ធី សុវណ្ណ​ថា ប្រកាស​ឈប់​គាំទ្រ CNRP

រាជធានី​ភ្នំពេញ ៖ ប្រធាន​អង្គការ​យុវជន​កិច្ចការ​សង្គម និង​ជា​អតីត​អ្នក​ធ្វើ​សកម្មភាព​បម្រើ​នយោបាយ​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ កញ្ញា ធី សុវណ្ណ​ថា បាន​ប្រកាស​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) តទៅ​ទៀត​ហើយ តែ​នាង​នៅ​តែ​បន្ត​រិះគន់​រាជរដ្ឋាភិបាល ដើម្បី​ឲ្យ​មានការ​កែទម្រង់ ស្ថាបនា​អភិវឌ្ឍន៍​ប្រទេស​ឲ្យ​កាន់តែ​រីក​ចម្រើន និង​បន្ត​ធ្វើ​សកម្មភាព​មនុស្សធម៌​ជួយ​ជន​រង​គ្រោះ​គ្រប់​ទីកន្លែង ។

ក្រៅពី​ប្រកាស​ឈប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម នៅ​ថ្ងៃ​ទី​១៣ កក្កដា ២០១៦​នេះ ធី សុវណ្ណ​ថា ក៍បាន​ទម្លាយ​ព័ត៌មាន​ជុំវិញ​ទំនាក់ទំនង​ការងារ​រវាង​លោក កែម ឡី និង លោក សមរ​ង្ស៊ី ផង​ដែរ ។

បើ​តាម ធី សុវណ្ណ​ថា អ្នកវិភាគ​សង្គម​និង​នយោបាយ លោក កែម ឡី ធ្លាប់​បាន​លោក​សម រ​ង្ស៊ី និង​ភរិយា​គឺ​លោកស្រី ជូ​ឡុ​ង សូ​ម៉ា​រ៉ា​ប្រមាថមើលងាយ​យ៉ាង​ខ្លាំង ខណៈ​ដែល​លោក​បណ្ឌិត កែម ឡី បាន​សរសេរ​អត្ថបទ «​វិធី​កំណែទម្រង់​ប្រជាធិបតេយ្យ​ផ្ទៃក្នុង​បក្ស​» យក​ទៅ​ជូន​លោក សម រង្សី ពេល​នោះ​លោកស្រី ជូ​ឡុ​ង សូ​ម៉ា​រ៉ា មាន​វត្ត​មាននៅ​ទីនោះ​ដែរ និង​បាន​ផ្តល់​យោបល់​ទៅ​លោក​សម រង្សី ឲ្យ​ដឹកនាំ​បក្ស​បែប​ប្រជាធិបតេយ្យ ចែក​អំណាច​ឲ្យ​ថ្នាក់​ក្រោម​និង​កុំ​ឲ្យ​ផ្តុំ​អំណាច​លើ សម រង្សី និង​លោក កឹ​ម សុខា ស្រាប់តែ​លោកស្រី​ជូ​ឡុ​ង បាន​បោះ​លិខិត​របស់​បណ្ឌិត កែម ឡី ចូល​ក្នុង​ធុងសំរាម​ដោយ​និយាយ​ថា​«​បើ​លោក​ឯង​ខ្លាំង បើក​បក្ស​ឲ្យ​បាន​កៅអី​សិន​ទៅ ចាំ​មក​និយាយ​ជាមួយ​ខ្ញុំ​» ។

ធី សុវណ្ណ​ថា បន្ត​ថា «១​ខែ​ក្រោយមក លោក​បណ្ឌិត កែម ឡី រួម​នឹង​បណ្ឌិត​ជា​ច្រើន​ទៀត​ក៏​រៀបចំ​បើក​បក្ស​ថ្មី​១ បច្ចុប្បន្ន​ឈ្មោះ «​បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​» ។ ពេល​នោះ លោក សម រង្សី និង​លោក កឹ​ម សុខា រិះគន់​និង​ចោទ​ថា ការ​បើក​បក្ស​របស់​ក្រុម​បណ្ឌិត​ថា ជា​បក្ស​អា​យ៉ង​របស់ CPP ដោយ​មាន CPP នៅ​ពីក្រោយ ដើម្បី​បំបែក​សម្លេង CNRP...​។ បន្ទាប់​មក ក៏​មាន​សកម្មជន CNRP ជា​ច្រើន​ជេរ​ប្រមាថ បណ្ឌិត កែម ឡី និង​បណ្ឌិត​ជា​ច្រើន​ទៀត​ថា បណ្ឌិត​លក់​ក្បាល​បណ្ឌិត​ខួរ​ឆ្កែ បណ្ឌិត​ចោលម្សៀត​.... និង​ពាក្យ​អសុរោះ​ជា​ច្រើន​ទៀត ។

នៅ Facebook ដដែល ធី សុវណ្ណ​ថា បាន​សរសេរ​ទៀត​ថា «​លោក​បណ្ឌិត កែម ឡី ក៏​បាន​រិះគន់​លោក សម រង្សី ថា​ជា «​អ្នកក្លាហាន​ក្នុង​ស្នូក​» ឬ «​អ្នកនយោបាយ​អង្ករ​កំប៉ុង​» និង​និយាយ​ថែម​ទៀត​ថា «​បើ​លោក​សម រ​ង្ស៊ី បាន​កាន់​អំណាច​គឺ​នឹង​ផ្តាច់​ការ​ជាង​លោក ហ៊ុន សែន​ទៀត​» ។

មក​ដល់​វេលា​ម៉ោង​២​និង​២៥​នាទី​រសៀល​ថ្ងៃ​ទី​១៣ កក្កដា​ដដែល​នេះ មិន​ទាន់​មាន​ប្រតិកម្ម​តប​ភ្លាម​ៗ​នៅឡើយ​ទេ ពី​មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ ៕