ស្ថានទូត​អា​ល្លឺ​ម៉​ង់ បាន​ចូលរួម​រំលែក​ទុក្ខ​និង​គោរព​វិញ្ញាណក្ខន្ធ

​ក្រៅពី​ប្រជាពលរដ្ឋ​ដែល​គោរព​អាណិត​ស្រលាញ់ បាន​នាំ​គ្នា​ទៅ​ចូលរួម​បុណ្យសព​លោក​បណ្ឌិត កែម ឡី គេ​ឃើញ​វត្តមាន​លោក​អគ្គរដ្ឋទូត​អា​ល្លឺ​ម៉​ង់​ប្រចាំ​នៅ​កម្ពុជា និង​ក្រុម​គ្រួសារ ក៏​បាន​អញ្ជើញ​ទៅ​ចូលរួម​រំលែក​ទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​លោក​បណ្ឌិត កែម ឡី ដែរ ។ ក្រៅពី​នោះ​ក៏​មាន​អង្គការ​សង្គម​ស៊ី​វិល ស្ថានទូត​នានា ព្រះសង្ឃ មន្ត្រី​សិទ្ធិ​មនុស្ស​ផង​ដែរ សំដែង​នូវ​សមាន​ទុក្ខ និង​សោកស្តាយ ។

ព្រះ​តេជគុណ លួ​ន សាវ៉ា​ត ជា​ព្រះសង្ឃ​ឯករាជ្យ បាន​មាន​សង្ឃដីកា​ឱ្យ​ដឹង​ថា ការ​ស្លាប់​របស់​លោក​បណ្ឌិត កែម ឡី គឺ​ស្លាប់​ដើម្បី ជាតិ ដើម្បី​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​១៥​លាន​នាក់ ដើម្បី​ទឹកដី សិទ្ធិ​សេរីភាព និង​សន្តិភាព ។ ជីវិត ដែល​មាន​តម្លៃ គឺ​ដូច​ជីវិត​លោក​បណ្ឌិត កែម ឡី អ​ញ្ចឹ​ង ទោះបី​គាត់​ស្លាប់​ក៏​គេ​នៅ​ចង​ចាំ​ជា​ប្រវត្តិសាស្ត្រ ស្លាប់​តែ​រូប​កាយ តែ​កិត្តិនាម កេរ្តិ៍ឈ្មោះ​នៅ​ជា​អម​តះ ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ៗ​ត្រូវ​ចង់​ចាំ​គំរូ​វីរភាព​លោក​បណ្ឌិត កែម ឡី ។

ព្រះ​តេជគុណ​ក៏​បាន​សម្តែង​នូវ​ការ​សោកស្តាយ​ដែល​បាន​បាត់​លោក​បណ្ឌិត កែម ឡី ដែល​ជា​អ្នកចេះ​ដឹង និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​ជនពាល​ទុច្ចរិត​ដែល​ចូល​ចិត្ត​ប្រើ​កាំភ្លើង​ដោះស្រាយ​បញ្ហា ចូល​ចិត្ត​ប្រើ​កាំភ្លើង​សម្លាប់​អ្នកចេះ​ដឹង ចូល​ចិត្ត​ប្រើ​កាំភ្លើង​គំរាមកំហែង សូម​បញ្ឈប់​ទៅ ព្រោះ​កាំភ្លើង មិនមែន​ជា​ដំណោះស្រាយ​ដ៏​ល្អ​សម្រាប់​សង្គម​ជាតិ​នោះ​ទេ ៕