ក្រុមម្ចាស់ជើងឯកថៃ បើកឆាកថ្ងៃនេះ មុនពេលកម្ពុជា ត្រូវប៉ះប្រ៊ុយណេ

ក្រុមម្ចាស់ជើងឯក៣សម័យកាលរបស់ថៃ នឹងត្រូវធ្វើការប្រកួតបើកឆាកប្រចាំពូលB ជាមួយក្រុមទីម័រខាងកើត នៃពានរង្វាន់ AFF U16 Championship 2016 នៅពហុកីឡដ្ឋានជាតិ នារសៀលម៉ោង ៣:៣០ ថ្ងៃពុធនេះ គឺមុនពេលក្រុមម្ចាស់ផ្ទះកម្ពុជា ត្រូវប្រកួតជម្រុះលើកទី២ជាមួយក្រុមប្រ៊ុយណេ នាល្ងាចម៉ោង ៦:៣០។

AFFU16C5

គេនៅចាំបានថា U16ជម្រើសជាតិថៃ គឺជាក្រុមតែមួយគត់ ដែលបានយកឈ្នះក្រុមU16អូស្រ្តាលី ៣-២ ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនពេលពួកគេបានបន្តយកឈ្នះក្រុមមីយ៉ាន់ម៉ា ៣-០ វគ្គផ្តាច់ព្រ័ត្រ ដើម្បីលើកពាន AFF U16 Championship 2015 បន្ថែមទៅលើការឈ្នះពាននេះចំនួន២លើកផ្សេងទៀត។

គេនៅមិនទាន់ដឹងថា ក្រុមU16ថៃ នៅតែមានបច្ចេកទេសលេងល្អឬយ៉ាងណានោះទេ ខណៈក្រុមទីម័រខាងកើត ដែលធ្លាប់ចាញ់ថៃ ៣-០ ក្នុងវគ្គជម្រុះតាមពូល កាលពីឆ្នាំ២០១៥នោះ គឺមានទម្រង់លេងល្អជាងមុន ព្រោះការប្រកួតបើកឆាក កាលពីចន្ទ ពួកគេបានលត់ក្រុមប្រ៊ុយណេ ៣-០ ដើម្បីឈរនៅកំពូលតារាងនៃពូលB ជាបណ្តោះអាសន្ន។

ដោយឡែក ការជួបគ្នារវាងក្រុមU16កម្ពុជា ត្រូវបានគេរំពឹងថា ពួកគេនឹងឈ្នះក្រុមU16ប្រ៊ុយណេ ហើយការវាយតម្លៃបែបនេះ ដោយសារតែក្រុមកម្ពុជា បានលត់ក្រុមឡាវ ៣-១ ក្នុងថ្ងៃប្រកួតបើកឆាក បន្ទាប់ពីក្រុមប្រ៊ុយណេ បានចាញ់ក្រុមទីម័រខាងកើត ៣-០។

យ៉ាងណាក៏ដោយលោក Inoue Kazunori គ្រូបង្វឹកក្រុមU16កម្ពុជា មិនទាន់បានបង្ហាញពីការអះអាងណាមួយ ចំពោះការប្រកួតនោះថ្ងៃនេះនោះទេ ដោយលោកបាននិយាយថា៖៖«ក្រុមនីមួយៗសុទ្ធតែលេងតំណាងឲ្យជាតិ ហេតុនេះខ្ញុំគិតថា គ្មានក្រុមណាមួយខ្សោយនោះទេ ព្រោះសុទ្ធតែបានត្រៀមសម្រាប់ការប្រកួតនេះដូចគ្នា ហើយយើងក៏មិនទាន់ដឹងថា យើងធ្វើបានប៉ុន្មាននោះដែរ ប៉ុន្តែអ្វីៗដែលយើងបានរៀបចំ គឺដើម្បីស្វែងរកការឈ្នះ»។

លោក Muhammad Ali Bin Haji Mustapha គ្រូបង្វឹកU16ប្រ៊ុយណេ បាននិយាយថា៖«ការប៉ះក្រុមកម្ពុជា ពិតជាមានការលំបាក ព្រោះកម្ពុជា ជាម្ចាស់ផ្ទះ ដែលអាចមានអាទិភាពច្រើនជាងក្រុមរបស់យើង ប៉ុន្តែខ្ញុំនៅតែមានទំនុកចិត្តកូនក្រុមរបស់ខ្ញុំ។ បើទោះបីជាទម្រង់លេងរបស់ក្រុមយើង ហាក់នៅក្រោមក្រុមផ្សេងៗទៀត តែយើងមិនព្យាយាមលេងការពារច្រើនពេកនោះទេ៕