ជម្លោះ​​គ្រួសារ ជា​ជំងឺ​ឯកជន ឬ​​​ជំងឺ​សង្គម?

ពេលកើមាន​​អំពើ​ហិង្សា​ក្នុង​គ្រួសារ ស្ត្រី​ច្រើន​តែ​ជា​ជន​រងគ្រោះ ហើយគេ​សង្កេត​ឃើញ​ថា ពេល​អ្នកណា​ម្នាក់ ​ព្យាយាមចូល​​ជួយ​អន្តរាគមន៍ ភាគី​ជម្លោះ​តែង​និយាយ​ទៅ​កាន់​អ្នក​អន្តរាគមន៍ថា «​កុំ​ចេះ! រឿង​គ្រួសារ​ខ្ញុំ!»។ តើ​ជម្លោះ​ក្នុង​គ្រួសារ ជា​ជំងឺ​​របស់​បុគ្គលឯកជន ឬ​ជំងឺ​​​របស់​សង្គម? ហើយ​អ្នក​ណា​ខ្លះ​ជា​អ្នក​ខាតបង់?

 

អ្នកស្រី Margarette Roberts ជនជាតិ​អូស្ត្រាលី និង​ជា​អ្នក​ប្រឹក្សា​ឯករាជ្យ​​លើ​ផ្នែក​ហិង្សា​ស្ត្រី បាន​ឱ្យ ​​Sabay ដឹង​ក្នុង​សិក្ខា​សាលា​បណ្ដុះបណ្ដាល​អ្នកកាសែតស្ដីអំ​ពី​ អំពើហិង្សា​លើ​ស្ត្រី​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ របស់ UN WOMEN កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ជម្លោះ​ក្នុង​គ្រួសារ មិន​មែន​ជា​បញ្ហា​របស់ឯកជន​​​ទេ ផ្ទុយ​ទៅ​វិញ​វា​​ជា​បញ្ហា​របស់​សហគមន៍ និងសង្គម​ទាំង​មូល​តែ​ម្ដង។

 

ជម្លោះ​​គ្រួសារ ជា​ជំងឺ​ឯកជន ឬ​​​ជំងឺ​សង្គម?រូបតំណាងមកពី bt.com.bn

 

លោកស្រី Margarette មាន​ប្រសាសន៍​ថា ការ​ប្រើ​អំពើ​ហិង្សា​លើ​ស្ត្រី​ ធ្វើ​ឱ្យ​គ្រួសារខាត​បង់​ប្រយោជន៍​ជាច្រើន៖ “…បាត់​​ចំណូល (គ្រួសារ)។ បើ​កូន​​​វិញ បើ​គាត់​ជា​កូន​ប្រុស បាន​ន័យ​ថា​គាត់​ឃើញ​ទិដ្ឋភាព​ឪពុក​ម្ដាយ​​គាត់​ប្រើ​ហិង្សា គាត់​អាច​ប្រើ​ហិង្សា​ដាក់​ប្រពន្ធ​ ឬ​សមាជិក​គ្រួសារ​​របស់​គាត់។ បើ​កូន​ស្រី​វិញ ពេល​គាត់​ឃើញ​ឪពុក​របស់​គាត់​វៃ​ម្ដាយ គាត់​នឹង​គិត​ថា​ធំ​ឡើង គាត់​នឹង​ត្រៀម​ខ្លួន​ធ្វើ​ជា​ស្ត្រី​រងគ្រោះ…នេះ​ជា​ការ​គិត​ខុស​គ្នា​រវាង​កូន​ស្រី​ និង​កូន​ប្រុស”។

 

​រី​ឯ​​ប្រទេស​ជាតិ​វិញ អ្នកស្រី​ថា អំពើ​ហិង្សា​លើ​ស្ត្រី ធ្វើ​ឱ្យ​​សង្គម​ខាត​បង់​ប្រយោជន៍​ច្រើន ជា​ពិសេស​រដ្ឋាភិបាល គឺ​ខាតបង់​លើ​​សេវា​ផ្សេងៗ នៅ​ពេល​ស្ត្រី​រងគ្រោះ ទៅ​រក​សេវា​រដ្ឋ​កាន់​តែ​ច្រើន។

 

“​នៅ​កម្ពុជា​ខ្ញុំ​អត់​​មាន​តួលេខ​ច្បាស់​ទេ តែ​នៅ​អូស្ត្រាលី​បង្ហាញ​ថា អំពើ​ហិង្សា​លើ​ស្ត្រី ធ្វើ​ឱ្យ​បាត់បង់​ផលិតកម្ម​ការងារ​ប្រចាំ​ឆ្នាំ។ មួយ​ទៀត​គឺ​សុខភាព គឺ​​បាន​ន័យ​ថា គាត់​ត្រូវ​ទៅ​រក​សេវា​របស់​រដ្ឋ​កាន់​តែ​ច្រើន ហើយ​រដ្ឋាភិបាល​​ត្រូវ​ចំណាយ​លើ​ថ្លៃ​សេវា​កាន់​តែ​ច្រើន”។ លោកស្រី​បញ្ជាក់។

 

ជម្លោះ​​គ្រួសារ ជា​ជំងឺ​ឯកជន ឬ​​​ជំងឺ​សង្គម?អ្នកស្រី Margarette Roberts

 

បើ​តាម​ឯកសារ​ផ្ដល់​ដោយ​អង្គការ UN Women អំពើ​​ហិង្សា​លើ​ស្ត្រី ធ្វើ​ឱ្យ​​ប៉ះពាល់​លើ​គ្រួសារ សហគមន៍ និង​សង្គម​ទាំងមូល​ដូចជា៖

 

អំពើ​ហិង្សា​លើ​ស្ត្រី រួម​ចំណែក​ធ្វើ​ឱ្យ​ពលរដ្ឋ​ធ្លាក់​ក្នុង​ភាព​ក្រីក្រ ដោយ​សារ​តែ​ខាតបង់​ចំណូល និង​ទ្រព្យសម្បត្តិ ព្រោះ​ពួកគេ​ត្រូវ​ចាយវាយ​លើ​ជំងឺ ការ​រងរបួស និង​ការ​លែងលះ និង​បែក​បាក់​គ្រួសារ។

 

កុមារ​កម្ពុជា ដែល​រស់​នៅ​ក្នុង​មាន​អំពើ​ហិង្សា ងាយ​នឹង​រៀន​ធ្លាក់ និង​បោះបង់​ការ​សិក្សា។
អំពើ​ហិង្សា​ ធ្វើ​ឱ្យ​​​​ស្ត្រី​កម្ពុជា​ ​បង្ខំ​ចិត្ត​​មិន​ទៅ​ធ្វើការ​ច្រើន​ថ្ងៃ នាំ​ឱ្យ​ពួកគេ​ខាតបង់​ប្រាក់​ឈ្នួល (ប៉ះពាល់​លើ​ផលិតភាព)។

 

អំពើ​ហិង្សា​លើ​ស្ត្រី ធ្វើ​ឱ្យ​​​​​ប៉ះពាល់​ធ្ងន់ធ្ងរ​លើ​សុខភាព និង​សុខុមភាព​របស់​ស្ត្រី ដោយ​ពួកគេ​មាន​អារម្មណ៍​អន្ទះអន្ទែង រហូត​ឈឺថ្កាត់ និង​ការ​គិត​ចង់​ធ្វើ​អត្តឃាត។

 

ឯកសារដដែល​បញ្ជាក់​ថា នៅ​​ប្រទេស​កម្ពុជា ក្នុង​ចំណោម​ស្ត្រី​ ៥​ នាក់មាន​ម្នាក់​ បាន​រាយការណ៍​ថា នាង​បាន​រង​អំពើ​ហិង្សា​ផ្លូវកាយ និង​ផ្លូវ​ភេទ ពី​សំណាក់​ស្វាមី ឬ​អតីត​ស្វាមី។

 

ជម្លោះ​​គ្រួសារ ជា​ជំងឺ​ឯកជន ឬ​​​ជំងឺ​សង្គម?លោកស្រី រស់ សុភាព នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា

 

លោកស្រី រស់ សុភាព នាយិកា​ប្រតិបត្តិ​អង្គការ​យេនឌ័រ និង​អភិវឌ្ឍ​ដើម្បី​កម្ពុជា ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា អំពើ​ហិង្សា​ក្នុង​​គ្រួសារ មិន​មែន​ជា​រឿង​របស់​បុគ្គល​នោះ​ទេ គឺ​ជា​រឿង​​សង្គម​ទាំងមូល ហើយ​ស្ត្រី​ភាគ​ច្រើន​ដែល ជា​ជន​រងគ្រោះ ធ្វើ​ឱ្យ​គ្រួសារ​ខាត​បង់​ចំណូល ខាត​លើ​ការ​ព្យាបាល ជា​គំរូ​អាក្រក់​ដល់​ក្មេង​ជាដើម ចំណែក​ប្រទេស ត្រូវ​ខាង​បង់​ធនធាន​មនុស្ស ខាត​បង់​សេដ្ឋកិច្ច​ជាតិ និង​គ្មាន​ការអភិវឌ្ឍន៍ ។

 

នៅ​ពេល Sabay សួរ​ថា ពេល​គ្រួសារ​មួយ​មាន​អំពើ​ហិង្សា តើ​អ្នក​ណា​ខ្លះ​អាច​​ជួយ​អន្តរាគមន៍​​បាន​? តាម​របៀប​ណា? លោកស្រី រស់ សុភាពតប​ថា បើ​តាម ច្បាប់​ស្ដី​ពី​ការ​ទប់​ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ និង​កិច្ច​ការពារ​ជន​រង​គ្រោះ អ្នកណា​ក៏​ដោយ​ឱ្យ​តែ​ឃើញ ថា​មាន​អំពើ​ហិង្សា​ ឬ​អំពើ​ហិង្សា​ប្រុង​នឹង​កើត​ឡើង ពួកគេ​អាច​ធ្វើ​អន្តរាគមន៍​បាន ឬត្រូវ​​ត្រូវ​រាយការណ៍​មុន ដើម្បី​កុំ​ឱ្យ​​អំពើ​ហិង្សា​កើត​ឡើង…ហើយ​បើ​អ្នក​ឃើញ​នោះ មិន​រាយការណ៍ទេ អ្នក​នោះ​ឯង​ក៏​មាន​ទោស​ស្មើ​នឹង ​អ្នក​ប្រព្រឹត្ត​ដែរ។

 

យោង​តាមក្រម​ព្រហ្មទណ្ឌ​ឆ្នាំ​២០០៩ មាត្រា​២១៧ ចែង​ថា អំពើ​ហិង្សា​ប្រព្រឹត្ត​ដោយ​ចេតនា​លើ​អ្នក​ដទៃ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី ១​ឆ្នាំ​ទៅ ៣​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ២​លាន​រៀល ទៅ ៦​លាន​រៀល៕

ចុចអាន៖ ២៤ម៉ោង ក្រោយ​មរណភាព​អ្នកវិភាគ​ ដ៏​មាន​ប្រជាប្រិយភាព​នៅ​កម្ពុជា

ចុចអាន៖ ចាន់​ ឈួង រៀន​អង់គ្លេស​​១​​ម៉ោង​៥០០​៛​ ធ្វើ​​ការ​​១​​ថ្ងៃ​​បាន​​ជាង ​​២០០​ដុល្លារ​

 

អត្ថបទ៖ អ៊ុំ សុភក្តិ