អ្នក​សៀមរាប​និង​ឧត្តរមានជ័យ​មួយ​ចំនួន​គ្រោង​មក​មើល​មុខ​លោក កែម ឡី ជា​ចុងក្រោយ

ប្រជាពលរដ្ឋ​ជា​ច្រើន​នៅ​ក្នុង​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ នៅ​តែ​មាន​អារម្មណ៍​ក្ដុកក្ដួល សោកស្ដាយ​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​បញ្ហា​សង្គម ហើយ​ត្រូវ​ឃាតក​បាញ់​សម្លាប់។ រយៈពេល ៣​ថ្ងៃ​មក​ហើយ ចាប់​តាំង​ពី​មាន​ដំណឹង​មរណភាព​របស់​លោក កែម ឡី មក គឺ​ប្រជាពលរដ្ឋ​តាម​ហាង​កាហ្វេ និង​តាម​ទី​សាធារណៈ​នានា តែង​ប្រមូល​ផ្ដុំ​គ្នា​តាមដាន​ព័ត៌មាន​ជុំវិញ​រឿង​នេះ​ពី​ទូរស័ព្ទ​ដៃ (Smart Phone) តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook)។

ពលរដ្ឋ​មួយ​ចំនួន​ដែល​រស់​នៅ​ខេត្ត​សៀមរាប និង​ខេត្ត​ឧត្តរមានជ័យ មាន​គម្រោង​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង​ភ្នំពេញ ជា​បន្តបន្ទាប់ ក្នុង​បំណង​ចង់​មើល​មុខ​របស់​លោក​បណ្ឌិត កែម ឡី ចុង​ក្រោយ នៅ​មុន​ពេល​ដែល​សាកសព​របស់​លោក​ត្រូវ​ក្រុម​គ្រួសារ​យក​ទៅ​បញ្ចុះ។

មរណភាព​របស់​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នក​វិភាគ​បញ្ហា​សង្គម ដែល​ពលរដ្ឋ​អះអាង​ថា មាន​ភាព​ដ៏​ច្បាស់លាស់ ហើយ​ត្រូវ​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា កន្លង​ទៅ បាន​ធ្វើ​ឱ្យ​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឆ្ងាយៗ ទោះ​ធ្លាប់​ស្គាល់ និង​មិន​ធ្លាប់​ជួប​មុខ​ក្ដី មាន​ការ​សោកស្ដាយ​ព្រមទាំង​ក្ដុកក្ដួល​យ៉ាង​ខ្លាំង។

ស្ត្រី​ម្នាក់​ជា​ពលរដ្ឋ​នៅ​ក្នុង​ទី​រួម​ខេត្ត​សៀមរាប ក្នុង​ចំណោម​ពលរដ្ឋ​ជា​ច្រើន​ទៀត។ គាត់​មាន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អង្គារ ទី​១២ ខែ​កក្កដា ទាំង​អួល​ដើមក​ជាមួយ​នឹង​ទឹកភ្នែក​រលីងរលោង​ថា គាត់​មិន​ធ្លាប់​បាន​ជួប​មុខ​លោក កែម ឡី ផ្ទាល់​ទេ គឺ​គាត់​គ្រាន់តែ​បាន​ស្ដាប់​សំឡេង​ដែល​និយាយ​ពី​បញ្ហា​សង្គម​ខ្មែរ តាម​រយៈ​ការ​ផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី និង​វិទ្យុ​សំឡេង​សហរដ្ឋអាមេរិក ប៉ុណ្ណោះ ហើយ​គាត់​មាន​ចិត្ត​ស្រឡាញ់ ព្រមទាំង​ទទួល​ស្គាល់​លោក កែម ឡី ថា ជា​បញ្ញវន្ត​ខ្មែរ​ស្នេហា​ជាតិ​មួយ​រូប​ដែល​មិន​ងាយ​រក​បាន។

ស្ត្រី​ដដែល​បញ្ជាក់​ថា ពេល​នេះ​គាត់​ហាក់​ដូច​គ្មាន​ព្រលឹង និង​កម្លាំង​ទេ បន្ទាប់​ពី​បាន​ដឹង​ថា លោក កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់៖ «មាន​ការ​សោកស្ដាយ​ខ្លាំង​បំផុត​នៅ​ពេល​ដែល​ឭ​ថា គេ​បាញ់​គាត់​ស្លាប់។ វា​ហាក់​ដូចជា​បាត់បង់​វត្ថុ​ដ៏​មាន​តម្លៃ​មហាសាល​របស់​ប្រទេស​ខ្មែរ»

ស្ត្រី​ម្នាក់​ទៀត​នៅ​ទី​រួម​ខេត្ត​សៀមរាប ដែរ មាន​ប្រសាសន៍​ប្រហាក់ប្រហែល​គ្នា​ថា លោក​បណ្ឌិត កែម ឡី ថ្វី​ដ្បិតតែ​មិន​ដែល​ឱ្យ​អ្វី​មក​រូប​គាត់ ក៏​ប៉ុន្តែ​ពាក្យ​សម្ដី​របស់​លោក កែម ឡី ដែល​គាត់​តែងតែ​ស្ដាប់​ឭ​គឺ​ជា​ទ្រព្យសម្បត្តិ​ដ៏​មាន​តម្លៃ​សម្រាប់​រូប​គាត់ និង​ប្រទេស​ជាតិ​ទាំង​មូល៖ «ខ្ញុំ​មួម៉ៅ​ក្នុង​ចិត្ត ខ្ញុំ​ចង់​ឡើង​ទៅ​ភ្នំពេញ ពីព្រោះ​ខ្ញុំ​នៅ​មិន​សុខ​ទេ។ ខ្ញុំ​តាមដាន​ស្ដាប់​គាត់​និយាយ​រាល់ គឺ​គាត់​មិន​ឱ្យ​អ្វី​ខ្ញុំ​ហូប​ទេ ប៉ុន្តែ​គាត់​ជួយ​ជាតិ​របស់​ខ្ញុំ»

ចំណែក​លោក ស៊ឹម សោភ័ណ ជា​ប្រជាពលរដ្ឋ ១​រូប នៅ​ស្រុក​ក្រឡាញ់ ឱ្យ​ដឹង​ថា រូប​លោក គឺ​ជា​កូន​សិស្ស​របស់​លោក កែម ឡី។ មុន​ពេល​ដែល​លោក កែម ឡី ត្រូវ​ឃាតក​បាញ់​សម្លាប់​គឺ​បាន​បង្ហាត់​បង្រៀន​រូប​លោក ឱ្យ​ចេះ​ដឹង​ជា​ច្រើន៖ «ខ្ញុំ​ជឿ​ថា អ្នក​ដែល​សម្លាប់​ហ្នឹង​ក៏​មិន​អាច​រស់​បាន​យូរ​ទេ គឺ​ប្រាកដ​ជា​ស្លាប់​យ៉ាង​វេទនា»

​មិន​មែន​តែ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​សៀមរាប ប៉ុណ្ណោះ​ទេ ដែល​មិន​ធ្លាប់​ស្គាល់​មុខ​លោក កែម ឡី សោះ ប៉ុន្តែ​សម្ដែង​ការ​ក្ដុកក្ដួល​នៅ​ពេល​ដែល​លោក កែម ឡី ត្រូវ​គេ​បាញ់​សម្លាប់ សូម្បី​តែ​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ឧត្តរមានជ័យ ដែល​ជា​តំបន់​ចុងកាត់មាត់ញក ក៏​មាន​អារម្មណ៍​ក្រៀមក្រំ​ដូច​គ្នា​ដែរ។

ក្នុង​ចំណោម​មន្ត្រីរាជការ​ខ្លះ ថ្វី​ត្បិតតែ​មិន​ហ៊ាន​សម្ដែង​ក្ដុកក្ដួល​ជា​ចំហ​ចំពោះ​មរណភាព​របស់​លោក​បណ្ឌិត កែម ឡី ក៏ប៉ុន្តែ​គេ​បាន​ខ្សឹបខ្សៀវ​ប្រាប់​គ្នា​ថា ពួកគេ​ក្ដុកក្ដួល​យ៉ាង​ខ្លាំង មិន​ខុស​ពី​ប្រជាពលរដ្ឋ​ដែល​ស្រែក​ទ្រហោយំ​នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។