អ.ស.ប​ផ្នែក​សិទ្ធិ​មនុស្ស​​ស្នើ​ឲ្យ​អាជ្ញាធរ​រក​ឃាតក​​​សម្លាប់​លោក កែម ឡី ពិត​ប្រាកដ

ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ (អ.ស.ប) ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហ្សឺណែវ ថ្កោលទោស​ការ​សម្លាប់​លោក​បណ្ឌិត កែម ឡី ហើយ​ស្នើ​ឲ្យ​អាជ្ញាធរ​ស៊ើប​អង្កេត​រក​ឃាតក​ពិត​ប្រាកដ​មក​ផ្ដន្ទាទោស​តាម​ច្បាប់។

អ្នក​នាំ​ពាក្យ​ការិយាល័យ​ឧត្ដម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស លោក សេស៊ីល ប៉ូលី (Cecile Pouilly) ថ្លែង​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​សារ​អេឡិចត្រូនិក ពី​ទីក្រុង​ហឺ្សណែវ ប្រទេស​ស្វីស (Switzerland) ថា អង្គការ​សហប្រជាជាតិ​ស្វាគមន៍​ចំពោះ​ការ​អំពាវ​នាវ​របស់​រដ្ឋាភិបាល​កម្ពុជា ដែល​ប្រកាស​​បើក​ការ​ស៊ើប​អង្កេត និង​​ចាប់​ខ្លួន​ជនសង្ស័យ។

ជាមួយ​គ្នា​នេះ​ដែរ អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស​ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​នេះ​ឲ្យ​បាន​ជាក់លាក់​ ច្បាស់លាស់ និង​ត្រូវ​ធានា​ថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ត្រូវ​ចាប់​យក​មក​កាត់​ទោស និង​ដាក់​ទោស​ត្រឹមត្រូវ​​តាម​ច្បាប់។

អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស ក៏​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា ចាត់​វិធានការ​ជាបន្ទាន់ និង​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​សកម្មជន​ការពារសិទ្ធិ​មនុស្ស អ្នក​នយោបាយ និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល។

អង្គការ​សហប្រជាជាតិ​ផ្នែក​សិទ្ធិ​មនុស្ស កត់សម្គាល់​ថា​ ខណៈ​ស្ថានការណ៍​នយោបាយ​កម្ពុជា​ កំពុង​តានតឹង​នៅ​​រយៈពេល​ចុង​ក្រោយ វា​មាន​សារសំខាន់​ណាស់​ដែល​អាជ្ញាធរ​ត្រូវ​ធានា​​ថា ប្រជាពលរដ្ឋ​គ្រប់​រូប​មាន​សុវត្ថិភាព​ពេញលេញ ដោយ​គ្មាន​ការ​ភ័យ​ខ្លាច និង​រង​​ហិង្សា​លើ​រាងកាយ​ក្នុង​ការ​បញ្ចេញ​មតិ​ជា​សាធារណៈ ពិសេស​ក្នុង​ពេល​វេលា​មុន​ការ​បោះឆ្នោត​ឃុំ សង្កាត់ និង​បោះឆ្នោត​ជាតិ ដែល​នឹង​មក​ដល់​នៅ​ឆ្នាំ​២០១៧ និង​ឆ្នាំ​២០១៨ ខាង​មុខ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។