ស្ថាប័ន​អប់រំ ៤៤ មកពី​អូស្ត្រាលី​មក​ផ្តល់​យោបល់​ដល់​​និស្សិត​កម្ពុជា​ពី​ជម្រើស​ការសិក្សា​នៅ​អូស្ត្រាលី​

ស្ថាប័ន​អប់រំ ៤៤ មកពី​អូស្ត្រាលី​មក​ផ្តល់​យោបល់​ដល់​​និស្សិត​កម្ពុជា​ពី​ជម្រើស​ការសិក្សា​នៅ​អូស្ត្រាលី​



ភ្នំពេញ ៖ ស្ថាប័ន​អប់រំ ប្រមាណ​៤៤​មកពី​ប្រទេស​អូស្ត្រាលី​កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ បាន​ចូលរួម​នៅ​ក្នុង​ពិព័រណ៍​ការសិក្សា​នៅ​អូស្ត្រាលី​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ​ដើម្បី​ផ្តល់​យោបល់ និង​ការណែនាំ​ជូន​ដល់​សិស្ស និស្សិត និង អាណាព្យាបាល អំពី​ជម្រើស​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី។

ពិព័រណ៍​ការសិក្សា​ប្រចាំ​ឆ្នាំនេះ រៀបចំឡើង​ដោយ ស្ថាប័ន IDP Education និង​ជា​កម្មវិធី​ពិព័រណ៍​ពី​ការសិក្សា​នៅ​អូស្ត្រាលី​លើក​ទី ១៣ សម្រាប់​ឆ្នាំនេះ បាន​ផ្តល់​ជា​វេទិកា​ដ៏​ល្អ​បំផុត សម្រាប់ សិស្ស និស្សិត និង អាណាព្យាបាល ធ្វើ​ការ​ជួប​ផ្ទាល់​ជាមួយ សាលា សាកលវិទ្យាល័យ និង ស្ថាប័ន អប់រំ​ល្បីៗ​មកពី ទូទាំង​អូស្ត្រាលី​។ ស្ថាប័ន​អប់រំ របស់​ប្រទេស​អូស្ត្រាលី​ទាំងនេះ​នឹង ធ្វើ​បទ​បង្ហាញ​ស្តីពី​ជម្រើស សិក្សា​នានា​ចាប់ពី​ថ្នាក់ វិទ្យាល័យ និង ការអប់រំ​ជា​លក្ខណៈ​ជំនាញ ឧ​ត្ត​មសិ​ក្សា និង ថ្នាក់​ក្រោយ​ឧត្ដម​សិក្សា​ផង​ដែរ។

ប្រទេស​អូស្ត្រាលី​បាន​ក្លាយ​ជា​ជម្រើស​ដ៏​ពេញ​និយម​មួយ​សម្រាប់​អ្នក​ចង់​ទៅ​បន្ត​ការ សិក្សា នៅ​បរទេស ដោយសារ​មាន​សិស្ស​និស្សិត​កម្ពុជា​រាប់​រយ​នាក់ ជ្រើស​ទៅ​សិក្សា​នៅ​ទីនោះ ជា​រៀងរាល់ឆ្នាំ​។

លោក ម៉ៅ ស្រេង អគ្គនាយក​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ស្ថាប័ន ​IDP/ACE បាន​មាន ប្រសាសន៍​ថា​«​ពិព័រណ៍​នេះ ​គឺជា​ឱកាស​ដ៏​កម្រ​មួយ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​គ្រប់រូប ទទួល​បាន​ព័ត៌មាន​ពី​ការសិក្សា​ក្រៅ​ប្រទេស»។ លោក​បន្ថែម​ថា «​ដំណើរការ​សមាហរណកម្ម​អាស៊ាន តម្រូវការ​អប់រំ​ដែល​មាន​គុណភាព និង​មាន​លក្ខណៈ​អន្តរជាតិ គឺជា​ទ្រព្យ​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​សិស្ស​និស្សិត​កម្ពុជា​ក្នុង​ការ​ប្រកួតប្រជែង​ក្នុង​ទីផ្សារ​ការងារ​»​។ លោក​ក៏បាន​បន្ត​ទៀត​ថា ដោយ​ហេតុផល​នេះ​ហើយ បច្ចុប្បន្ន​មាន ចំនួន​សិស្ស​និស្សិត​កម្ពុជា​កាន់តែ​ច្រើន​ឡើងៗ បាន​ជ្រើសរើស​យក​ការ​បន្ត​ការសិក្សា​នៅ​ក្រៅ​ប្រទេស ជា​ជម្រើស នៅ​ក្នុង​ផែនការ​សិក្សាអប់រំ​របស់​ខ្លួន ដើម្បី​ប្រកួតប្រជែង​សម្រាប់​ការងារ​ដែល​គេ​ប្រាថ្នា។

មន្ត្រី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា​ផ្នែក ទិដ្ឋាការ ក៏​នឹង​ចូលរួម​ពិព័រណ៍​ការសិក្សា​នេះ​ផង​ដែរ​។ លោកស្រី Fiona Ramsay ប្រធាន​ស្តីទី​ការិយាល័យ​អន្តោប្រវេសន៍ ​នៃ​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា «​ពួក​យើង​ទាំង​អស់គ្នា នឹង​ចូលរួម​ឆ្លើយ​នូវ​សំនួរ​អំពី​លក្ខខណ្ឌ និង​ដំណើរ​ការ​ស្នើរ​សុំ​ទិដ្ឋាការ ជាពិសេស​តាមរយៈ​ដំណើរការ​ដាក់ពាក្យ​អន​ឡាញ​ថ្មី​។ ប្រទេស​អូស្ត្រាលី​បាន​ផ្តល់​ការអប់រំ​ដ៏​មាន​គុណភាព​ក្នុង​គ្រប់​កម្រិតសិក្សា និង​បន្ត​ទទួល​សិស្ស​និស្សិត​បរទេស ដោយ​រួមបញ្ចូល​ទាំង​សិស្ស​និស្សិត​ពី​កម្ពុជា​ផង​ដែរ​»។

មន្ត្រី​មណ្ឌល​ប្រលង IELTS ប្រចាំ​ប្រទេស​កម្ពុជា ក៏​នឹង​ត្រៀមខ្លួន ផ្តល់ ប្រឹក្សា​ពី ការ​ចុះឈ្មោះ​ប្រលង និង​ការ​ត្រៀម​ប្រឡង IELTS​។ ដោយឡែក មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្ដុះបណ្ដាល (ACE) ក៏​នឹង​មាន​វត្តមាន​ក្នុង​កម្មវិធី​នេះ ដើម្បី​ផ្តល់​នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការសិក្សា​ភាសា​អង់គ្លេស ដើម្បី​ត្រៀមខ្លួន​បំពេញ​លក្ខខណ្ឌ​តម្រូវ​របស់​ស្ថាប័ន​អប់រំ​អូស្ត្រាលី។

IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក​ដែល​បាន​ដើរ​តួនាទី​ ក្នុង​ការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី ដែល​មាន​ការិយាល័យ​ចំនួន​ជាង ១០០​កន្លែង ក្នុង​៣០​ប្រទេស​ជុំវិញ​ពិភពលោក ដែល​បាន​ជួយ​សិស្ស​និស្សិត​កម្ពុជា​ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី តាំងពី​ឆ្នាំ ១៩៩៤​។ IDP ក៏​បញ្ជូន សិស្ស និស្សិត ទៅ​សហរដ្ឋអាមេរិក ណូ​វេ​ហ្សេ​ឡង់ ចក្រភព​អង់គ្លេស និង កាណាដា ផង​ដែរ​។ ការ​ប្រឹក្សា នឹង​ការ​បំពេញ​ទម្រង់​បែបបទ​សិក្សា ត្រូវ​បាន​ផ្តល់​ជូន​ដោយ​ស្ថាប័ន IDP ដោយ​ឥតគិតថ្លៃ​។​IDP Education ជា​ស្ថាប័ន​ដែល​បង្កើត​ឡើង​ដោយ សាកលវិទ្យាល័យ ៣៨ របស់​ប្រទេស​អូស្ត្រាលី៕

ស្ថាប័ន​អប់រំ ៤៤ មកពី​អូស្ត្រាលី​មក​ផ្តល់​យោបល់​ដល់​​និស្សិត​កម្ពុជា​ពី​ជម្រើស​ការសិក្សា​នៅ​អូស្ត្រាលី​