យូ អៀងណា ធ្វើ​ការ​ខុស​ជំនាញ​ បាន​ប្រាក់​ខែ​​ជិត​ខ្ទង់​ពាន់​ដុល្លារ​

ការ​ធ្វើ​ការ​ខុស​ជំនាញ​​សិក្សា​​ ធ្វើ​ឲ្យ​អ្នក​ខ្លះ​យល់​ថា​ខាត​បង់​ពេល​វេលា​និង​លុយ​កាក់​ថ្លៃ​បង់​សាលា។ ប៉ុន្តែ​សម្រាប់​​​កញ្ញា​ យូ អៀងណា អតីត​និស្សិត​សាលា PNC ជំនាញ Network និង​បច្ចុប្បន្ន​កំពុង​បម្រើ​ការ​នៅ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឯក​ជន​ក្នុង​ស្រុក និយាយ​ថា សម្រាប់​កញ្ញា​ ការ​ធ្វើ​ការ​ខុស​ជំនាញ​ផ្តល់​ផល​ប្រយោជន៍​ច្រើន​ទៅ​វិញ។

 

យូ អៀងណា ធ្វើ​ការ​ខុស​ជំនាញ​ បាន​ប្រាក់​ខែ​​ជិត​ខ្ទង់​ពាន់​ដុល្លារ​

 

ហ៊ាន​អះអាង​ដូច្នេះ ដោយ​សារ​អៀង​ណា​ យល់​ថា ការ​ធ្វើ​ការ​ខុស​ជំនាញ​អាច​ឲ្យ​បុគ្គល​ខ្លួន​ឯង​រៀន​អ្វី​ថ្មីៗ​មិន​ដដែលៗ។ អ្នក​អាច​រៀន​សូត្រ​ពី​ការងារ​ផ្សេងៗ ដើម្បី​ជា​ទុន​សម្រាប់​បម្រើ​ផល​ប្រយោជន៍​ថ្ងៃ​ក្រោយ ជា​ពិសេស​បើ​ចង់​បើក​ជំនួញ​ផ្ទាល់​ខ្លួន។

 

ជាក់ស្ដែង​ អៀងណា​ ផ្ទាល់ ថា​ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​រយៈ​ពេល​ពីរ​ឆ្នាំ​ផ្នែក Network នៅ​សាលា PNC ខ្លួន​ បាន​ចូល​​ធ្វើ​សាស្ត្រាចារ្យ​បង្រៀន​ផ្នែក Network នៅ​សាលា PNC តែ​ម្តង។ រហូត​ឆ្នាំ ២០១៤ ក៏​លា​ឈប់​ពី​អាជីព​ជា​គ្រូ IT មក​ចូល​បម្រើ​ការ​ផ្នែក Network ​នៅ​ក្រុមហ៊ុន​ឯកជន​ក្នុង​ក្រុង​ភ្នំពេញ បាន​ប្រាក់​ខែ​តែ ១៥០ដុល្លារ​ប៉ុណ្ណោះ។

 

អៀងណា បញ្ជាក់​ថា ព្រោះ​ចង់​បាន​អ្វី​ថ្មីៗ​ហើយ​ណាមួយ​​ការងារ​ខាង​ Network  លំបាក​សម្រាប់​កញ្ញា​ជា​នារី ​ទើប​សុំ​ផ្លាស់​មក​ផ្នែក​គ្រប់គ្រង​ខាង Product ហើយ​បន្ត​ទៀត​គឺ​ផ្នែក Pre Sale រហូត​មក​ដល់​ពេល​បច្ចុប្បន្ន ដោយ​ទទួល​ប្រាក់​ខែ​ជិត​ខ្ទង់​ពាន់​ដុល្លារ។

 

តំណែង​ទាំង​ប៉ុន្មាន​ដែល​បាន​ដូរ​កន្លង​មក​នេះ ត្រូវ​មាន​មូលដ្ឋានគ្រឹះ​ផ្នែក IT ខ្លះ​ដែរ ទើប​ងាយ​ស្រួល​ក្នុង​ការ​ធ្វើ​ការ ពិសេស​​ការងារ​ផ្នែក Pre Sale ខាង​​ប្រឹក្សា​ដល់​អតិថិជន ឲ្យ​ទិញ​ផលិតផល​ខ្លួន (ផលិតផល​ទាក់ទង IT)។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ អៀង ណា។

 

អតីត​និស្សិត Network រូប​នេះ ថា ខ្លួន​ពេញ​ចិត្ត​នូវ​អ្វី​ដែល​បាន​ផ្លាស់​ប្តូរ ព្រោះ​អ្វី​ៗ​ទាំង​នេះ​ធ្វើ​ឲ្យ​​​ខ្លួន​​រីក​ចម្រើន។ មិន​ត្រឹម​តែ​ចេះ​ផ្នែក IT ទេ តែ​​អៀងណា​ ក៏​ទទួល​បាន​ចំណេះ​ផ្នែក​​​ធ្វើ​ជំនួញ​ដែរ។

 

អនាគត​បើ​មាន​លទ្ធភាព អៀងណា នឹង​បង្កើត​ក្រុមហ៊ុន​បច្ចេកវិទ្យា​ផ្នែក​ផ្តល់​សេវាកម្ម ដោយ​បច្ចុប្បន្ន​កំពុង​រៀន​សូត្រ​ពី​ការងារ​របស់​ខ្លួន​បណ្ដើរៗ៕

 

អត្ថបទ៖ ប៉ែត ផាន់និត