អង្គ​ទូត បន្ត​មក​គោរព​វិ​ញ្ញា​ណក្ខ​ន្ធ​ លោក កែម ឡី និពន្ធដោយ : ម៉ៅ សុផា       July-13-2016, 12:11 pm         2031

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132អង្គ​ទូត បន្ត​មក​គោរព​វិ​ញ្ញា​ណក្ខ​ន្ធ​ លោក កែម ឡីអង្គ​ទូត​នានា ប្រចាំនៅកម្ពុជា បាន​បន្ត​មក​គោរព​វិ​ញ្ញាណ​ក្ខ​ន្ធ​លោក កែម ឡី នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដានេះ។ ក្រៅពីមន្រ្តីទូត ក៏មានមន្រ្តីរាជការ មន្រ្តីអង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ និង​ប្រជា​ពលរដ្ឋជា​ច្រើនរយនាក់ទៀត នៅតែបន្តមកគោរពវិញ្ញាណក្ខន្ធជាហូរហែ។

អង្គ​ទូត​ចំនួន៤ទៀត បាន​បន្ត​មក​គោរព​វិ​ញ្ញាណ​ក្ខ​ន្ធ លោក កែម ឡី ដែល​តម្កល់​នៅ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ស្ថិតនៅ​ខណ្ឌ​ច្រោយចង្វារ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី១៣ ខែកក្កដា​នេះ។ មន្រ្តីទូត​ទាំងនោះ មានដូចជា មន្ត្រី​ទូត ជប៉ុន បារាំង ហូ​ឡង់ និង​មន្ត្រី​ទូត​អូស្ត្រាលី។

កាលពី​ថ្ងៃទី១២ ខែកក្កដា ក៏មាន​មន្ត្រី​ទូត ចំនួន៣ដែរ បានមក​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ ​រួមមាន​មន្ត្រី​ទូត​សហភាព​អឺរ៉ុប អាល្លឺម៉ង់ និង​មន្ត្រី​ទូត​របស់​អង់គ្លេស​ប្រចាំ​កម្ពុជា។ ក្រៅពីនោះ ក៏មាន អ្នកនយោបាយ មន្ត្រីរាជការ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រះសង្ឃ រួម​នឹង​ប្រជាពលរដ្ឋ​ជាច្រើន​បាន​បន្ត​មកជា​ហូរហែ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ និង​សម្តែង​ការសោកស្តាយ ចំពោះ​ការបាត់បង់ អ្នកវិភាគរូបនេះ។

សូម​រំលឹកថា លោក កែម ឡី ត្រូវបាន​ខ្មាន់កាំភ្លើង បាញ់សម្លាប់​នៅ​ព្រឹក​ថ្ងៃទី១០ ខែកក្កដា នៅក្នុង​ម៉ា​ត​មួយ ក្បែរ​ស្តុ​ប​បូកគោ រាជធានី​ភ្នំពេញ។ សព​លោក កែម ឡី ត្រូវបាន​យកទៅ​ធ្វើបុណ្យ​នៅ​វត្ត​ពោធិ​យា​រាម ហៅ​វត្ត​ចាស់ ស្ថិតនៅ​ខណ្ឌ​ច្រោយចង្វារ រាជធានី​ភ្នំពេញ។ ចំណែកឯ ជនសង្ស័យ​ដែល​បាញ់សម្លាប់​លោក កែម ឡី ក៏​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនបាន​ភា្ល​ម​ផងដែរ ដោយ​ជនល្មើស​នោះ​ត្រូវបាន​គេ​ដឹង​មាន​ឈ្មោះថា ជួប សម្លាប់។

បើតាម​លោក លី សុផាន់​ណា អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ   នៅ​ព្រឹក​ថ្ងៃទី១៣ ខែកក្កដា​នេះ តំណាង​អយ្យការ​អម​សាលាដំបូង បានសម្រេច​ចោទប្រកាន់​ជនសង្ស័យ​ដែល​បាញ់សម្លាប់ លោក កែម ឡី ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​បទ​កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត តាម​មាត្រា២០០ និង​មាត្រា ៤៩០ នៃ​ក្រមព្រហ្មទណ្ឌ។ ក្រៅពី​ចោទប្រកាន់​លើ​ជនល្មើស ព្រះរាជអាជ្ញា​ក៏​ចោទប្រកាន់​លើ​បុគ្គល ដែល​បាន​លក់​អាវុធ​ឲ្យ​ជនល្មើស ពីបទ​លក់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត តាម​មាត្រា ២០ នៃ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​អាវុធ​គ្រឿងផ្ទុះ​និង​គ្រាប់រំសេវ។ តែ​យ៉ាងណា អ្នកនាំពាក្យ​រូបនេះ មិនបាន​បញ្ជាក់​ពី​អត្តសញ្ញាណ​អ្នកលក់​អាវុធ​ឲ្យ​ជនល្មើស​នោះទេ។

លោក​លី សុផាន់​ណា ដែលជា​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​នោះ  បានបញ្ជាក់​បន្ថែមថា សំណុំ​រឿងនេះ ព្រះរាជអាជ្ញា បាន​បញ្ជូនទៅ​ចៅក្រម​ស៊ើបសួរ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី៕