ក្រុមU16មីយ៉ាន់ម៉ា ស្រវាបាន៣ពិន្ទុបន្ថែម តែអូស្រ្តាលី កាន់តែបាត់ឱកាស

ក្រុមU16ជម្រើសជាតិមីយ៉ាន់ម៉ា និងក្រុមU16ជម្រើសជាតិអូស្រ្តាលី ដែលធ្លាប់ដឹកដៃគ្នា ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃការប្រកួតពានរង្វាន់ AFF U16 Championship 2015 នោះ កំពុងតែបង្ហាញពីជោគវាសនាខុសគ្នា សម្រាប់ការប្រកួតរដូវកាលថ្មីឆ្នាំ២០១៦ ខណៈក្រុមទាំងនេះបានទទួលលទ្ធផលខ្វែងគ្នា ក្នុងការប្រកួតជម្រុះលើកទី២ប្រចាំពូលA កាលពីល្ងាច និងយប់ថ្ងៃអង្គារ ម្សិលមិញ។

AFFU16C1

បើទោះបីជាក្រុមមីយ៉ាន់ម៉ា និងអូស្រ្តាលី បានស្មើគ្នា ១-១ ក្នុងការប្រកួតបើកឆាក កាលពីថ្ងៃអាទិត្យ ប៉ុន្តែការប្រកួតលើកទី២ នៅពហុកីឡដ្ឋានជាតិ កាលពីម្សិលមិញ ក្រុមមីយ៉ាន់ម៉ា បានលត់ក្រុមឈ្នះថ្ងៃបើកឆាកគឺ U16សិង្ហបុរី ៤-១ តែU16អូស្រ្តាលី ត្រូវបានក្រុមវៀតណាម លត់ ៣-០ ដ៏មិនគួរឲ្យចង់ជឿ។ រីឯក្រុមម៉ាឡេស៊ី ដែលមានភាពទោរទន់ដោយសារកីឡាករចំនួន១១នាក់របស់ពួកគេ បានពុលអាហារ កាលពីយប់ថ្ងៃចន្ទនោះ បានត្រឹមស្មើក្រុមហ្វីលីពីន ២-២ សម្រាប់ការប្រកួត ដែលបានបញ្ចប់ក្នុងម៉ោងជាង១១យប់ កាលពីម្សិលមិញនោះដែរ។

AFFU16C2

ជាមួយលទ្ធផលនេះបានបង្ហាញឲ្យឃើញថា ក្រុមមាន៦ពិន្ទុពេញ វៀតណាម ដែលបានធ្លាក់ត្រឹមវគ្គជម្រុះតាមពូល កាលពីឆ្នាំ២០១៥ អាចនឹងមានឱកាសច្រើនជាងគេ ក្នុងការឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ឯក្រុមមីយ៉ាន់ម៉ា ដែលមាន៤ពិន្ទុ ក៏មានឱកាសច្រើនផងដែរ។ ចំណែកក្រុមសិង្ហបុរី ដែលមាន៣ពិន្ទុ និងអូស្រ្តាលី ដែលមាន១ពិន្ទុ ក៏នៅមានឱកាសដែរ គ្រាន់តែមានភាគរយមិនច្រើន និងស្ថិតក្នុងភាពប្រទាញប្រទុងគ្នាខ្លាំង ប៉ុន្តែក្រុមហ្វីលីពីន និងម៉ាឡេស៊ី ប្រហែលជាមិនអាចទៅមុខរួចនោះទេ ព្រោះ៣ប្រកួតចុងក្រោយរបស់ក្រុមទាំង២នេះ សុទ្ធតែត្រូវប្រឈមជាមួយក្រុមស្រេកឃ្លានជ័យជម្នះ និងមានកម្រិតលេងខ្លាំងដូចគ្នា៕

AFFU16C3

AFFU16C4

AFFU16C5