ក្រុមម្ចាស់ផ្ទះកម្ពុជា បានត្រឹមឈរមើលក្រុមភ្ញៀវ យកមេដាយវិលទៅវិញ

ក្រុមវាយកូនឃ្លីលើតុកម្ពុជា បានត្រឹមឈរទះដៃអបអរដល់ក្រុមភ្ញៀវតំណាងឲ្យប្រទេសចំនួន៥ផ្សេងទៀត ដែលបានឈ្នះមេដាយមាស ប្រាក់ និងមេដាយសំរឹទ្ធ ពីការប្រកួតវាយកូនឃ្លីលើតុជ្រើសរើសជើងឯកយុវជនអាស៊ីអាគ្នេយ៍ លើកទី២២ ឆ្នាំ២០១៦(22nd South East Asian Table Tennis Championships 2016) ខណៈអត្តពលិករបស់កម្ពុជា រកមិនបានមេដាយសូម្បីមួយនោះ។

seattc1

ការប្រកួតនេះមានប្រទេសចំនួន៧ បានចូលរួម និងមានអត្តពលិកសរុបចំនួន១២០នាក់។ យ៉ាងណាក៏ដោយ តាមរយៈការប្រកួតរយៈពេល៤ថ្ងៃ នៅក្នុងសាលដំបូងទូកនៃពហុកីឡដ្ឋានជាតិ ហើយបានបញ្ចប់ កាលពីថ្ងៃអង្គារ ម្សិលមិញ ក្រុមវាយកូនឃ្លីលើតុកម្ពុជា ទាំងអាយុក្រោម១៨ឆ្នាំ និងអាយុក្រុម១៥ឆ្នាំសរុប១៣នាក់ បានចាញ់គ្រប់វិញ្ញាសាដូចគ្នា ដោយធ្វើឲ្យកម្ពុជា គ្មានបានមេដាយមួយសោះ ដូចប្រទេសឡាវ ដែរ។

seattc2

ផ្ទុយទៅវិញកីឡាករ កីឡាការិនីវាយកូនឃ្លីលើតុរបស់ប្រទេសសិង្ហបុរី បានឈ្នះមេដាយច្រើនជាងគេ គឺសរុបរហូតដល់២១គ្រឿង ក្នុងនោះមេដាយមាស១០ ប្រាក់៥ និងមេដាយសំរឹទ្ធចំនួន៦គ្រឿង រីឯក្រុមវាយកូនឃ្លីលើតុជម្រើសជាតិថៃ បានឈរនៅចំណាត់ថ្នាក់លេខ២ ក្នុងនាមជាប្រទេសដែលឈ្នះបានមេដាយច្រើន បន្ទាប់ពីប្រទេសសិង្ហបុរី ដោយពួកគេបានឈ្នះមេដាយសរុបចំនួន១២គ្រឿង ក្នុងមានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ៩គ្រឿ។

seattc3

ចំណែកចំណាត់ថ្នាក់លេខ៣បានទៅក្រុមជម្រើសជាតិម៉ាឡេស៊ី ដោយទទួលបានមេដាយចំនួន៨ ក្នុងនោះមាស១ ប្រាក់៣ និងសំរឹទ្ធ៤។ រីឯក្រុមជម្រើសជាតិវៀតណាម បានឈ្នះមេដាយចំនួន៧គ្រឿង គឺប្រាក់៤ និងសំរឹទ្ធ៣ ហើយប្រទេសហ្វីលីពីន បានឈរនៅលេខរៀងទី៥ ដោយពួកគេបានឈ្នះមេដាយសំរឹទ្ធ៤គ្រឿង ហើយពិធីបិទការប្រកួត និងបំពាក់មេដាយ បានធ្វើឡើងក្រុមអធិបតីភាព លោកឧកញ៉ា រ័ត្ន សុខន ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា រួមជាមួយមន្រ្តីកីឡាមកពីសហព័ន្ធកីឡាវាយកូនឃ្លីលើតុអាស៊ីអាគ្នេយ៍ និងមន្រ្តីតំណាងឲ្យប្រទេសជាភ្ញៀវ មួយចំនួនទៀត៕

seattc4