អង្គការសហប្រជាជាតិ​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្វែងរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី​

អង្គការសហប្រជាជាតិ​ផ្នែក​សិទ្ធិមនុស្ស​បានបញ្ជាក់​គោលជំហរ​របស់ខ្លួន​ដោយបាន​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ស្វែងរក​យុត្តិធម៌​ជូន​លោក​បណ្ឌិត កែម ឡី​។ អង្គការ​ដដែល​នេះ ក៏បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​កម្ពុជា​ចាត់វិធានការ​ជាបន្ទាន់ និង​មាន​ប្រសិទ្ធភាព ដើម្បី​ការពារ​សកម្មជន​ការពារ​សិទ្ធិមនុស្ស អ្នកនយោបាយ និង​សមាជិក​អង្គការ​សង្គម​ស៊ីវិល​នៅ​ប្រទេស​កម្ពុជា​។​

អ្នកនាំពាក្យ​ការិយាល័យ​ឧត្ដមស្នងការ​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស លោក សេ​ស៊ី​ល ប៉ូ​លី បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​កម្ពុជា​ពី​ទីក្រុង​ហ្សឺ​ណែវ ប្រទេស​ស្វី​ស​ថា អង្គការសហប្រជាជាតិ​ស្វាគមន៍​ចំពោះ​ការអំពាវនាវ​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា ដែល​ប្រកាស​បើក​ការស៊ើបអង្កេត និង​ចាប់ខ្លួន​ជនសង្ស័យ​។ មន្ត្រី​អង្គការសហប្រជាជាតិ​ដដែល​នេះ​បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ឲ្យ​បានជា​ក់លាក់ ច្បាស់លាស់ និង​ត្រូវ​ធានាថា អ្នក​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី ត្រូវ​ចាប់​យកមក​កាត់ទោស និង​ដាក់ទោស​ត្រឹមត្រូវ​តាមច្បាប់​។​

ជុំវិញ​ករណី​ឃាតកម្ម​ដ៏​សាហាវព្រៃផ្សៃ​លើ​លោក​បណ្ឌិត កែម ឡី ដែល​គេ​ទទួលស្គាល់​ជាទូទៅ​ថា​ជា​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា បានធ្វើ​ឲ្យ​មានការ​ថ្កោលទោស​យ៉ាងខ្លាំង​ពី​សាធារណមតិ​ជាតិ និង​អន្តរជាតិ​។ ជាក់ស្តែង​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក ប្រទេស​បារាំង អង់គ្លេស អាល្លឺម៉ង់ ជប៉ុន និង​អូស្ត្រាលី​ជាដើម​សុទ្ធតែ​បាន​ថ្កោលទោស​ចំពោះ​បទឧក្រិដ្ឋ​នេះ និង​ស្នើ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​ស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​ឲ្យ​បាន​ឆាប់​បំផុត​។​

បន្ត​ពី​មហាអំណាច​ផ្សេងទៀត​នៅថ្ងៃនេះ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បានបញ្ជាក់​គោលជំហរ​ផ្ទាល់ខ្លួន​ថា ស្ថានទូត​ជប៉ុន​ពិត​ជាមាន​សេចក្តី​ក្រៀមក្រំ និង​រន្ធត់​យ៉ាង​ក្រៃលែង​ដែល​ទទួលបាន​ព័ត៌មាន​អំពី​ការសម្លាប់​លោក​បណ្ឌិត​កែម ឡី​។ ស្ថានទូត​ជប៉ុន​សូម​ថ្កោលទោស​យ៉ាងខ្លាំង​ក្លា​ចំពោះ​ឃាតកម្ម​យ៉ាង​ឃោរឃៅ​ចំពោះ​លោក​បណ្ឌិត​ដ៏​លេចធ្លោ​ម្នាក់​។ ស្ថានទូត​ជប៉ុន​សូម​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​អស់ពីដួងចិត្ត​ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ​របស់លោក​បណ្ឌិត​។​

ចំណែក​ស្ថានទូត​បារាំង​ក៏បាន​បញ្ជាក់​គោលជំហរ​ដែរ​ថា​ប្រទេស​បារាំង​មាន​ក្តី​រន្ធត់​យ៉ាងខ្លាំង នៅពេល​ទទួលបាន​ដំណឹង អំពី​ឃាតកម្ម​លើ​អ្នកវិភាគ​នយោបាយ កែម ឡី ។ ប្រទេស​បារាំង​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ និង​ញាតិមិត្ត​នៃ​សព ហើយ​អំពាវនាវ​ឲ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​បើក​ការស៊ើបអង្កេត​ច្បាស់លាស់ អំពី​មូលហេតុ​នៃ​ការស្លាប់​នេះ​៕

13606521_10153856394223224_2201401826086782864_n 13620204_907723489355590_8580957511197263263_n 13669006_1054671784612125_4574631053105657545_n