ផឹក​ស៊ី​ទំនាស់​ពាក្យ​សម្ដី ​ចាក់​គ្នា​ឲ្យ​របួស​ ម្ខាង​ដេកពេទ្យ​ ម្ខាង​សមត្ថកិច្ច​ឃាត់ខ្លួន

ផឹក​ស៊ី​ទំនាស់​ពាក្យ​សម្ដី ​ចាក់​គ្នា​ឲ្យ​របួស​ ម្ខាង​ដេកពេទ្យ​ ម្ខាង​សមត្ថកិច្ច​ឃាត់ខ្លួន



កំពត​ ៖​ បុរស​ពីរ​នាក់​ បាន​ផឹក​ស្រា​ជាមួយគ្នា ​ក្រោយ​ពី​ស្រវឹង​រៀង​ៗ​ខ្លួន​ ក៏បាន​ទាស់​ពាក្យ​សម្ដី​គ្នា ធ្វើ​ឲ្យ​បុរស​ម្នាក់​ខឹង​ច្រឡោត​រហូត​ឈាន​ទៅ​ប្រើ​អំពើ​ហិង្សា​ទាញ​កូនកាំបិត​ចុង​ស្រួច ចាក់​ទៅ​លើ​បុរស​ជា​គូ​ទំនាស់​ពាក្យ​សម្ដី​មួយ​កាំបិត បណ្ដាល​ឲ្យ​រង​របួស​ដើមដៃ​ខាងឆ្វេង​ហូរ​ឈាម​ជោក​អាវ ហើយ​​​​រត់​គេច​ខ្លួន​បាត់។ ចំណែក​ជនរងគ្រោះ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​ដើម្បី​សង្គ្រោះ។

ហេតុការណ៍​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់​ ថ្ងៃ​ទី​១១​ ខែ​កក្កដា ​ឆ្នាំ​២០១៦​នៅ​ចំណុច​ផ្ទះ​អ៊ូ នាក់​ ស្ថិត​ក្នុង​ភូមិ​១​ឧសភា សង្កាត់​កំពង់​កណ្ដាល ក្រុង​កំពត។

មន្ត្រី​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ ឈឹម សុខ​ជា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​-​ខេត្ត​កំពត ​ រង​របួស​ចំ​ដើមដៃ​ឆ្វេង។ រីឯ​ជនល្មើស ឈ្មោះ​ជុំ សារុន ហៅ​មិត្ត ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រស់នៅ​ភូមិ សង្កាត់ ជាមួយ​ជនរងគ្រោះ​ដែរ។

មន្ត្រី​នគរបាល​ដដែល បន្ត​ថា ជនរងគ្រោះ និង​ជនល្មើស ជា​មិត្ត​ភក្ដិ​នឹង​គ្នា ខណៈ​ផឹកស៊ី​ជាមួយគ្នា និង​ជាមួយ​មិត្ត​ភក្ដិ​ដទៃ​ទៀត ស្រវឹង​ជោក​ខ្លួន បង្កើត​ទំនាស់​ពាក្យ​សម្ដី​គ្នា ក៏​ធ្វើ​ឲ្យ​ជនល្មើស ឈាន​ទៅ​ធ្វើ​សកម្មភាព ចាក់​លើ​ជនរងគ្រោះ ​១​កូនកាំបិត​ដង​ឈើ ត្រូវ​ចំ​ដើមដៃ​ខាងឆ្វេង បណ្ដាល​ឲ្យ​រង​របួស។ ក្រោយ​កើតហេតុ ជនរងគ្រោះ ត្រូវ​បាន​កម្លាំង​នគរបាល​មូលដ្ឋាន បញ្ជូន​ទៅ​ព្យាបាល​នៅ មន្ទីរពេទ្យ​បង្អែក​ខេត្ត។ ដោយឡែក​ជន​បង្ក​បាន​រត់​គេច​ខ្លួន​បាត់។

មន្ត្រី​នគរបាល​មូលដ្ឋាន​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថាៈ ​ក្រោយ​ពី​មាន​ហេតុការណ៍​ខាង​លើ កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ រហូត​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​នៅ​វេលា​ម៉ោង ៨​យប់ ថ្ងៃ​ទី ១២ ខែ​កក្កដា ឆ្នាំ​២០១៦ នៅ​ចំណុច​ភូមិ​ស្វាយ​ធំ សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ដែល​ផ្ទះ​ជនសង្ស័យ​នៅ​ទីនោះ ហើយ​នាំខ្លួន​មកកាន់​ស្នងការ​ខេត្ត ដើម្បី​ធ្វើការ​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាមច្បាប់៕