​លោក អេង ឆៃអ៊ាង បញ្ជាក់​ពី​ការវិវត្តន៍​ស្ថានការណ៍​នយោបាយ​នៅ​ប្រទេស​កម្ពុជា​

នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង អនុប្រធាន​គណៈកម្មាធិកា​រ​នាយក​គណបក្ស​សង្គ្រោះ​ជាតិ បានធ្វើ​សេចក្ដីប្រកាស​ព័ត៌មាន​ស្ដីអំពី​ការវិវត្ដន៍​នៃ​ស្ថានភាព​នយោបាយ​ដល់​អ្នកសារព័ត៌មាន​ជាតិ និង​អន្ដរជាតិ​។​

លោក អេង ឆៃអ៊ាង បានបញ្ជាក់​ដូចជា​៖ ទី​១-​ជំហរ​គណបក្ស​សង្គ្រោះ​ជាតិ ចំពោះ​ការស៊ើបអង្កេត​ឃាតកម្ម លោក​បណ្ឌិត កែម ឡី ទី​២-​សន្ដិសុខ និង​សុវត្ថិភាព​អ្នកតំណាងរាស្ដ្រ ថ្នាក់ដឹកនាំ សកម្មជន​គណបក្ស​ស​ង្គ្រោះ​ជាតិ ទី​៣-​ថ្ងៃទី​១៧ គណបក្ស​សង្គ្រោះ​ជាតិ​នឹងធ្វើ​ខួប​លើក​ទី​៤​ឆ្នាំ​(១៧​កក្កដា​២០១២-១៧​កក្កដា​២០១៦) នៃ​ការបង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ទី​៤-​គណបក្ស​សង្គ្រោះ​ជាតិ​សូម​អំពាវនាវ​យ៉ាងទទូច​ទៅ​គណបក្សកាន់អំណាច​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ជួប​ជជែក​គ្នា និង​ទី​៥-​លោក​ប្រធាន សម រង្ស៊ី នឹងធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំសភា​សហភាព​អឺរ៉ុប នៅ​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦​។​

ជុំវិញ​បញ្ហា​ខាងលើនេះ មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ កន្លងមក​បានបញ្ជាក់​ថា ប្រទេស​ជាច្រើន​ដែល​ស្គា​ល់ពី​សេរីភាព ពី​ប្រជាធិបតេយ្យ ពី​សង្គម​ជឿនលឿន​ស៊ី​វិ​ល័យ ពី​ច្បាប់ ពី​ការអនុវត្ត​ច្បាប់ ពី​សង្គម​យុត្តិធម៌ ត្រូវបាន​ប្រជាពលរដ្ឋ ប្រព័ន្ធ​ព័ត៌មាន​ដែល​ប្រកបដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ មន្ត្រី​ជំនាញ​ជា​អ្នកវាយតម្លៃ និង​ជា​អ្នកផ្តល់​មតិ ថា​យុត្តិធម៌ ឬ​អយុត្តិធម៌ ហើយ​នេះ​ពុំមែន​ស្ថិតនៅលើ​ការបកស្រាយ ដើម្បី​ផលប្រយោជន៍​នោះទេ​។​

លោក យ៉ែម បុញ្ញ​ប្ញ​ទ្ធិ បាន​សង្កត់ធ្ងន់ថា ប្រទេស​មាន​សន្តិភាព ស្ថិរភាព ជា​ឱកាស​ដ៏​ល្អ​ដើម្បី​ឲ្យ​ខ្មែរ​អភិវឌ្ឍន៍​ប្រទេសជាតិ ទន្ទឹមនឹងនោះ យុត្តិធម៌​សង្គម ក៏ត្រូវ​ឲ្យ​មានការ​យកចិត្តទុកដាក់​ខ្ពស់​ជាទីបំផុត​។ ទាំងនេះ ទាំង​រាស្ត្រ ទាំង​រដ្ឋ ត្រូវមាន​មនសិការ​វិជ្ជាជីវៈ ឧ​ត្ត​ម​គតិ​ពិត ផលប្រយោជន៍​ជាតិ យុត្តិធម៌​សង្គម​ជូន​ប្រជាពលរដ្ឋ​គ្រប់រូប ពេលនោះ​សង្គម​ជាតិខ្មែរ មាន​ភាពសុខដុមរមនា ភាពរុងរឿង សុខក្សេមក្សាន្ត​សម្រាប់​ជាតិ​មាតុភូមិ​ទាំងមូល​៕

13590354_1128424150555665_3816588296841338781_n