អង្គការ​ជប៉ុន​មួយ​កន្លែង ត្រូវ​ចោរ​គាស់​បង្អួច​ចូល​លួច​លុយ ​និង​សម្ភារៈ​គ្មាន​សល់​

អង្គការ​ជប៉ុន​មួយ​កន្លែង ត្រូវ​ចោរ​គាស់​បង្អួច​ចូល​លួច​លុយ ​និង​សម្ភារៈ​គ្មាន​សល់​



​បាត់ដំបង ៖ លុយកាក់ និង​សម្ភារៈ​ជាច្រើន​របស់​អង្គការ​ជប៉ុន​មួយ​កន្លែង ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ គាស់​បង្អួច​ចូល​ទៅ​ប្រមូល​គ្មាន​សល់​អ្វី​បន្តិច​ណា​សោះ ខណៈ​ដែល​ប្រធាន​អង្គការ និង​ម្ចាស់​ជំនួយ​ដេក​ភ្លេច​ដាក់​គន្លឹះទ្វារ ដែល​ជា​ឱកាស​ដ៏​ល្អ​មួយ​សម្រាប់​ជន​មិន​ស្គាល់មុខ​ចូលធ្វើ​សកម្មភាព។​ ការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​នៅ​ក្នុង​ទីតាំង​អង្គការ​ជប៉ុន​មួយ​កន្លែង យីហោ​សមាគម​កប្បាស​កម្ពុជា ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង​ ខេត្ត​បាត់ដំបង កាលពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១៣ ខែ​កក្កដា​ ឆ្នាំ​២០១៦ ដោយ​នៅ​ទី​នេះ​ក៏​មាន​បំពាក់​នូវ​កាមេរ៉ា​សុវត្ថិភាព​ផង​ដែរ។

តាម​ការពិនិត្យ​របស់​សមត្ថកិច្ច​ទៅលើ​កាមេរ៉ា​សុវត្ថិភាព​ដែល​បំពាក់​នៅ​ខាងក្នុង​បរិវេណ​សមាគម គឺ​ជនសង្ស័យ​មានតែ​ម្នាក់​គត់​ ដោយ​គេ​បាន​ផ្លោះ​របង​ចូលទៅក្នុង​បរិវេណ​សមាគម​ជប៉ុន ប៉ុន្តែ​នៅ​ពេល​មកដល់​ខាងមុខ​ គេ​បាន​ដឹង​ថា​មាន​កាមេរ៉ា​សុវត្ថិភាព​ ទើប​ដើរ​ទៅ​ផ្ដាច់​ខ្សែ​លែង​មើល​ឃើញ​តែម្ដង ដោយ​គេ​បាន​ធ្វើ​សកម្មភាព​គាស់​បង្អួច​ដើម្បី​ចូល​ទៅ​លួច​យក​របស់របរ​នៅ​ក្នុង​ផ្ទះ។​ នៅ​ក្នុង​យប់​ថ្ងៃ​កើតហេតុ​នោះ​ អ្នក​ដែល​សម្រាក​នៅ​ខាងក្នុង​សមាគម​គឺ​មាន​លោក​ ភឹង វិសាល ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង​ មានមុខ​ងារ​ជា​ប្រធាន​សមាគម​កប្បាស​កម្ពុជា និង​លោក អាត​សូ​ស៊ី ហ្វូ​រ៉ូ​ហ្សា​វ៉ា​ ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ មាន​មុខ​ងារ​ជា​ម្ចាស់​ជំនួយ​លើ​អង្គការ​នេះ។

ក្រោយពេល​ត្រួតពិនិត្យ​ គឺ​របស់របរ​ដែល​បាត់បង់​រួមមាន អាយ​ផេ​ត​ចំនួន​២​គ្រឿង​ ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​ចំនួន​១​គ្រឿង ឡេ​ប​ថប​ចំនួន​១​គ្រឿង កាមេរ៉ា​ម៉ាក​កាណុង​ចំនួន​១​គ្រឿង លុយ​ដុល្លារ​ចំនួន​១.០០០​ដុល្លារ លុយ​ដុល្លារ​តៃវ៉ាន់​ចំនួន​៥០០​ដុល្លារ​ និង​ប្រាក់​ថៃ​ចំនួន​២៤០០០​បាត។​

បច្ចុប្បន្ន​ក្រោយពេល​កើតហេតុ និង​ក្រោយពេល​ត្រួតពិនិត្យ​ទៅលើ​កាមេរ៉ា​សុវត្ថិភាព​ គួបផ្សំ​ជា​មួយ​នឹង​ប្រភព​នានា​នោះ គឺ​សមត្ថកិច្ច​កំពុង​ធ្វើការ​ដុត​ដៃ ដុត​ជើង ដើម្បី​តាម​ស្រាវជ្រាវ​រុករក​មុខ​សញ្ញា​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់៕

អង្គការ​ជប៉ុន​មួយ​កន្លែង ត្រូវ​ចោរ​គាស់​បង្អួច​ចូល​លួច​លុយ ​និង​សម្ភារៈ​គ្មាន​សល់​

អង្គការ​ជប៉ុន​មួយ​កន្លែង ត្រូវ​ចោរ​គាស់​បង្អួច​ចូល​លួច​លុយ ​និង​សម្ភារៈ​គ្មាន​សល់​

អង្គការ​ជប៉ុន​មួយ​កន្លែង ត្រូវ​ចោរ​គាស់​បង្អួច​ចូល​លួច​លុយ ​និង​សម្ភារៈ​គ្មាន​សល់​