អ្នក​ណា​មិន​ស្លុត បើ​ឃើញ​មក​ចំ​បែប​នេះ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​ហ៊ី​ណូ​ដឹក​ផ្លែ​ល្ពៅ​ខណៈ​បត់​នៅ​ផ្លូវបំបែក​ស្រាប់តែ​ជ្រុល​ទៅ​បុក​រថយន្ត​កាម​រី​១​គ្រឿង និង​បុក​ចូល​ផ្ទះ​លក់​ទូរស័ព្ទ​បណ្ដាល​ឲ្យ​ម្ចាស់ផ្ទះ​ភ័យ​ឡើង​ស្លុត​ស្ទើរ​លស់​ព្រលឹង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ស្ថិត​នៅ​ភូមិ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បូ​រី ។

លោក យ៉​ន យ៉​ន់ អធិការរង​ន​របាល ទទួល​បន្ទុក​​ផ្នែក​សណ្តាប់ធ្នាប់​ចរាច​ណ៍​ស្រុក​មង្គលបុរី​ បាន​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ហ៊ី​យ៉ា​ន់​ដា ពាក់​ស្លាក​លេខ ភ្នំពេញ 3B-9341 មាន​ម្ចាស់​ឈ្មោះ ពៅ សា​រ៉ា​យ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ​មានស្រុក​កំណើត​នៅ​ខេត្តកំពត ចំណែក​ម្ចាស់​តូប​លក់​ទូរស័ព្ទ​មានឈ្មោះ គឺ​ម ឈុ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

លោក យ៉​ន យ៉​ន់ ឲ្យ​ដឹង​ទៀត​ថា តាម​សំដី​ម្ចាស់​តូប​លក់​ទូរស័ព្ទ​បាន​ឲ្យ​ដឹង មុន​ពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​ធន់​ធំ​ដែល​ដឹក​ផ្លែ​ល្ពៅ​បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ពី​ជើង​បាន​បត់​ផ្លូវបំបែក​ទៅ​ខាងលិច ហើយ​ក៏​បាន​បុក​រថយន្ត​កាម​រី​ចង្កូត​ស្តាំ​ពាក់​ស្លាក​លេខ បាត់ដំបង 2A-2427 រួច​ជ្រុល​ទៅ​បុក​តូប​លក់​ទូរស័ព្ទ​មួយ​ចំហៀង​ខាងលិច​បណ្តាល​ឲ្យ​បែក​ទូរ​ទូរស័ព្ទ និង​ជញ្ជាំង​ផ្ទះថ្ម និង​ខូចខាត​ម៉ូតូ​ហុងដា សេ​១២៥ ពាក់​ស្លាក​លេខ បន្ទាយ​មាន​ជ័យ​ 1E-0815 ផ្នែក​ខាង​មុខ ដែល​ជា​របស់​បុគ្គលិក​មីក្រូហិរញ្ញវត្ថុ ។

បើ​តាម​សំដី​ឈ្មោះ ពៅ សា​រ៉ា​យ ម្ចាស់​រថយន្ត​បាន​ឲ្យ​ដឹង​ថា រថយន្ត​របស់​គាត់​ដឹក​ផ្លែ​ល្ពៅ​ពី​ខេត្តព្រះវិហា​ទៅ​លក់​នៅ​ច្រក​កំ​រៀង ភ្នំព្រឹក ខេត្តបាត់ដំបង តែ​ពេល​ដែល​បើកបរ​ដល់​ចំណុច​ផ្លូវបំបែក ពេល​ដែល​កាច់ចង្កូត​បត់ ក៏​រលត់​ម៉ាស៊ីន ហើយ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត តូប​លក់​ទូរស័ព្ទ និង ម៉ូតូ​១​គ្រឿង​ទៀត បណ្តាល​ឲ្យ​រថយន្ត​ខូចខាត​ផ្នែក​ខាង​មុខ​យ៉ាងធ្ងន់ធ្ងរ ចំណែក​ខ្លួនឯង​បែកក្បាល​ទៀត ។

លោក យ៉​ន យ៉​ន់ បាន​បន្ត​ថា ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍ កម្លាំង​នគរបាល​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ ធ្វើការ​វាស់វែង​ហើយ​នាំ​យក​រថយន្ត​បង្ក​ទៅ​អធិការ​ដ្ឋាន​នគ​បាល​ស្រុក​មង្គល​បូ​រី ដើម្បី​អនុវត្ត​តាម​និ​តិ​វិធី​ច្បាប់ ៕