុស្ស​ពេញលេញ រួមបញ្ចូល​ទាំង​សេរីភាព​នៃ​ការបញ្ចេញមតិ សេរីភាព​ខាង​សមាគម និង​សេរីភាព​នៃ​ការប្រមូលផ្តុំ​ដែល​នេះ​ជាគោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។ លោក បាន គី​មូ​ន អំពាវនាវ​ដល់​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បន្ត​វប្បធម៌​សន្ទនា​តទៅទៀត​។​

​លោក បាន គី​មូ​ន អគ្គលេខាធិការ​អង្គការសហប្រជាជាតិ បាន​សង្កត់ធ្ងន់ថា អង្គការ​សហ​ប្រជា​តិ​មាន​ក្តី​ព្រួយបារម្ភ​ជុំវិញ​សេចក្តីរាយការណ៍​អំពី​ការបំភិតបំភ័យ ការរំលោភបំពាន និង​ការចាប់ខ្លួន​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ប្រព័ន្ធ​ផ្សព្វផ្សាយ សមាជិក​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​សមាជិក​គណបក្សជំទាស់​ដែល​កំពុង​រីក​រាលដាល​នៅ​ប្រទេស​កម្ពុជា​៕

13626954_1142598402463558_231117907147175241_n 13615350_1142598329130232_7179564506568697963_n​    ​